


សាធារណរដ្ឋកូរ៉េ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ, ក្រុមការងារESEA ព្រមទាំងសមាគមខ្មែរ និងសហគមន៍ខ្មែរ បានរៀបចំកម្មវិធីអបអរសាទរ “សង្ក្រាន្តខ្មែរនៅសាធារណរដ្ឋកូរ៉េ” សរុបចំនួន ១០ទីតាំង មានអ្នកចូលរួមប្រមាណជាង ១ម៉ឺននាក់ក្នុងរយៈពេលជាង២០ថ្ងៃ គិតចាប់ពីថ្ងៃទី ២៣ ខែមីនា រហូតដល់ថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៥ នេះ ។
ការរៀបចំសង្ក្រាន្តនៅតាមតំបន់នានាសរុប ១០ទីតាំងនេះរួមមាន ៖ តំបន់មីយាំង, តំបន់ហ្វាសង់ (២ទីតាំង), តំបន់ជេជូ, តំបន់ថេហ្គូ, តំបន់អឺយចុងប៊ូ (៣ទីតាំង), តំបន់អានសាន (២ទីតាំង), តំបន់ក្វាងជូតូច, តំបន់គីមហ៊េ និងតំបន់ក្វាងជូធំ (៣ទីតាំង) នៃសាធារណរដ្ឋកូរ៉េ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីបងប្អូនអាណិកជនខ្មែរ ពលករ ពលការិនី និងនិស្សិតខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សារៀនសូត្រនៅសាធារណរដ្ឋកូរ៉េ ។
កម្មវិធីសង្ក្រាន្តខ្មែរនៅសាធារណរដ្ឋកូរ៉េ ចាប់ផ្តើមដោយពិធីសាសនា ស្របទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ ការលេងល្បែងប្រជាប្រិយខ្មែរដូចជា បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ និងលាក់កន្សែង ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង ។ កម្មវិធីនេះ ក៏មានការដាក់បង្ហាញនូវស្តង់ម្ហូបអាហារខ្មែរ សម្លៀកបំពាក់ប្រពៃណីខ្មែរ និងផលិតផលខ្មែរជាច្រើនផងដែរ ។
តាមការគ្រោងទុកការរៀបចំកម្មវិធី “សង្ក្រាន្តខ្មែរនៅសាធារណរដ្ឋកូរ៉េ” នឹងសហការរៀបចំនៅតាមតំបន់ផ្សេងៗជាបន្តបន្ទាប់ទៀត ដើម្បីឱ្យបងប្អូនពលករ ពលការិនី និស្សិត ក៏ដូចជាសហគមន៍ខ្មែរនៅទីនោះ មានឱកាសបានចូលរួមកម្មវិធីសង្ក្រាន្តឆ្នាំថ្មី ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដូចនៅស្រុកកំណើត ។
គួរបញ្ជាក់ផងដែរថា ក្រុមការងារ ESEA គណៈកម្មាធិការគណបក្សនៅសាធារណរដ្ឋកូរ៉េ សមាគមខ្មែរ និងសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ តែងតែសហការរៀបចំកម្មវិធីសង្ក្រាន្តខ្មែរនៅសាធារណរដ្ឋកូរ៉េជារៀងរាល់ឆ្នាំ ជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅទីនោះ ក្នុងបំណងដើម្បីបង្កើននូវភាពសប្បាយរីករាយក្នុងការអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្លួន ៕