សម្តេធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំស្ថានទូត និងក្រុមការងារចុះជួយនៅប្រទេសជប៉ុនរៀបចំពិធីបុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌនៅប្រទេសជប៉ុន ឱ្យបានច្រើនទីកន្លែង ជាពិសេសតាមបណ្តាតំបន់ដែលមានបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែររស់នៅច្រើន ដោយសម្តេធិបតីបញ្ជាក់ថាព្រឹត្តិការណ៍ជួបជុំសម្រាប់បងប្អូនសហគមន៍ពលករ និងនិស្សិតខ្មែរដែលរស់នៅ និងធ្វើការនៅប្រទេសជប៉ុនមានចំនួនតិចនៅឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ដូច្នេះក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនក្នុងឱកាសសម្តេចធិបតីចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ដើម្បីជាការឆ្លើតតបនឹងសំណូមពររបស់បងប្អូនខ្មែរដែលធ្វើការ និងស្នាក់នៅប្រទេសជប៉ុន សម្តេធិបតី បានណែនាំស្ថានទូត និងក្រុមការងារចុះជួយនៅប្រទេសជប៉ុនរៀបចំបង្កើនកម្មវិធីជួបជុំដូចជា ពិធីបុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌនៅប្រទេសជប៉ុន ឱ្យបានច្រើនទីកន្លែង ជាពិសេសតាមបណ្តាតំបន់ដែលមានបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែររស់នៅច្រើនដើម្បីបងប្អូនដែលស្នាក់នៅទីនោះ ចូលរួមសប្បាយរីករាយជាមួយនឹងពីធីបុណ្យប្រពៃណីខ្មែរទាំងអស់គ្នា និងពង្រឹងចំណងមិត្តភាព សាមគ្គីភាព ភាពស្និតស្នាលរវាងខ្មែរ និងខ្មែរ។ សម្តេចធិបតីបន្ថែមថា៖ « ហើយនាំក្រុមសិល្បករល្បីៗមករាំលេងបានសប្បាយ។ បងប្អូនធ្វើការហត់ អ៊ីចឹងយើងជួបជុំគ្នា»។
ក្នុងឱកាសនៃការជួបជុំសំណេះសំណាលយ៉ាងសប្បាយរីករាយនេះ សម្តេចធិបតីក៏បានផ្តាំផ្ញើដល់បងប្អូនពលករខ្មែរ ពេលធ្វើការយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត ពេលចប់ពីការងារយើងជួបជុំលំហែរ និងសប្បាយរីករាយទំាងអស់គ្នា។ លើសពីនេះទៅទៀត មិនត្រឹមតែបងប្អូនក្នុងស្រុកទេ បងប្អូនក្រៅស្រុកក៏អាចចូលរួមសប្បាយជាមួយបុណ្យប្រពៃណីជាតិខ្មែរសំខាន់ៗបានផងដែរ ពោលគឺរាជរដ្ឋាភិបាលនឹងបង្កើនព្រឹត្តិការណ៍ជួបជុំឱ្យបានច្រើនសម្រាប់បងប្អូន។