កាលពីខែឧសភា ឆ្នាំ២០២៣ គណៈប្រតិភូឡាវ បានមកធ្វើទស្សនកិច្ចសិក្សានៅកម្ពុជា ដើម្បីសិក្សាអំពីឧត្តមានុវត្តន៍ (Best practice) របស់កម្ពុជាក្នុងការជួយសម្របសម្រួល និងការគាំទ្រដល់ពលករទេសន្តរប្រវេសន៍។
តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានធ្វើការចែករំលែកនូវការលើកកម្ពស់ និងផ្តល់ការអប់រំដល់ពលករទេសន្តរប្រវេសន៍តាមរយៈមជ្ឈមណ្ឌលធនធានពលករទេសន្តរប្រវេសន៍ ដំណើរការដោះស្រាយ និងផ្សះផ្សាវិវាទរបស់ពលករទេសន្តរប្រវេសន៍ ទាំងក្នុង និងក្រៅប្រទេស និងការគ្រប់គ្រងទីភ្នាក់ងារជ្រើសរើសឯកជន។
តំណាងក្រសួងក៏បានធ្វើការចែករំលែកនូវការការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ ដំណើការនៃការដាក់ពាក្យធ្វើការងារ និងការផ្គូរផ្គងការងារ និងការគាំទ្ររបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍ និងបណ្តុះបណ្តាលជំនាញបច្ចេកទេស ការធ្វើតេស្តជំនាញ និងការទទួលស្គាល់ជំនាញពីមុន។
ភាគីកម្ពុជាថែមទាំងបានចែករំលែកដល់ភាគីឡាវអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាកាតាលីករជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស។
ប្រធានគណៈប្រតិភូកម្ពុជាសង្ឃឹមថា ភាគីឡាវ និងកម្ពុជា នឹងបន្តពង្រឹង និងពង្រីកកិច្ចប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងប្រសើរឡើង។ គណៈប្រតិភូឡាវក៏បានទៅទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មផងដែរ។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងក្នុងសិក្ខាសាលាមួយកាលពីខែមីនា ឆ្នាំ២០២៣ ថា៖ «យើងពិតជាមានមោទកភាពដែលប្រទេសកម្ពុជាជាប្រទេសឈានមុខ ក្នុងការអនុវត្តកម្មវិធីការងារសមរម្យដែលរហូតមកដល់ពេលនេះបានចំនួន៥ ដំណាក់កាលរួចមកហើយ»។
នៅក្នុងសិក្ខាសាលានេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស អង្គការអន្តរជាតិខាងការងារ (ILO) ដែលបានរួមចំណែកខិតខំប្រឹងប្រែងសម្រេចបាននូវលទ្ធផលជាផ្លែផ្កាដល់ការអភិវឌ្ឍន៍រីកចម្រើនសេដ្ឋកិច្ច-សង្គមកម្ពុជា និងបានផ្តល់ការការពារសិទ្ធិ អត្ថប្រយោជន៍ និងកិច្ចគាំពារ រួមទាំងការផ្តល់នូវសេវានានាជូនប្រជាពលរដ្ឋ និយោជក កម្មករនិយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពលករខ្មែរនៅក្រៅប្រទេស កាន់តែប្រសើរ និងកាន់តែមានប្រសិទ្ធភាពខ្ពស់។
កាលពីឆ្នាំ២០១៩ គណៈប្រតិភូអាជ្ញាធរជាតិការងារនៃប្រទេសកេនយ៉ាដែលដឹកនាំដោយឯកឧត្តម Jillo Abdul Bahari Ali អនុរដ្ឋមន្ត្រីក្រសួងការងារ និងការគាំពារសង្គមកេនយ៉ា បានធ្វើទស្សនកិច្ចសិក្សារយៈពេល៥ថ្ងៃនៅកម្ពុជា ដើម្បីសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារកម្ពុជា អំពីដំណើរការផ្តល់សេវាការងារដល់អ្នកស្វែងរកការងារ ការប្រមូល និងផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ ការបង្កើត និងអនុវត្តគោលនយោបាយកម្មវិធីការងារ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងាររបស់កម្ពុជា ស្របពេលដែលប្រទេសកេនយ៉ាទើបបង្កើតអាជ្ញាធរជាតិការងារ ក្នុងឆ្នាំ២០១៦។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង លើកឡើងក្នុងជំនួបជាមួយគណៈប្រតិភូកេនយ៉ានេះថា៖ «កម្ពុជាជាប្រទេសតែមួយគត់ដែលហ៊ានផ្សាភ្ជាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ ផ្តល់សច្ចាប័នលើអនុសញ្ញាស្នូលទាំង៨របស់អង្គការ ILO អនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដើម្បីត្រួតពិនិត្យលក្ខខណ្ឌការងារ ការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា និងការពង្រីករបបសន្តិសុខសង្គមនៅទូទាំងប្រទេស»។
រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានផ្តល់បច្ចាប័នលើអនុសញ្ញាអន្តរជាតិខាងការងាររបស់អង្គការ ILO ចំនួន១៣ ក្នុងនោះអនុសញ្ញាស្នូលចំនួន ៨ ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារ សុខុមាលភាព និងសេរីភាពអង្គការវិជ្ជាជីវៈ។
ស្តងដារការងារ និងពាណិជ្ជកម្មអន្តរជាតិកម្ពុជា
ការសិក្សាស្រាវជ្រាវស្តីពី «ការពិភាក្សាស្តីពីស្តង់ដារការងារ និងពាណិជ្ជកម្មអន្តរជាតិ៖ មេរៀនពីកម្ពុជា និងបង់ក្លាដែស» ដែលធ្វើឡើងដោយមហាវិទ្យាល័យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យយូថាហ៍ (University of Utah) សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០៨ បង្ហាញថា នៅក្នុងប្រទេសកម្ពុជា លទ្ធផលនៃការធ្វើអធិការកិច្ចនៅតាមបណ្តារោងចក្របង្ហាញថា ស្តង់ដារការងារមានភាពល្អប្រសើរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ការសិក្សាស្រាវជ្រាវនេះក៏បានបង្ហាញពីកម្មវិធីស្តង់ដារការងារប្រកបដោយភាពច្នៃប្រឌិតនៅក្នុងប្រទេសកម្ពុជា ដែលហាក់ដូចជាបានជួយលើកកម្ពស់ការនាំចេញរបស់ប្រទេសកម្ពុជា ក៏ដូចជាលើកកម្ពស់លក្ខខណ្ឌការងារផងដែរ។
ការសិក្សានេះលើកឡើងថា កម្មវិធីនេះត្រូវបានគេស្គាល់ថា «កម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា» ឬ «Better Factories Cambodia (BFC)» ដែលបង្កើតឡើងចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដែលសហរដ្ឋអាមេរិកបានចរចាជាមួយកម្ពុជាក្នុងឆ្នាំ១៩៩៩ ។ កិច្ចព្រមព្រៀងនេះបានផ្សាភ្ជាប់ការពង្រីកលទ្ធភាពទទួលបានទីផ្សាររបស់សហរដ្ឋអាមេរិកទៅនឹងការកែលម្អស្តង់ដារការងារ ដោយពឹងផ្អែកអង្គការ ILO ធ្វើជាភ្នាក់ងារត្រួតពិនិត្យ ព្រមទាំងអនុម័តវិធានការតម្លាភាពយ៉ាងម៉ឺងម៉ាត់ក្នុងការរាយការណ៍ពីលទ្ធផលត្រួតពិនិត្យរោងចក្រ។
ការសិក្សានេះបន្ថែមថា៖ «ចាប់តាំងពីការធ្វើសេរីភាវូបនីយកម្មគោលនយោបាយវិនិយោគ និងពាណិជ្ជកម្មរបស់ខ្លួននៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ប្រទេសកម្ពុជាឃើញថា មានការកើនឡើងនៃលំហូរនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) និងពាណិជ្ជកម្មអន្តរជាតិ។ ក្នុងអំឡុងពេលនោះ ការនាំចេញសម្លៀកបំពាក់របស់កម្ពុជាមានការកើនឡើងយ៉ាងឆាប់រហ័ស ដែលមួយផ្នែកធំដោយសារការរឹតបន្តឹងការអនុវត្តកិច្ចព្រមព្រៀងពហុភាគីលើសរសៃអំបោះ (MFA) ទៅលើប្រទេសនាំចេញធំៗ ដែលបានជួយប្រទេសផលិតសម្លៀកបំពាក់តូចៗ ដូចជាកម្ពុជាទទួលបានទីផ្សារធំនៅក្រៅប្រទេស»។
លោក William A. Heidt អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ថ្លែងក្នុងពិធីអបអរខួបលើកទី ១៥ នៃកម្មវិធីរោងចក្រល្អនៅកម្ពុជា កាលពីឆ្នាំ២០១៦ ថា កម្មវិធី BFCនេះ មានសារៈសំខាន់ចាំបាច់នៅក្នុងការកសាងទំនុកចិត្តរបស់ពិភពលោក ទៅលើអ្នកផ្គត់ផ្គង់នៅកម្ពុជា នៅក្នុងឆ្នាំដំបូងៗនៃឧស្សាហកម្មកាត់ដេរ ហើយផលរបស់វាបន្តមានរហូតមកដល់ពេលនេះ។
លោក បន្តថា ដោយក្រលេកមើលទៅរយៈពេល ១៥ ឆ្នាំកន្លងទៅ គេអាចនិយាយបានថា កម្មវិធីនេះបានទទួលជោគជ័យ រហូតដល់អង្គការ ILO បានបង្កើតកម្មវិធីការងារល្អ (Better Works) នៅតាមប្រទេសចំនួន ៨ ដែលគ្របដណ្តប់លើកម្មកររាប់លាននាក់។
លោក William A. Heidt លើកឡើងថា៖ «នៅក្នុងរយៈពេល ១៥ ឆ្នាំមកនេះ កម្មវិធី BFC បានផ្តល់របាយការណ៍ច្បាស់លាស់ និងផ្អែកតាមភស្តុតាង ដែលបង្ហាញពិភពលោកឱ្យឃើញថា រោងចក្រនៅកម្ពុជាធ្វើតាមបទដ្ឋានការងារអន្តរជាតិ ហើយធានាឱ្យមានស្ថានភាពការងារសមរម្យ។ តាមការយល់ឃើញរបស់ខ្ញុំ កេរ្តិ៍ឈ្មោះនេះគួរតែត្រូវបានការពារលើសអ្វីទាំងអស់»។
ការសិក្សាស្រាវជ្រាវនៃសាកលវិទ្យាល័យ McMaster ប្រទេសកាណាដា ឆ្នាំ២០០៧ បង្ហាញថា កិច្ចព្រមព្រៀងវាយនភណ្ឌអាមេរិក-កម្ពុជា (UCTA) ដែលបានចុះហត្ថលេខាក្នុងឆ្នាំ១៩៩៩ គឺជាកត្តាចម្បងមួយក្នុងការលើកកម្ពស់ស្តង់ដារការងារឱ្យកាន់តែខ្ពស់ថែមទៀតនៅក្នុងប្រទេសកម្ពុជា និងបង្កើតនូវឧត្តមានុវត្តន៍ (Best practice) ដែលជាមធ្យោបាយមួយដើម្បីលើកកម្ពស់ស្តង់ដារការងារអន្តរជាតិឱ្យកាន់តែខ្ពស់បន្ថែមទៀតនៅបណ្តាប្រទេសខាងត្បូង (Global South)។ UCTA ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងដាក់បញ្ចូលប្រទេសកម្ពុជាទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពិភពលោកសេរី។
ការសិក្សានេះបានឱ្យដឹងទៀតថា មានភស្តុតាងជាច្រើនដែលបង្ហាញថា UCTA បានផ្ដល់ផលប្រយោជន៍ដល់កម្មករកាត់ដេរនៅកម្ពុជា។ អត្ថប្រយោជន៍ចម្បងរបស់ UCTA ចំពោះកម្មករកម្ពុជា រួមមាន ការបង្កើនការងារ ប្រាក់ឈ្នួលខ្ពស់ និងការកែលម្អស្តង់ដារការងារសំខាន់ៗ។
ការសិក្សានេះបន្ថែមទៀតថា បន្ទាប់ពីការលើកទឹកចិត្តជាច្រើនឆ្នាំនៃកូតា UCTA និងការត្រួតពិនិត្យរបស់ ILO ការស្ទង់មតិរបស់ធនាគារពិភពលោកទៅលើអ្នកបញ្ជាទិញអន្តរជាតិបានរកឃើញថា ការអនុលោមតាមស្តង់ដារការងាររបស់ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់នាំមុខដៃគូប្រកួតប្រជែងក្នុងតំបន់ទាំងអស់របស់ខ្លួន៕