រុស្ស៊ី​ ស្វែង​រក​ឱកាស​វិនិយោគ​លើ​វិស័យ​ស្វាយចន្ទី​​កម្ពុជា​

2026-02-24
32

សមាគមស្វាយចន្ទីកម្ពុជា នៅថ្ងៃទី ​២២ ខែកុម្ភៈ ឆ្នាំ ២០២៦​ បានជួប​ប្រជុំជាលើកដំបូង​ជា​មួយ​ក្រុមហ៊ុន Siberian Cedar Eco-Factory, LLC មានមូលដ្ឋាននៅប្រទេសរុស្ស៊ី ​ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ ​និង​លទ្ធភាពវិនិយោគនៅក្នុងឧស្សាហកម្មស្វាយចន្ទីរបស់កម្ពុជា។​

ជំនួបនេះឆ្លុះបញ្ចាំងពីការចាប់អារម្មណ៍កាន់តែខ្លាំងពីអន្តរជាតិលើវិស័យស្វាយចន្ទីរបស់កម្ពុជា និង​បញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការពង្រឹងការបង្កើតតម្លៃបន្ថែម និងទាក់ទាញ​ការ​វិនិ​យោគ​បរទេសមកក្នុងឧស្សាហកម្មមួយនេះ។​

​ក្រុមហ៊ុន Siberian Cedar Eco-Factory, LLC មានការិយាល័យ ​និង​រោងចក្រនៅទូទាំងអាស៊ីកណ្តាល និងម៉ុងហ្គោលី បានបង្ហាញចំណាប់អារម្មណ៍​ក្នុងការបញ្ជាទិញ​គ្រាប់ស្វាយចន្ទី​កែច្នៃ​ប្រភេទ​ W180 ពីកម្ពុជា​ ដែលជាប្រភេទគ្រាប់ត្រូវបានទទួល​ស្គាល់យ៉ាងទូលំទូលាយ​ថា​មានគុណ​ភាព​ល្អឥតខ្ចោះ និង​មានតម្លៃអាហារូបត្ថម្ភខ្ពស់។​

​លោក Alexey Alpert អគ្គនាយកក្រុមហ៊ុន Siberian Cedar Eco-Factory, LLC បានលើកឡើងថា ការស្នើទិញនេះគឺជាជំហាន​ដំបូងនៃយុទ្ធសាស្ត្រ​ពង្រីកផលិត​ផល​ឱ្យ​មានភាពចម្រុះ​ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសកលដែល​កំពុងកើនឡើងសម្រាប់​គ្រាប់ធញ្ញ​ជាតិកម្រិតខ្ពស់។ ក្រុមហ៊ុនរុស្ស៊ីមួយនេះក៏បានបង្ហាញ​ផែនការវិនិ​យោគ​លើរោងចក្រកែច្នៃដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជាផងដែរ។​

ការវិនិយោគដែល​បានស្នើឡើងនឹងផ្តោតលើការធ្វើទំនើបកម្មឧបករណ៍ ​ការកែលម្អប្រសិទ្ធភាពប្រតិបត្តិការ និងការពង្រឹង​ប្រព័ន្ធត្រួតពិនិត្យគុណភាព។

ក្រុមហ៊ុនបានឱ្យដឹងថា ​ការធ្វើឱ្យប្រសើរឡើង​បែប​នេះនឹង​អនុញ្ញាតឱ្យខ្លួនអាចប្រមូលទិញ និងកែច្នៃគ្រាប់ស្វាយចន្ទីលំដាប់ខ្ពស់​កាន់តែមាន​ប្រសិទ្ធភាព ខណៈដែលជួយគាំទ្រដល់ចីរភាព ​និង​កំណើនសេដ្ឋកិច្ចក្នុងស្រុក។

​លោក Alexey Alpert ក៏បានស្នើសុំការគាំទ្រពី​សមាគមស្វាយចន្ទីកម្ពុជា ក្នុងការ​ជួយ​សម្របសម្រួលណែនាំទៅកាន់សមាជិកអ្នកកែច្នៃដែលត្រូវបានជ្រើសរើស ដើម្បីស្វែង​រកភាព​ជាដៃគូសក្តានុពល។

ក្រុមហ៊ុនក៏មានបំណងរៀបចំការសិក្សាពីលទ្ធភាពឱ្យបានទូលំទូលាយ ដើម្បីវាយ​តម្លៃលើឱកាស​នៃកិច្ចសហការ ​និង​ទស្សនវិស័យវិនិយោគរយៈពេលវែង។​

​ប្រសិនបើដំណាក់កាលដំបូងទទួលបានជោគជ័យ ក្រុមហ៊ុន Siberian Cedar Eco-Factory មាន​ចក្ខុ​វិស័យ​ក្នុងការ​បង្កើតរោងចក្រកែច្នៃដ៏ទំនើបមួយនៅក្នុងសួនឧស្សាហកម្មស្វាយចន្ទី ក្នុងខេត្តកំពង់ធំ។​

​លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ​មានប្រសាសន៍ថា ​សមាគមស្វាយចន្ទី ​រង់ចាំបម្រើការជា​ស្ពាន​ចម្លងរវាង​កសិករ អ្នកទិញ និង​អ្នកកែច្នៃ។ ​

​យោងតាម​សមាគមស្វាយចន្ទី​កម្ពុជា នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកចំណូលបាន ​១,៥ ​ពាន់លាន​ដុល្លារ ​ពីការនាំចេញគ្រាប់​ស្វាយ​ចន្ទីឆៅ ១ លានតោន​ កើនឡើង ២៧% ធៀបនឹងឆ្នាំ ២០២៤៕​