បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួនជាង ៩២ ០០០នាក់ បានចុះឈ្មោះចូលជាសមាជិកប.ស.ស. ក្នុងរយៈពេល៣០ថ្ងៃដំបូង បន្ទាប់ពីប.ស.ស.បានបើកយុទ្ធនាការចុះផ្សព្វផ្សាយដោយផ្ទាល់អំពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.។
យុទ្ធនាការផ្សព្វផ្សាយនេះបានចាប់ផ្តើមកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺ១ថ្ងៃ ក្រោយពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.។
យុទ្ធនាការផ្សព្វផ្សាយនេះបានបិទបញ្ចប់កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ហើយក្នុងរយៈពេលត្រឹមតែ៣០ថ្ងៃប៉ុណ្ណោះ ប.ស.ស. បានចុះផ្សព្វផ្សាយដោយផ្ទាល់ដល់ប្រជាពលរដ្ឋដែលជាអាជីវករ អ្នករត់ម៉ូតូកង់បី អ្នករត់ម៉ូតូឌុប កម្មករនិយោជិត រួមទាំងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. សរុបប្រមាណជា ១ ៣៦៤ ៥៤១នាក់ ស្មើនឹង ៤ ៥៥៥លើក។ នេះបើយោងតាមរបាយការណ៍ប.ស.ស.។
របាយការណ៍បញ្ជាក់ថា៖ «គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ដែលជាថ្ងៃបិទបញ្ចប់នូវយុទ្ធនាការផ្សព្វផ្សាយរយៈពេល ៣០ថ្ងៃ មានបងប្អូនអាជីវករ អ្នករត់ម៉ូតូកង់បី អ្នករត់ម៉ូតូឌុប និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. សរុបប្រមាណជា ៩២ ៤១៧នាក់ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ក្នុងនោះបុគ្គលស្វ័យនិយោជន៍ (អាជីវករ អ្នករត់ម៉ូតូកង់បី អ្នករត់ម៉ូតូឌុប) មានចំនួន ៨៨ ០៧៧នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៤ ៣៤០នាក់»។
របាយការណ៍បញ្ជាក់ថា៖ «តាមរយៈការស្ម័គ្រចិត្តមកចុះឈ្មោះចូលជាសមាជិក ប.ស.ស. របស់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនខាងលើនេះ សបញ្ជាក់ឱ្យឃើញថា ពួកគាត់ទាំងអស់ពិតជាបានយល់ច្បាស់ពីអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលក្រុមការងារបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយក្នុងយុទ្ធនាការអស់រយៈពេល ៣០ថ្ងៃកន្លងទៅនេះ»។
ទោះបីជាយុទ្ធនាការផ្សព្វផ្សាយនេះត្រូវបានបញ្ចប់ ប.ស.ស. នៅតែបន្តពង្រីកការផ្សព្វផ្សាយរបស់ខ្លួនឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ទាំងការចុះផ្សព្វផ្សាយដោយផ្ទាល់ដល់ទីតាំងរបស់ប្រជាពលរដ្ឋ និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ កម្មករនិយោជិត ពិសេសប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរផ្ទាល់ខ្លួន (បុគ្គលស្វ័យនិយោជន៍) ទទួលបានការយល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅស្តីពីអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ប.ស.ស. នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្ដីទី ថ្លែងថា សមិទ្ធផល ២ធំៗ រួមមានកម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងការដាក់ឱ្យអនុវត្តជាផ្លូវការនូវរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស័្មគ្រចិត្ត ដែលរាជរដ្ឋាភិបាល សម្រេចដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២៣នេះ ជាអត្ថប្រយោជន៍ដ៏ល្អវិសេសវិសាលផ្ដល់ជូនប្រជាពលរដ្ឋ ជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧។ នេះបង្ហាញពីការគិតគូរយ៉ាងច្បាស់អំពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមលើកឡើងថា តាមរយៈយុទ្ធនាការចុះផ្សព្វផ្សាយ៣០ថ្ងៃនេះ និងការអនុវត្តគោលនយោបាយអាទិភាពទាំង២នេះ ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានថ្លែងកោតសរសើរយ៉ាងខ្លាំងចំពោះ ប.ស.ស.។ ប៉ុន្ដែ ក្នុងនាមជាអង្គភាពប្រតិបត្តិករលើប្រព័ន្ធសន្ដិសុខសង្គម ថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់ ត្រូវរួមដៃគ្នាបន្ដខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល ឱ្យបានកាន់តែល្អប្រសើរបន្ថែម ដើម្បីរក្សាការគាំពារសុខភាព និងអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា។
ឯកឧត្តម ម៉េង ហុង បានបន្ថែមថា ការរក្សាឱ្យបាននូវជំហរការពារផលប្រយោជន៍កម្មករនិយោជិត តម្រូវឱ្យគ្រប់អង្គភាពពាក់ព័ន្ធនៃ ប.ស.ស. ជាពិសេសអង្គភាពជួរមុខទាំងអស់ ត្រូវបន្ដតាមដានឱ្យបានច្បាស់លាស់នូវរាល់បញ្ហាមិនប្រក្រតីដែលកើតមានឡើងនៅតាមសហគ្រាស គ្រឹះស្ថាន មន្ទីរពេទ្យដែលជាដៃគូ ប.ស.ស. និងត្រូវរកដំណោះស្រាយឱ្យបានទាន់ពេលវេលា សមស្របទៅតាមវិជ្ជាជីវៈរៀងៗខ្លួន ប្រកបដោយភាពទន់ភ្លន់ម៉ឺងម៉ាត់ និងមានទំនួលខុសត្រូវខ្ពស់។
ឯកឧត្តមបន្តថា សម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ អង្គភាពជួរមុខនៃ ប.ស.ស. ត្រូវសហការគ្នាស្រាវជ្រាវជាបន្ទាន់ចំពោះសហគ្រាសដែលមានប្រើកម្មករនិយោជិតហើយមិនចុះបញ្ជីជាមួយ ប.ស.ស. ពិសេសសហគ្រាស គ្រឹះស្ថានដែលមិនអនុវត្តកាតព្វកិច្ចរបស់ខ្លួន ត្រូវចុះអង្កេត ពិនិត្យព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់ ដើម្បីរៀបចំនីតិវិធីអនុវត្តទៅតាមច្បាប់ដែលបានកំណត់ ដើម្បីរក្សានូវអត្ថប្រយោជន៍របស់កម្មករនិយោជិត។
កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ម៉េង ហុង បានបើកកិច្ចប្រជុំពិភាក្សាជាមួយក្រុមមេធាវីប្រចាំ ប.ស.ស. ដើម្បីពិភាក្សាទៅលើផ្លូវច្បាប់ក្នុងការអនុវត្តចំពោះក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានដែលមិនអនុវត្តតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបានថ្លែងថា កន្លងមក មានសហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុនមួយចំនួនមិនបានអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដោយបានលាក់ចំនួនបុគ្គលិក ឬកម្មករនិយោជិត ដោយមិនប្រកាសឈ្មោះមក ប.ស.ស. ដើម្បីស្នើសុំចុះបញ្ជីចូលសមាជិក ប.ស.ស. ជាហេតុធ្វើឱ្យពួកគាត់ទាំងអស់មិនអាចទទួលបានការធានារ៉ាប់រងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន រួមទាំងអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្សេងៗជាច្រើនទៀត ដែលផ្ទុយពីច្បាប់ស្តីពីរបបសន្តិសុខសង្គម។
ឯកឧត្តមអគ្គនាយកស្តីទីបញ្ជាក់ទៀតថា ប.ស.ស. នឹងចាត់វិធានការតាមនីតិវិធីច្បាប់ ចំពោះក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានទាំងឡាយណា ដែលមិនអនុវត្តតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ហើយការដែលធ្វើបែបនេះ គឺដើម្បីឱ្យបុគ្គលិក ឬកម្មករនិយោជិតដែលកំពុងបំពេញការងារក្នុងក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានទាំងអស់នោះ ឱ្យទទួលបានការគាំពារពេញលេញ ក្នុងន័យចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ស្ថិរភាពសង្គម។
ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាលបង្កើតឡើងដើម្បីជួយប្រជាពលរដ្ឋឱ្យទទួលបានការថែទាំសុខភាពសម្រាប់ខ្លួនឯង ប្តីឬប្រពន្ធ និងកូនក្នុងបន្ទុក ដែលជួយឱ្យពួកគាត់អាចគ្រប់គ្រងចំណាយលើបញ្ហាសុខភាព និងគ្រោះថ្នាក់ផ្សេងៗ ក្នុងគោលដៅរក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារ និងបង្កើនផលិតភាពការងារ។ ពួកគាត់នឹងទទួលបានអត្ថប្រយោជន៍ដូចជា ទី១.សេវាពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំ ទី២.ប្រាក់បំណាច់មាតុភាព និងទី៣.ប្រាក់វិភាជន៍បូជាសព។
ឯកឧត្តមបណ្ឌិតអគ្គនាយករងលើកឡើងដូច្នេះក្នុងឱកាសអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិកម្ពុជា និងវិទ្យុវត្តភ្នំ នៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បន្ថែមថា ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះគឺត្រូវចុះបញ្ជីជាសមាជិក ប.ស.ស. និងបានបង់ភាគទាន ២ខែជាប់គ្នា នោះសមាជិក ប.ស.ស. នឹងទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត ដោយមិនបង់ថ្លៃនៅតាមមូលដ្ឋានសុខាភិបាលដែលចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.។ ចំពោះប្រាក់បំណាច់មាតុភាព គឺត្រូវបង់ភាគទានចំនួន ៩ខែក្នុងអំឡុងពេល ១២ខែចុងក្រោយ គិតដល់កាលបរិច្ឆេទសម្រាលកូន៕