កម្ពុជាពង្រឹងយន្តការការពារពលករនៅក្រៅប្រទេសដើម្បីបង្ការហានិភ័យប្រជាជនរបស់ខ្លួន

2023-09-14
3547

ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ លើកឡើងថា ទន្ទឹមនឹងការខិតខំក្នុងការពង្រីកកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយបណ្តប្រទេសដៃគូ រាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់ទៅលើយន្តការគាំពារពលករកម្ពុជានៅក្រៅប្រទេសផងដែរ។

របាយការណ៍ក្រសួងការងារឆ្នាំ២០២២ បានបង្ហាញថា ក្នុងរយៈពេល៤ឆ្នាំ គឺចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ក្រសួងបានពង្រឹងកិច្ចសហការជាមួយប្រទេសជាដៃគូរដើម្បីផ្តល់ឱកាសការងារជូនពលករនៅក្រៅប្រទេស ការពារសិទ្ធិ និងផលប្រយោជន៍ពលករនៅក្រៅប្រទេសដើម្បីទទួលបានរបបគាំពារសង្គមទាំងបច្ចុប្បន្ន និងពេលដែលវិលត្រឡប់មកវិញ។

របាយការណ៍នេះលើកឡើងថា ក្រសួងបានផ្តល់ការគាំទ្រ និងភាពងាយស្រួលជូនពលករពេលធ្វើការនៅក្រៅប្រទេស តាមរយៈការសម្រួលបែបបទឯកសារ ការគាំពារតាមផ្លូវច្បាប់អន្តរាគមន៍សង្គ្រោះនៅពេលមានហានិភ័យ និងការជួបសួរសុខទុក្ខជាប្រចាំ។ ក្រសួងបានពង្រឹងសេវាអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជា ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលគាំពារពលករបរទេសតាមបណ្តាប្រទេសគោលដៅ។

របាយការណ៍លើកឡើងថា៖ «[ក្រសួង] បន្តពង្រឹងយន្តការចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចការងារទីភ្នាក់ងារជ្រើសរើសឯកជន ដោយបានធ្វើអធិការកិច្ចសរុបចំនួន១៣០លើក ដាក់កំហិតចំនួន ២០ទីភ្នាក់ងារ»។

បើតាមរបាយការណ៍នេះ ក្នុងរយៈពេល៤ឆ្នាំនេះ ក្រសួងបានជួយអន្តរាគមន៍សម្របសម្រួលពលករនៅក្រៅប្រទេស និងដោះស្រាយបញ្ហាទូទៅរបស់ពលករជួបការលំបាក សរុបចំនួន១៤ ៨៥១ករណីនៅក្នុងប្រទេសចំនួន៦ ដែលក្នុងនោះប្រទេសថៃមានចំនួន១១ ៥៩៩ករណី សាធារណរដ្ឋកូរ៉េ ១ ៧៨៥ករណី ម៉ាឡេស៊ី១ ២០១ករណី សិង្ហបុរី៤ករណី ជប៉ុន២៦០ករណី និងអារ៉ាប់ប៊ីសាអូឌីត២ករណី។

នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការងារកម្ពុជា-វៀតណាម និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីខែមេសា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈកម្ពុជា និងក្រសួងការងារ ជនពិការ និងសង្គមកិច្ចវៀតណាម បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមគ្នា ដែលក្នុងនោះក៏មានការផ្តោតលើការពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍នៃប្រទេសទាំង២ ក្នុងការសម្របសម្រួលឯកសារដែលតម្រូវដោយច្បាប់ និងបទប្បញ្ញត្តិ និងទប់ស្កាត់ការជ្រើសរើស និងការប្រើប្រាស់ពលករដោយខុសច្បាប់ ក៏ដូចជាការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស។

ដោយឡែក កាលពីខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុនសំណង់លំដាប់ថ្នាក់ទី១ របស់សិង្ហបុរី គឺក្រុមហ៊ុន Ken-Pal (S) Pte Ltd បានស្នើសុំកិច្ចសហការពីកម្ពុជាក្នុងការបញ្ជូនកម្លាំងពលកម្មផ្នែកសំណង់ ដើម្បីទៅបម្រើការងារនៅទីនោះ។ 

ការស្នើនេះធ្វើឡើងក្នុងជំនួបរវាងលោក Greory Lin នាយកប្រតិបត្តិក្រុមហ៊ុននេះជាមួយឯកឧត្តមបណ្ឌិត អ៊ិត សំហេង ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រចំពោះការស្នើសុំខាងក្រុមហ៊ុនសិង្ហបុរី ហើយបានបញ្ជាក់ថា មុននឹងធ្វើការជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូន ត្រូវរៀបចំជានីតិវិធី លើកិច្ចព្រមព្រៀងរវាងប្រទេសទាំង២សិន។

ក្រសួងការងារបញ្ជាក់នៅលើគេហទំព័រថា៖ «ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលមានប្រវត្តិយូរមកហើយ និងមានស្តង់ដារខ្ពស់ខាងផ្នែកសំណង់នេះ។ ពាក់ព័ន្ធកិច្ចសហការលើការងារកម្លាំងពលកម្ម នាពេលកន្លងមកកម្ពុជាបានបញ្ជូនស្រ្តីជំនួយការផ្ទះ ទៅសិង្ហបុរី ប្រមាណជាង១ ០០០នាក់ សង្កេតឃើញថា ការជ្រើសរើស និងបញ្ជូនទៅធ្វើការនៅសិង្ហបុរី មានសុវត្ថិភាព និងទទួលបានប្រាក់ចំណូលខ្ពស់សមរម្យ»។

កាលពីឆ្នាំ២០១៦ កម្ពុជា និងហ្វីលីពីន បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពី «ការការពារជនទេសន្តរប្រវេសន៍ និងពលករទេសន្តរប្រវេសន៍» ដែលផ្ដោតលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការការពារជនទេសន្តរប្រវេសន៍ប្រទេសទាំង២ តាមរយៈការផ្តល់ជំនួយខាងកុងស៊ុល និងការទូតទៅវិញទៅមក ដល់ជនទេសន្តរប្រវេសន៍ និងពលករទេសន្តរប្រវេសន៍ ដែលមានឯកសារស្របច្បាប់ និងមិនមានឯកសារស្របច្បាប់ដោយស្មើភាពគ្នា ជាពិសេស ត្រូវតែផ្តល់ការការពារ និងយកចិត្តទុកដាក់ចំពោះស្រ្តី និងកុមារ និងអ្នករងគ្រោះដោយសារការជួញដូរ។

ការសិក្សាស្រាវជ្រាវដែលធ្វើឡើងដោយស្ថាប័នស្រាវជ្រាវឈ្មោះ «Otoritas : Jurnal Ilmu Pemerintahan» របស់ប្រទេសម៉ាឡេស៊ី នៅក្នុងឆ្នាំ២០២០ បានលើកឡើងថា កាលពីខែមករា ឆ្នាំ២០២០ កម្ពុជាបានជំរុញឱ្យប្រទេសម៉ាឡេស៊ី ពន្លឿនការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MoU) ស្តីពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដើម្បីការពារពលករកម្ពុជា ជាពិសេសពលករធ្វើការតាមផ្ទះ។ 

ការសិក្សានេះបង្ហាញថា កម្ពុជាស្ទាក់ស្ទើរក្នុងការបញ្ជូនពលករធ្វើការតាមផ្ទះទៅកាន់ប្រទេសម៉ាឡេស៊ី រហូតដល់មានកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា បើទោះបីជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាបានលុបចោលការផ្អាកការបញ្ជូនស្ត្រីបម្រើការងារនៅតាមផ្ទះក៏ដោយ។

ការសិក្សានេះបានឱ្យដឹងថា កាលពីខែមករា ឆ្នាំ២០១៨ បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគីជាច្រើនជាមួយម៉ាឡេស៊ីស្តីពីសុខុមាលភាព និងការការពារផ្លូវច្បាប់ កម្ពុជាបានប្រកាសដកបម្រាមរបស់ខ្លួនលើការបញ្ជូនស្ត្រីបម្រើការងារតាមផ្ទះទៅប្រទេសម៉ាឡេស៊ី។ ហ្វីលីពីន និងឥណ្ឌូណេស៊ីក្នុងឆ្នាំ ២០០៩ និងកម្ពុជាក្នុងឆ្នាំ២០១១ បានបញ្ឈប់ការបញ្ជូនពលកររបស់ខ្លួនទៅកាន់ប្រទេសម៉ាឡេស៊ី ដោយសារមានការរីករាលដាលនៃការរំលោភបំពានទៅលើពលករ។ ការផ្អាកនេះបានបន្ត រហូតដល់ MoU ថ្មីត្រូវបានព្រមព្រៀង ដែលលើកកម្ពស់សិទ្ធិ និងការការពារពលករ។

ការសិក្សាស្រាវជ្រាវនៃមហាវិទ្យាល័យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Thammasat (Thammasat University) ប្រទេសថៃ ឆ្នាំ២០១៩ បានបង្ហាញថា រដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងសកម្មដើម្បីការពារពលករចំណាកស្រុកពីការរំលោភបំពាន ជួញដូរ និងធ្វើបាបពីនិយោជក និងទីភ្នាក់ងារជ្រើសរើសឯកជន តាមរយៈការបង្កើតយន្តការបណ្តឹងដើម្បីជួយពលករចំណាកស្រុកទទួលបានយុត្តិធម៌។

អនុក្រឹត្យស្តីពីការគ្រប់គ្រងលើការបញ្ជូនពលករខ្មែរទៅធ្វើការនៅបរទេសតាមរយៈទីភ្នាក់ងារជ្រើសរើសឯកជនឆ្នាំ២០១១ បញ្ជាក់ថា ទីភ្នាក់ងារជ្រើសរើស ត្រូវទទួលខុសត្រូវលើលក្ខខណ្ឌការងារនិងលក្ខខណ្ឌរស់នៅមុននឹងជ្រើសរើសពលករឱ្យទៅធ្វើការនៅបរទេស ដូចជាប្រភេទការងារ ទីកន្លែងធ្វើការងារ ពេលម៉ោងធ្វើការងារ មុខជំនាញ ប្រាក់បៀវត្សរ៍ ប្រាក់បំណាច់ ការធានារ៉ាប់រងសុខភាព កន្លែងស្នាក់នៅ ការដឹកជញ្ជូន សន្តិសុខ សុវត្ថិភាពក្នុងតំបន់ធ្វើការនិងស្នាក់នៅ។

អនុក្រឹត្យនេះបញ្ជាក់ថា៖ «ទីភ្នាក់ងារជ្រើសរើស ត្រូវទទួលបន្ទុករៀបចំនិងធានាថា ពលករដែលត្រូវបានបញ្ជូនទៅ ធ្វើការនៅបរទេស ទទួលបានរបបសន្តិសុខសង្គមស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន នៃប្រទេសទទួលពលករ។ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវត្រួតពិនិត្យតាមដានការអនុវត្តរបស់ទីភ្នាក់ងារជ្រើសរើសលើការទទួលបាននូវរបបសន្តិសុខសង្គមរបស់ពលករ ព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសទទួលពលករ»។