នៅក្នុងការចរចារប្រាក់ឈ្នួលអប្បបរមាកម្មករនយោជិតឆ្នាំ២០២៤ កាលពីសប្តាហ៍មុន ភាគីសហជីពបានស្នើតួលេខ ២១៥ដុល្លារ រីឯភាគីនិយោជកស្នើតួលេខត្រឹមតែ ២០១ដុល្លារ ខណៈភាគីរាជរដ្ឋាភិបាលលើកឡើងថា នឹងខិតខំសម្របសម្រួលដើម្បីឱ្យភាគីទាំង២កាន់តែកែសម្រួលគោលជំហររបស់ខ្លួនឱ្យកាន់តែកៀកប្រហាក់ប្រហែលគ្នា។
កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបើកកិច្ចប្រជុំជាលើកទី៣ ដើម្បីពិភាក្សាអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ឯកឧត្តម ហេង សួរ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំនេះថា ការស្នើតួលេខនេះគឺជាគោលជំហរដំបូងរបស់ភាគីនីមួយៗ ហើយឯកឧត្តមជឿជាក់ថា នៅក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ ភាគីទាំង២នឹងពិចារណា ហើយនិងអាចកែសម្រួលនូវតួលេខនេះជាបណ្តើរៗថែមទៀត។
ឯកឧត្តមមានប្រសាសន៍ថា៖ «ភាគីក្រសួង ក៏ដូចជាភាគីរាជរដ្ឋាភិបាលនឹងខិតខំសម្របសម្រួលដើម្បីឱ្យភាគីទាំង២ កាន់តែយល់គ្នា កាន់តែកែសម្រួលគោលជំហររបស់ខ្លួននេះឱ្យវាកាន់តែកៀកប្រហាក់ប្រហែលគ្នាមុននឹងយើង មុននឹងយើងសម្រេចទៅដល់ការបោះឆ្នោត ឬមួយក៏យើងឯកភាពគ្នាជាឯកច្ឆ័ន្ទនៅមុនពេលភ្ជុំបិណ្យខាងមុខនេះ»។
របាយការណ៍ក្រសួងការងារបានបង្ហាញថា ការធ្លាក់ចុះតម្រូវការសកលរបស់វិស័យកាត់ដេរបាននាំឱ្យការនាំចូលវត្ថុធាតុដើមរបស់ប្រទេសប្រកួតប្រជែងរបស់កម្ពុជាទាំងអស់បានធ្លាក់ចុះក្នុងឆ្នាំ២០២២ ដែលបង្ហាញពីភាពមិនប្រាកដប្រជានៃវិស័យនេះក្នុងឆ្នាំ២០២៣។
ឯកឧត្តម ហេង សួរ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំកំណត់ប្រាក់ឈ្មួលអប្បបរិមានេះលើកទី២ កាលពីចុងខែសីហាថា ក្នុងដំណាក់កាលចុងក្រោយនេះ ជាចរន្តសកល គ្រប់ប្រទេសទាំងអស់គឺការនាំចេញសម្លៀកបំពាក់ថយចុះ សូម្បីតែវៀតណាម ឥណ្ឌូនេស៊ី បង់ក្លាដែស និងស្រីលង្កាដែលជាប្រទេសដែលធ្លាប់តែនាំចេញសម្លៀកបំពាក់ធំៗគឺប្រឈមទៅនឹងការធ្លាក់ចុះក្នុងកម្រិតមួយប្រហាក់ប្រហែលកម្ពុជា។
ឧកញ៉ា គង់ សាង ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងជាសមាជិកស្ថាបនិកនៃសមាគមឧកញ៉ាកម្ពុជា លើកឡើងថា៖ «ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ការនាំចេញបានថយចុះជាង១៨ភាគរយ ធៀបទៅនឹងឆ្នាំកន្លងទៅ ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ហើយការព្យាករណ៍សម្រាប់ឆមាសទី២ គឺថាស្ថានភាពនឹងមិនមានការប្រែប្រួលជាវិជ្ជមានច្រើននោះទេ ដោយសារសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងអឺរ៉ុបអាចត្រូវការរយៈពេលយូរបន្តិចក្នុងការងើបឡើងវិញ»។
ឧកញ៉ា គង់ សាង លើកឡើងដូច្នេះក្នុងកិច្ចពិភាក្សា ក្នុងវេទិកាធុរកិច្ចកម្ពុជាឆ្នាំ២០២៣ ដែលសហការរៀបចំដោយសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតជិត២ម៉ឺននាក់ មកពីរោងចក្រនានាក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ បានប្រគល់ភារៈកិច្ចឲ្យក្រសួងការងារនៅក្នុងឆ្នាំ២០២៣ ត្រូវខិតខំសម្របសម្រួលការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឱ្យបានល្អ ដោយឈរលើលក្ខណៈវិទ្យាសាស្ត្រ និងលក្ខណៈវិនិច្ឆ័យ ដែលមានចែងក្នុងច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមាឲ្យបានមុនពេលឈប់សម្រាកបុណ្យភ្ជុំបិណ្យ។
សម្តេចធិបតីមានប្រសាសន៍ថា៖ «ត្រូវធ្វើឱ្យលឿន ធ្វើម៉េចឲ្យប្រជាពលរដ្ឋបានដឹងថា ឆ្នាំ២០២៤ បានឡើងអប្បបរមា។ ពេលភ្ជុំបិណ្ឌ គាត់អាចទៅប្រាប់ឪពុកម្ដាយគាត់ឆ្នាំក្រោយបានឡើងប៉ុណ្នឹង។ ឲ្យបាន តិចច្រើនត្រូវតែឡើងជូនបងប្អូនប្រជាពលរដ្ឋ»។
គួរបញ្ជាក់ថា ការកំណត់ប្រាក់ឈ្នួលអប្បបរមារកម្មករនយោជិតត្រូវធ្វើឡើងដោយផ្អែកលើលក្ខណវិនិច្ឆ័យបែបសង្គមនិងសេដ្ឋកិច្ចចំនួន៧ផងដែរ រួមមាន ទី១ស្ថានភាពគ្រួសារ, ទី២អត្រាអតិផរណា, ទី៣ការចំណាយក្នុងការរស់នៅ, ទី៤ផលិតភាព, ទី៥ភាពប្រកួតប្រជែងរបស់ប្រទេស, ទី៦ស្ថានភាពទីផ្សារការងារ, និងទី៧កម្រិតចំណេញរបស់វិស័យ។
ក្នុងពិធីសំណេះសំណាលរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងកម្មករ និយោជិតចំនួនជិត២ម៉ឺននាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៩ កញ្ញា ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា ប្រាក់ឈ្នួលអប្បបរមាកម្មករនយោជិតបានកើនពី៤០ដុល្លារនៅឆ្នាំ១៩៩៧ ដល់២០០ដុល្លារក្នុងឆ្នាំ២០២៣ ដោយបូករួមអត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតអាចទទួលបានពី២១៧ដុល្លារទៅ២៥៩ដុល្លារក្នុង១ខែ។
ឯកឧត្តមបន្ថែមថា បើប្រៀបធៀបប្រាក់ឈ្នួលអប្បបរមានៅកម្ពុជាជាមួយនឹងបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់ កម្ពុជាមានប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងបណ្ដាប្រទេសមួយចំនួន។ ជាក់ស្ដែងនៅប្រទេសវៀតណាមគឺមានចំនួនចន្លោះពី១៣៨ដុល្លារទៅ១៩៨ដុល្លារប៉ុណ្ណោះ។ ប្រទេសស្រីលង្កាមានត្រឹមចំនួន៣៦ដុល្លារ បង់ក្លាដែស៧៦ដុល្លារ ប្រទេសឡាវ៧១ដុល្លារ និងប្រទេសមីយ៉ាន់ម៉ាត្រឹមតែ៦៩ដុល្លារ ប៉ុណ្ណោះ។