ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអំពាវនាវដល់សាធារណជនប្រុងប្រយ័ត្នកុំចាញ់បោកបុគ្គលដែលផ្សព្វផ្សាយជ្រើសរើស និងបញ្ជូនពលករឱ្យទៅធ្វើការងារនៅប្រទេសអ៊ីស្រាអែល ដោយឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមិនទាន់បានចុះកិច្ចព្រមព្រៀងក្នុងការបញ្ជូនពលករទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនៅឡើយ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ក្នុងបណ្តាញសង្គមនារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ថា៖ «មុននេះ ខ្ញុំទើបទទួលបានព័ត៌មានអំពីក្មួយៗ និងប្អូនៗករណី បុគ្គលមួយរូបដែលមានឈ្មោះក្នុងតេលេក្រាមថា MEAN Sodara បានបង្កើតតេលេក្រាមកាណាល់មួយឈ្មោះ ISRAEL WORK 2024 ដើម្បីជ្រើសរើស និងបញ្ជូនពលករឱ្យទៅធ្វើការងារនៅប្រទេសអ៊ីស្រអែល ដោយខុសច្បាប់»។
ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមិនទាន់បានចុះកិច្ចព្រមព្រៀងក្នុងការបញ្ជូនពលករទៅធ្វើការនៅប្រទេសអ៊ីស្រអែលនៅឡើយ ពោលគឺប្រទេសទាំង២កំពុងស្ថិតនៅក្នុងដំណាក់កាលពិភាក្សាគ្នានៅឡើយ ហើយការចេញទៅធ្វើការនៅប្រទេសអ៊ីស្រអែលតាមរយៈមេខ្យល់ ឬរូបភាពក្លែងបន្លំឯកសារជាសិស្ស ឬជានិស្សិត គឺជាករណីខុសច្បាប់ និងជាបទល្មើសនៃការជួញដូរមនុស្ស។
ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា៖ «ហេតុដូច្នេះ សូមសាធារណជនមេត្តាជ្រាប និងប្រុងប្រយ័ត្នកុំចាញ់បោកបុគ្គល MEAN Sodara ឬខ្លឹមសារដែលបានផ្សព្វផ្សាយនៅតេលេក្រាមកាណល់ ISRAEL WORK 2024 ឱ្យសោះ។ ក្រសួង កំពុងធ្វើការជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សដើម្បីចាត់វិធានការណ៍ដល់បុគ្គលពាក់ព័ន្ធ»។
ឯកឧត្តមបន្តថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងធ្វើការជូនដំណឹងជាសាធារណៈនៅពេលដែលកម្ពុជាមានកិច្ចព្រមព្រៀង និងយន្តការគ្រប់គ្រង ការពារ និងគាំពារពលករនៅប្រទេសអ៊ីស្រអែលជាផ្លូវការ។
នាយប់ថ្ងៃដដែលនេះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងមួយដើម្បីបង្ការនូវការឆបោករបស់ «ជនខិលខូច» ដោយក្រសួងបញ្ជាក់ជូនសាធារណជនថា កម្ពុជានៅពុំទាន់មានកិច្ចព្រមព្រៀងស្តីពីការបញ្ជូនពលករពីកម្ពុជាទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនោះទេ ដោយបច្ចុប្បន្ន ក្រសួងកំពុងធ្វើការជាមួយភាគីអ៊ីស្រាអែល ដើម្បីពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការជ្រើសរើស និងការបញ្ជូនពលករ។
សេចក្តីជូនដំណឹងនេះបញ្ជាក់ថា៖ «ក្នុងករណីបានឃើញ ឬមានការផ្សព្វផ្សាយជ្រើសរើសពលករទៅបម្រើការងារនៅប្រទេសអ៊ីស្រាអែលក្នុងរូបភាពណាក៏ដោយ សូមមេត្តាជូនដំណឹង ឬរាយការណ៍មកកាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈ Hotline ១២៩៧ ជាបន្ទាន់ ដើម្បីអាចឱ្យក្រសួងពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់»។
ក្រសួងក៏បានអំពាវនាវដល់សាធារណជនបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយចៀសវាងការចាញ់បោក«ជនឆ្លៀតឱកាស»។
កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់សាធារណជនអំពីទីភ្នាក់ងារជ្រើសរើសឯកជនដែលបានទទួលការអនុញ្ញាតឱ្យធ្វើការជ្រើសរើស និងបញ្ជូនពលករ ពលការិនីខ្មែរទៅធ្វើការនៅប្រទេសជប៉ុនដែលមាន៩៨ក្រុមហ៊ុន រដ្ឋកាតាមាន៣៨ក្រុមហ៊ុន តំបន់រដ្ឋបាលពិសេសហុងកុងមាន៩ក្រុមហ៊ុន ម៉ាឡេស៊ីមាន៨៨ក្រុមហ៊ុន សិង្ហបុរីមាន១៩ក្រុមហ៊ុន អារ៉ាប់ប៊ីសាអូឌីតមាន៤០ក្រុមហ៊ុន គូវ៉ែតមាន៣៨ក្រុមហ៊ុន និងថៃមាន៨៩ក្រុមហ៊ុន។
ក្រសួងបញ្ជាក់ក្នុងសេចក្តីជូនដំណឹងថា រាល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងឡាយណាដែលពុំមានឈ្នោះក្នុងបញ្ជីរបស់ក្រសួង គឺចាត់ទុកថាជាទីភ្នាក់ងារជ្រើសរើសឯកជនខុសច្បាប់។
កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហេង សួរ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយនឹងលោក យូក ទុងហាន (Yook Dong Han) អភិបាលក្រុងឈុនឆន់ ខេត្តកាំងវ៉ុននៃធារណរដ្ឋកូរ៉េ ដើម្បីផ្តល់ឱកាសជូនពលរដ្ឋកម្ពុជាដែលមានបំណងទៅធ្វើការជាពលកររដូវកាលនៅសាធារណរដ្ឋកូរ៉េ។ ពិធីចុះអនុស្សរណៈនេះ គឺធ្វើឡើងនៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
ក្រៅពីការជ្រើសរើសពលកររដូវកាល នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យលោកអភិបាលក្រុងពិនិត្យក្នុងការជំរុញឱ្យរោងចក្រ សហគ្រាសក្នុងក្រុងទទួលយកពលករជំនាញរបស់កម្ពុជា (E7)ផងដែរ។
ទន្ទឹមនឹងនោះ លោកអភិបាលក្រុង បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីសម្រាប់កិច្ចសហការ «ប្រកបដោយទំនុកចិត្ត» របស់ក្រសួងនាពេលនេះ ខណៈដែលក្រសួងធ្លាប់មានបទពិសោធន៍គ្រប់គ្រាន់លើការបញ្ជូនពលករទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) រួមទាំងការចុះ MoU ស្តីពីការបញ្ជូនពលកររដូវកាលជាមួយក្រុងនិងស្រុករបស់សាធារណកូរ៉េជាច្រើនមកហើយ។
សូមបញ្ជាក់ថា រាល់ការបញ្ជូនពលករកម្ពុជាទៅក្រៅប្រទេសទាំងអស់ ជាពិសេសសាធារណរដ្ឋកូរ៉េ គឺត្រូវឆ្លងកាត់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានាពីប្រសិទ្ធភាព និងការគាំពារសិទ្ធរបស់ពលករ៕