ណែនាំ​ឲ្យចិញ្ចឹម​គោពូជថ្មីមកពីប្រេស៊ីល មានការលូតលាស់លឿននិងមានទីផ្សារខ្ពស់

2023-12-18
2581

ម្ចាស់កសិដ្ឋានភ្នំព្រះមានជ័យស្ថិតនៅភូមិអន្លងត្រាចឃុំថ្មពួកស្រុកថ្មពួកខេត្តបន្ទាយមានជ័យបានណែនាំឱ្យប្រជាពលរដ្ឋងាកមកចិញ្ចឹមពូជគោថ្មីនាំចូលមកពីប្រទេសប្រសស៊ីលដែលមានការលូតលាស់ធំធាត់លឿនធន់នឹងជម្ងឺគ្រប់ប្រភេទ និងមានតម្រូវការទីផ្សារខ្ពស់ទាំងក្នុងស្រុកនិងក្រៅស្រុក។

លោក រស់ មុនិន្ទ ម្ចាស់កសិដ្ឋានភ្នំព្រះមានជ័យ បានមានប្រសាសន៍ថា គោពូជថ្មីនាំចូលមកពីប្រទេសប្រេស៊ីលនេះមានឈ្មោះ​ថាពូជគោសេណេប៉ូលមានកូនទម្ងន់ល្មម ងាយស្រួលកើតទោះមេតូចធំក្តី ប៉ុន្តែក្រោយកើតការលូតលាស់ធំធាត់​លឿន ធន់នឹងជម្ងឺគ្រប់ប្រភេទ ចរិកស្លូត និស្ស័យល្អ ងាយចិញ្ចឹម ធន់នឹងកម្ដៅ ស្បែកក្រាស ធន់ជំងឺ និងសត្វល្អិត គោញីអត្រាមានកូនខ្ពស់ គោឈ្មោលទឹកកាមមានគុណភាពខ្ពស់ផលិតទឹកដោះបានច្រើននិងអត្រាកូនកាត់ទៅបា សេណាប៉ូលចន្លោះពី៨០% ទៅ ១០០%។

លោកបានបន្តថា ជាងនេះទៅទៀតវាមានគ្រោងឆ្អឹងធំ សាច់ទន់មិនមានស្នែងអត់មានបូកប៉ុន្តែមានសាច់ល្អពិសេសវា មានសក្តានុពលទីផ្សារខ្ពស់។

លោកបានបន្តទៀតថា ពូជគោថ្មីនេះទើបនាំចូលប្រទេសកម្ពុជាបាន ៣ ខែប៉ុណ្ណោះហើយការនាំចូលពូជគោថ្មីនេះដោយសារតែបច្ចុប្បនេះបញ្ហាទីផ្សារគោនៅកម្ពុជាមិនមានអំណោយផលល្អ ហើយពូជគោថ្មីនេះនាំចូលមេជីវីតមកបង្កាត់ជាមួយ​គោក្នុងស្រុកព្រោះថាពូជគោនេះវាសមស្របទៅនឹងអាកាសធាតុនៅក្នុងប្រទេសកម្ពុជា។ វាធន់កម្តៅ ការលូតលាស់លឿន មិនរើសមេដោយសារកូនតូចល្មមមានទ្រវែងជើងខ្លីមិនមានស្នែងនិងមិនរើសចំណីទេ។

លោកបានណែនាំឱ្យកសិករមានការកែប្រែពូជគោ ព្រោះថាការចិញ្ចឹមគោត្រូវតម្រូវទៅតាមទីផ្សារមិន​មែនចិញ្ចឹមដើម្បីតម្រូវខ្លួនឯងនោះទេ។ ដូចនេះជ្រើសរើសពូជគោណាដែលងាយស្រួលចិញ្ចឹមនិងងាយស្រួលរកទីផ្សារ។

លោកបានបន្ថែមថា« ប្រជាពលរដ្ឋចិញ្ចឹមពូជនេះទៅបង្កាត់ហើយពេលបង្កាត់បានយើងទិញយកវិញទាំងអស់ដោយមិនមានការព្រួយបារម្ភពីទីផ្សារឡើយខណៈយើងត្រូវការទិញប្រមាណ១ម៉ឺនក្បាលសម្រាបផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញទៅក្រៅប្រទេសហើយកសិដ្ឋានចិញ្ចឹមគោភ្នំព្រះមានជ័យត្រៀមចិញ្ចឹមពូជគោនេះប្រមាណ៣០០ក្បាល»។

លោកបានបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនប៊ីភី បានបង្ហាត់បង្រៀនដល់ប្រជាកសិករអ្នកចិញ្ចឹមគោឱ្យចេះពីរបៀបបង្កាត់សិប្បនិម្មិតគោ របៀបដាក់ស៊ីដាដើម្បីឱ្យគោរកឈ្មោលនៅក្នុងថ្ងៃតែមួយ បង្រៀនពីរបៀបប្រើប្រាស់ថ្នាំនិងបង្រៀនពីរបៀបធ្វើចំណីគោដែលមកដល់ដើមខែធ្នូនេះបានបណ្តុះបណ្តាលដល់ពលរដ្ឋបាន២០លើកដោយមានសិក្ខាកាមចូលរួមសរុប៤២៥នាក់ហើយលោកសង្ឃឹមថាសិក្ខាកាមអាចយកចំណេះដឹងទាំងនេះទៅបង្កាត់គោឱ្យបានល្អទទួលបានគោច្រើនដើម្បីលើកស្ទួយជីវភាពគ្រួសារនិងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចំរើន៕