ក្រសួងការងារ ពង្រីកមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព កើនឡើង ១៣ កន្លែង ដើម្បីសម្រួលដល់អ្នកជំនាញមកធ្វើតេស្ត

2024-09-18
23

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ពង្រីក​មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​កើន​ឡើង​ដល់ ​១៣​ កន្លែង​ហើយ នៅ​ទូទាំង​ប្រទេស​ ដើម្បី​ជួយ​សម្រួល​ដល់​អ្នកមាន​ជំនាញ​បច្ចេកទេស​កំពុង​បម្រើ​ការងារ​នៅ​តាម​រោងចក្រ​សហគ្រាស ​ឬ​ យានដ្ឋាន​នានា ​ដែល​មិនបាន​ឆ្លងកាត់​សាលា​បណ្ដុះបណ្ដាល ​មក​ដាក់​ពាក្យ​ធ្វើតេស្ត ​ដើម្បី​ទទួល​បាន​សញ្ញាបត្រ​ក្លាយជា​អ្នកជំនាញ​ពិតប្រាកដ​សម្រាប់​បំពេញការងារ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​មានប្រសាសន៍​នៅ​ថ្ងៃទី ១៨ កញ្ញា​ នេះ​ថា ​មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​នេះ​បាន​បង្កើត​ឡើង​នៅ​ខែមីនា ​ឆ្នាំ​ ២០២៤​ ថ្មីៗ​ នេះ ​សម្រាប់​ធ្វើតេស្ត​ដល់​អ្នក​ដែលមាន​ជំនាញ​កំពុងធ្វើការ​នៅតាម​ក្រុមហ៊ុន​រោងចក្រ​សហគ្រាស ​ឬ​យានដ្ឋាន​នានា​ ដែល​មិនបាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​នៅតាម​សាលា ​តែ​ពួកគាត់​មាន​បទ​ពិសោធ​ជាច្រើន​ឆ្នាំ​លើ​ជំនាញ​វិជ្ជាជីវៈ។

លោក​បាន​បន្តថា​ សញ្ញាបត្រ​នេះ​មានតម្លៃ​ស្មើនឹង​សញ្ញាបត្រ​ដែល​សាលា​បណ្តុះបណ្តាល​នីមួយៗ ដែរ​ ហើយ​បេក្ខជន​អាច​យកទៅ​ប្រើប្រាស់​សម្រាប់​បំពេញការងារ​ផ្សេងៗ ​ទៅតាម​តម្រូវការ។

លោក កត្តា អ៊ន បាន​បន្ថែមថា ​រហូតមក​ដល់ពេលនេះ ​ក្រសួង​ការងារ​ បាន​ពង្រីក​មជ្ឈមណ្ឌល​នេះ​បាន​ចំនួន​ ១៣ ​កន្លែង ​ក្នុងនោះ​រួមមាន​មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​ព្រះកុសុមៈ មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​អង្គរ មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​តាកែវ មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​បាត់ដំបង មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​ក្រចេះ មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​កំពត មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​សៀមរាប មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​ស្វាយរៀង មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​នៅ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម និង​មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC)​ ជាដើម​ ដោយមាន​អ្នក​ចុះឈ្មោះ​ធ្វើតេស្ត​ចំនួន ៣ ០៤១ នាក់។

លោក កត្តា អ៊ន បាន​បញ្ជាក់​ថា​ ការវាយតម្លៃ​សមត្ថភាព​សម្រាប់​អ្នកមាន​ជំនាញ​មិន​ធ្លាប់​ឆ្លងកាត់​សាលា​នេះ​ ពិត​ជា​មាន​សារសំខាន់​ណាស់​ ព្រោះថា​ពួកគាត់​មិន​ត្រឹមតែ​មានការ​ទទួលស្គាល់​ត្រឹមត្រូវ​ដោយ​ក្រសួង​ប៉ុណ្ណោះ​ទេ ​គាត់​អាច​រៀន​ជំនាញ​នេះ​បន្ថែមទៀត​ ដើម្បី​ទទួលបាន​កម្រិត​បណ្តុះបណ្តាល​ខ្ពស់​ជាង​មុន ​ទទួលបាន​ប្រាក់ខែ​ខ្ពស់ជាង​មុន​ផងដែរ។

លោក កត្តា អ៊ន បាន​លើកទឹកចិត្ត​ដល់​អ្នកមាន​ជំនាញ​បច្ចេកទេស​កំពុង​ប្រើ​ការងារ​នៅតាម​រោងចក្រ​សហគ្រាស ​ឬ ​យានដ្ឋាន​នានា ​ដែល​មិនបាន​ឆ្លងកាត់​សាលា​បណ្តុះបណ្តាល ​អញ្ជើញ​មក​ដាក់ពាក្យ​ធ្វើតេស្ត​ដោយ​ឥតគិតថ្លៃ​នៅ​មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព ​ដើម្បី​ទទួលបាន​សញ្ញាបត្រ​ក្លាយជា​អ្នក​ជំនាញ​ពិតប្រាកដ​សម្រាប់​បំពេញការងារ៕