![](/Frontend/img/logo/app_logo.png)
![](/Frontend/img/logo/app_logo.png)
![](/Frontend/img/logo/app_logo1.jpg)
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី១០កម្ភៈ ថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងសិក្សាពង្រីកវិសាលភាពទៅលើក្រុមអ្នកដឹកជញ្ជូន (Platform worker ) ស្របតាមផែនការសកម្មភាពរបស់ ប.ស.ស.។
លោក កត្តា អ៊ន បានបន្តថា ឆ្នាំ២០២៥នេះ បេឡាជាតិសន្តិសុខសង្គមបានពង្រីកវិសាលភាពអនុវត្តបន្ថែមចំពោះបុគ្គលនៃវិស័យសាធារណៈសម្រាប់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពចំពោះបុគ្គលជានិស្សិតនរបាល និងសិស្សនគរបាលដែលកំពុងសិក្សា និងហ្វឹកហ្វឺនរួចរាល់ ស្របតាមអនុក្រឹត្យលេខ៣០៤ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។ បន្ទាប់ពីប.ស.ស. បានអនុវត្តទៅលើកម្មករនិយោជិត បុគ្គលស្វ័យនិយោជន៍អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស.និងអ្នកបម្រើតាមផ្ទះ។
លោក កត្តា អ៊ន បានបន្តទៀតថា ការពង្រីកវិសាលភាពសមាជិក ប.ស.ស.ដើម្បីលើកកម្ពស់សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋសំដៅចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រឱ្យបានកាន់តែប្រសើរបន្ថែមទៀតព្រោះថាមានប័ណ្ណសមាជិក ប.ស.ស.ពេលទៅពិគ្រោះ និងពិនិត្យព្យាបាលជំងឺនៅតាមមន្ទីរពេទ្យជាដៃគូរជាមួយ ប.ស.ស. មិនគិតថ្លៃឡើយ។
លោក កត្តា អ៊ន បានបញ្ជាក់ថា គិតត្រឹមសប្តាហទី៤ ខែមករា ឆ្នាំ២០២៥នេះ ប.ស.ស.មានសមាជិកកើនឡើងដល់២៧៨៥៥២៦នាក់ ស្រី១៥៤៤២២៣នាក់ ក្នុងនោះបុគ្គលស្ថិតក្នុងវិស័យសាធារណៈចំនួន៤៩៥៥៩៣នាក់,
បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារចំនួន១៦០៣៤៨២នាក់,បុគ្គលស្វ័យនិយោជន៍ ចំនួន៥២៣០១៣នាក់,និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.ចំនួន១៦៣,៤៣៨នាក់៕