ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹង ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី១៣ជូនបងប្អូនកម្មករនិយោជិតដែលបានព្យួរកិច្ចសន្យាការងារក្នុងខែកញ្ញា ខែតុលា និងខែវិច្ឆិកាឆ្នាំ២០២៣ នៃរោងចក្រ ចំនួន ២៨ក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។
ក្រសួងការងារបញ្ជាក់ថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពី ការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្ដល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រនាពេលកន្លងមក។ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្ដល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃ នៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៖ ៨១ ០០០រៀល (២០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១៤ថ្ងៃ ១៦២ ០០០រៀល (៤០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១៥ថ្ងៃ ដល់ ១ខែ។
ក្រសួងរំឮកថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូន ខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ២១ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារ វីង (ខេមបូឌា) ម.ក។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះ ទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត។ សូមបញ្ជាក់ថា បងប្អូនមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ឧបត្ថម្ភនេះ៕