ក្រុមហ៊ុនខ្នាតយក្សជប៉ុន ​បើកការដ្ឋាន សាងសង់រោងចក្រទី២ នៅថ្ងៃសុក្រនេះ

2024-09-18
29

ក្រុមហ៊ុន Minebea របស់ជប៉ុន នឹងបើកការដ្ឋានសាងសង់រោងចក្រទី២ របស់ខ្លួននៅថ្ងៃសុក្រ ទី ២០ ខែកញ្ញា ឆ្នាំ ២០២៤ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ លើទំហំដី ៥០ ហិកតា។

ពិធីបើកការដ្ឋានសាងសង់ជាផ្លូវការធ្វើឡើង ក្រោមវត្តមានលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។

លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ នេះថា វត្តមានរោងចក្រទី២ របស់ក្រុមហ៊ុន  Minebea នៅលើទឹកដីខេត្តពោធិ៍សាត់ នឹងជួយបង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋឱ្យទទួលបានចំណូលបន្ថែម។

កន្លងមក លោក​ កែវ​ រតនៈ​ រដ្ឋមន្រ្តីក្រសួងរ៉ែ​ និងថាមពលបានលើកឡើងថា រោងចក្រនេះបានដក​ប្រតិបត្តិការ​មួយចំនួនចេញពីប្រទេសសិង្ហបុរីមកម្ពុជា ដោយសម្លឹងឃើញសក្ដានុពល ការគាំទ្រថា​មពលអគ្គិសនី ខណៈកម្ពុជាកំពុងផលិតថាមពលអគ្គិសនីករកើត​ឡើងវិញ​ច្រើនលើសលប់ ដែលមាន​ភាព​ការទាក់ទាញ។

លោក​ កែវ​ រតនៈ បញ្ជាក់ថា ថាមពលកកើតឡើងវិញ ដែលជាថាមពលចេញពីពន្លឺព្រះអាទិត្យ នឹងក្លាយជាជន្ទល់ធ្វើឱ្យរោងចក្រដំណើរការនៅកម្ពុជា។

សូមជំរាបថា ក្រុមហ៊ុន Minebea Mitsumi បានបើកដំណើរការអាជីវកម្ម​របស់ខ្លួនដំបូង​នៅ​កម្ពុជា កាលពី​ឆ្នាំ២០១១ វិនិយោគ​លើមុខសញ្ញាផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រឿងបំណែក​ម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទ ប៊ិកអេឡិច​ត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ គ្រឿងបង្គុំ​សៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធ​អំពូលភ្លើងសាធារណៈឆ្លាតវៃ។

បច្ចុប្បន្នក្រុមហ៊ុន Minebea នៅរាជធានីភ្នំពេញ កំពុងផ្ដល់ឱកាស​ការងារជូនប្រជាពលរដ្ឋជិត ៧ ពាន់នាក់។ ហើយរោងចក្រថ្មីនេះ នឹងបង្កើតការងារបានប្រមាណ ៨ ពាន់កន្លែងបន្ថែមទៀត៕