សមាជិក ប.ស.ស.មានជំងឺ ឬរងភាពពិការអស់សមត្ថភាពរកប្រាក់ចំណូល ឬរកបានប្រាក់ចំណូលទាបជាង ចំណូលដែលកំណត់ក្នុងខ្សែបន្ទាត់ភាពក្រីក្រនឹងទទួលបានប្រាក់សោធនទុព្វលភាពពី ប.ស.ស.។
ប.ស.ស. បានបញ្ជាក់ថា ប្រាក់សោធនទុព្វលភាព គឺជាប្រាក់ដែលទទួលបាននៅពេលសមាជិក ប.ស.ស. មានជំងឺ
ឬរងភាពពិការនាំឱ្យអស់សមត្ថភាពរកប្រាក់ចំណូល ឬរកបានប្រាក់ចំណូលទាបជាងចំណូលដែលកំណត់ក្នុងខ្សែបន្ទាត់ភាពក្រីក្រដែលអត្ថប្រយោជន៍ត្រូវទទួលបានរួមមាន ទទួលបានប្រាក់សោធនទុព្វលភាព(មិនរង់ចាំដល់អាយុចូលនិវត្តន៍) ជាប្រចាំខែ (១ខែ បើកជូន ២ដង)។ ទទួលបានអ្នកថែរក្សា បន្ថែមជាមួយនឹងទឹកប្រាក់ ៥០% នៃប្រាក់សោធនទុព្វលភាពករណីមិនអាចមើលថែខ្លួនបាន។ ទទួលបានការព្យាបាល និងថែទាំសុខភាពក្នុងមន្ទីរពេទ្យដៃគូ ប.ស.ស. ដោយឥតគិតថ្លៃ និងទទួលបានប្រាក់វិភាជន៍បូជាសព និងសោធនឧត្តរជីវី នៅពេលទទួលមរណភាព។
ប.ស.ស. បានបន្ថែមថា ដើម្បីទទួលបានប្រាក់សោធនទុព្វលភាព សមាជិក ប.ស.ស.ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោមមានដូចជា បានចុះបញ្ជីផ្នែកប្រាក់សោធននៅ ប.ស.ស. បានបង់ភាគទានយ៉ាងតិច ៦០ខែ មុនកាលបរិច្ឆេទរងទុព្វលភា និងមានជំងឺ ឬរងភាពពិការនាំឱ្យអស់សមត្ថភាពរកប្រាក់ចំណូល។គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គមមានសមាជិកចំនួន២,២លាននាក់ក្នុងចំ
ណោមនោះសមាជិក ប.ស.ស.ជាបុគ្គលស្ថិតក្រោមវិស័យសាធារណៈជាង៤៣ម៉ឺននាក់ បុគ្គលស្ថិតក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារជាង១,៥លាននាក់ និងបុគ្គលស្វ័យនិយោជន៍ ២២ម៉ឺននាក់ ព្រមទាំងអ្នកក្នុងបន្ទុកសមាជិកប.ស.ស.៦,៦ម៉ឺននាក់ដែលកំពុងមានសិទ្ធិទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម៕