របាយការណ៍របស់នាយកដ្ឋានស្តារនីតិសម្បទានៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបង្ហាញថា គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៣ នេះ សមាជិក ប.ស.ស. ដែលបានរងគ្រោះថ្នាក់រហូតធ្លាក់ខ្លួនពិការមានចំនួន ២ ៥៨៥នាក់ ហើយកំពុងទទួលបានការគាំពារពី ប.ស.ស. ដែលក្នុងនោះជនពិការជាសមាជិក ប.ស.ស. មានចំនួន ២ ៥៦១នាក់ បម្រើការងារក្នុងវិស័យឯកជន និងចំនួន ២៤នាក់បម្រើការងារក្នុងវិស័យសាធារណៈ។
លោកស្រី រ័ត្ន រ៉ានីន អនុប្រធាននាយកដ្ឋានស្តារនីតិសម្បទា នៃ ប.ស.ស. បានបញ្ជាក់ថាសមាជិក ប.ស.ស. ជាជនពិការមិនត្រឹមតែទទួលបានការយកចិត្តទុកដាក់លើការអប់រំផ្សព្វផ្សាយ និងលំហែទាំផ្លូវចិត្តប៉ុណ្ណោះទេ តែពួកគាត់ទាំងអស់ ក៏នឹងទទួលបានការគាំពារពី ប.ស.ស. ដូចជាសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត សេវាស្តារនីតិសម្បទា និងប្រាក់ឧបត្ថម្ភបន្ថែមទៀតផងដែរ។
លោកស្រីលើកឡើងដូច្នេះ ក្នុងពិធីចុះអប់រំផ្សព្វផ្សាយ និងផ្តល់លំហែទាំសុខភាពផ្លូវចិត្តដល់ជនពិការក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។
លោកស្រី រ័ត្ន រ៉ានីន បញ្ជាក់ថា៖ «សុខភាពផ្លូវចិត្ត គឺជាសភាពមួយនៃសុខុមាលភាពរបស់មនុស្សយើង ហើយវាកាន់តែសំខាន់បំផុតសម្រាប់បងប្អូនជាជនពិការ ដែលក្នុងនោះបុគ្គលម្នាក់ៗ ក៏អាចដឹងពីសុខភាពផ្លូវចិត្តរបស់ខ្លួនបានតាមរយៈសកម្មភាពបំពេញការងារប្រចាំថ្ងៃ ការដោះស្រាយបញ្ហាស្ត្រេសធម្មតាក្នុងជីវិត ក៏ដូចជាការចូលរួមការងារសហគមន៍ជាដើម។ ការដែលធ្វើឱ្យប្រសើរឡើងនូវសុខភាពផ្លូវចិត្ត វាគឺជាចលករដ៏សំខាន់ក្នុងការជម្រុញឱ្យមានសុខភាពរាងកាយល្អប្រសើរ ព្រមទាំងជួយបង្កើននូវកំលាំងស្មារតីរបស់មនុស្សយើងផងដែរ»។
លោកស្រីបន្តថា ការចុះអប់រំផ្សព្វផ្សាយ និងផ្តល់លំហែទាំសុខភាពផ្លូវចិត្តដល់ជនពិការ ដែលជាសមាជិក ប.ស.ស. គឺជាផ្នែកមួយដ៏សំខាន់ និងចាំបាច់បំផុតសម្រាប់ជនពិការដែលទទួលរងហានិភ័យការងារបណ្តាលឱ្យបាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍ និងធ្លាក់ខ្លួនពិការ ដែលបានបង្កឱ្យមានអារម្មណ៍បាក់ស្បាត ធ្លាក់ទឹកចិត្តមិនអាចទទួលយកស្ថានភាពពិការរបស់ខ្លួន និងមិនទាន់យល់ដឹងបានទូលំទូលាយអំពីបញ្ហាសុខភាពផ្លូវចិត្ត ទទួលបានការយល់ដឹងកាន់ច្បាស់អំពីខ្លួនឯង ដែលអាចជួយឱ្យពួកគាត់វិលត្រឡប់ចូលក្នុងសង្គមជាធម្មតាវិញ ព្រមទាំងមានក្ដីសង្ឃឹមឡើងវិញនៅក្នុងជីវិតពិការភាពរបស់ខ្លួន។
យោងតាមរបាយការណ៍របស់នាយកដ្ឋានស្ដារនីតិសម្បទាបានឱ្យដឹងថា គិតត្រឹមខែឧសភា ឆ្នាំ២០២៣នេះ សមាជិក ប.ស.ស. ដែលទទួលបានការស្ដារនិតីសម្បទាមានចំនួនជាង ៤៤០នាក់ គិតជាករណីមានចំនួនជាង ៦៨០ករណី។ ក្នុងនោះ ប.ស.ស. ផ្តល់សេវាស្តារនីតិសម្បទាតាមរយៈការជួសជុល ឬការផ្តល់អវយវៈសិប្បនិម្មិតថ្មី រណប ឬឧបករណ៍ជំនួយ ការហ្វឹកហាត់កាយសម្បទាឡើងវិញ ការព្យាបាលដោយចលនា ផ្នែកវេជ្ជសាស្រ្តផ្សេងៗចំនួនជាង ៥៧០ករណី ផ្តល់សេវាបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន៤៣ករណី សម្រសម្រួលឱ្យមានការងារធ្វើចំនួន ១ករណី និងផ្តល់សេវាផ្នែកសង្គមតាមរយៈការអប់រំផ្នែកចិត្តសាស្រ្តមានចំនួន៦៨ករណី។
ដើម្បីចូលរួមលើកកម្ពស់សេវាស្ដារនីតិសម្បទាប្រកបដោយទំនួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ប.ស.ស. បានបង្កើតកម្មវិធីសមាហរណកម្មសង្គមដើម្បីលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តដល់សមាជិក ប.ស.ស. ដែលទទួលរងហានិភ័យការងាររហូតដល់បាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍ ឬពិការភាពឱ្យមានអារម្មណ៍រីករាយ និងស្រស់ស្រាយ និងលើកទឹកចិត្តកុំឱ្យមានអារម្មណ៍អៀនខ្មាស់ចំពោះពិការភាពរបស់ខ្លួន។
ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. ថ្លែងថា កម្មវិធីសមាហរណកម្មសង្គមអាចពង្រឹងការផ្ដល់សេវាស្ដារនីតិសម្បទាឱ្យកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយបាននូវកម្រិតពិការភាព ឬទប់ស្កាត់មិនឱ្យមានពិការភាព លើកកម្ពស់គុណភាពជីវិត និងរួមចំណែកកាត់បន្ថយភាពក្រីក្រសម្រាប់កម្មករនិយោជិតដែលទទួលរងហានិភ័យការងារ គ្រោះថ្នាក់ ឬជំងឺផ្សេងៗ។
ឯកឧត្តមលើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងសមត្ថភាពក្នុងការផ្ដល់សេវាស្តារនីតិសម្បទា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តម ប៉ែន នរៈវុធ លើកឡើងថា៖ «ការផ្តល់សេវាស្តារនីតិសម្បទាឱ្យទាន់ពេលវេលា ស្របទៅនឹងតម្រូវការជាក់ស្ដែងរបស់ជនរងគ្រោះ ឬជនពិការ ជាសមាជិក ប.ស.ស. ទាមទារឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានស្តារនីតិសម្បទា [ប.ស.ស.] ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនទាំងផ្នែកចំណេះដឹង ផ្នែកស្មារតី និងផ្លូវចិត្តឱ្យបានគ្រប់គ្រាន់ ដើម្បីសម្របខ្លួនឱ្យស្របទៅនឹងស្ថានភាពរបស់ជនរងគ្រោះ ដើម្បីងាយស្រួលគ្រប់គ្រង និងសម្របសម្រួលផ្តល់សេវាស្តារនីតិសម្បទាបានឆាប់រហ័ស ទាន់ពេលវេលាចំគោលដៅ ប្រកបដោយប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព»។
កាលពីខែធ្នូ ឆ្នាំ២០២២ សមាជិក ប.ស.ស. ដែលទទួលរងគ្រោះថ្នាក់ការងាររហូតដល់ធ្លាក់ខ្លួនពិការជាច្រើននាក់ បានចូលរួមកម្មវិធីសមាហរណកម្មសង្គម របស់ ប.ស.ស. ក្នុងដំណើរកំសាន្តឆ្ពោះទៅកាន់ខេត្តកំពត និងឆ្នេរសមុទ្រកែប រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ៥-៦ ខែធ្នូ។
ប.ស.ស. លើកឡើងក្នុងគេហទំព័រថា៖ «នេះជាឱកាសដ៏ពិសេសមួយសម្រាប់ឱ្យក្រុមការងារ ប.ស.ស. ក្នុងការបង្ហាញសកម្មភាពយ៉ាងស្អិតរមួត ជាមួយបងប្អូនជនពិការ ដែលជាសមាជិក ប.ស.ស. ព្រមទាំងបង្កើតអនុស្សាវរីយ៍នានា ក្នុងការពិសារម្ហូបអាហារឆ្ងាញ់ៗ និងបានទស្សនាទេសភាព និងឆ្នេរធម្មជាតិដ៏ស្រស់ស្អាតរបស់កម្ពុជាផងដែរ»។
ប.ស.ស. បញ្ជាក់ថា ៖ «តាមរយៈកម្មវិធីសមាហរណកម្មសង្គម របស់ ប.ស.ស. នាពេលនេះ បងប្អូនសមាជិក ប.ស.ស. ដែលជាជនពិការភាព បានបង្ហាញពីអារម្មណ៍ពេញចិត្តរបស់ខ្លួនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះជនពិការ ក៏ដូចជាថ្នាក់ដឹកនាំ ប.ស.ស. បានរៀបចំដំណើរកំសាន្ដនាឱកាសនេះ ដែលបានផ្ដល់នូវការលើកកម្ពស់សិទ្ធិ និងសេរីភាព សុខុមាលភាពជនពិការ ព្រមទាំងផ្តល់នូវការគាំទ្រដោយគ្មានការរើសអើង ហើយក៏អាចធ្វើឱ្យជនពិការដូចជាពួកគាត់មានភាពក្លាហាន និងប្រឈមនឹងបច្ចុប្បន្នភាព ព្រមទាំងយល់ដឹងអំពីគុណតម្លៃរបស់ជនពិការ និងអំពីខ្លួនផ្ទាល់»។
នាយកដ្ឋានស្តារនីតិសម្បទាបានបញ្ជាក់ថា ប.ស.ស. នឹងរៀបចំគម្រោងនេះជាបន្ដបន្ទាប់ទៀត ដើម្បីរួមចំណែកលើកកម្ពស់ជនដែលពិការភាព។
ឯកសារ «កញ្ចប់ព័ត៌មានស្តីពី ប.ស.ស. សម្រាប់ម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត» ដែលបានចេញផ្សាយក្នុងឆ្នាំ២០២០ បានពន្យល់អំពីសេវាស្តារនីតិសម្បទាថា បន្ទាប់ពីទទួលបានសេវាព្យាបាល និងថែទាំសុខភាពដែលទទួលរងដោយហានិភ័យការងារ បណ្ដាលឲ្យបាត់បង់សមត្ថភាពការងារជាអចិន្ត្រៃយ៍ ជនរងគ្រោះមានសិទ្ធិទទួលបានសេវាវេជ្ជសាស្ត្រ ឬ សេវាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ឬសេវាសង្គម។
សម្រាប់សេវាវេជ្ជសាស្ត្រ ជនរងគ្រោះមានសិទ្ធិទទួលបានការផ្តល់ការជួសជុល ឬការផ្ដល់ជាថ្មីអវៈយវៈសិប្បនិម្មិត រណប ឬឧបករណ៍ជំនួយការហ្វឹកហាត់កាយសម្បទាឡើងវិញ ការព្យាបាលដោយចលនា និងសេវាវេជ្ជសាស្ត្រដទៃទៀត។
ចំពោះការបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ឯកសារនេះពន្យល់ថា ជនរងគ្រោះមានសិទ្ធិទទួលបានការតម្រង់ទិសវិជ្ជាជីវៈ ការបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីមានឱកាសទទួលបានការងារជាថ្មី ឬប្រកបមុខរបរផ្ទាល់ខ្លួន។ ប.ស.ស. អាចជួយសម្របសម្រួលរកការងារឲ្យធ្វើស្របតាមលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញនូវមុខងារតួនាទី និងការទទួលខុសត្រូវក្នុងមុខតំណែង។
នៅក្នុងសេវាសង្គម ជនរងគ្រោះទទួលបាននូវការប្រឹក្សា ការតម្រង់ទិស ការអប់រំចិត្តសាស្ត្រ ក្នុងគោលបំណងឲ្យសម្របខ្លួនទៅនឹងតម្រូវការគ្រួសារ សហគមន៍ និងមុខងារសម្រាប់ការរស់នៅប្រចាំថ្ងៃ។
ឯកសារនេះក៏បានពន្យល់អំពីប្រាក់ឧបត្ថម្ភ (ក្នុងករណីបាត់បង់សមត្ថភាពការងារបណ្តោះអាសន្ន) ថា ករណីដែលកម្មករនិយោជិតជាជនរងគ្រោះ ត្រូវឈប់សម្រាកពីការងារដើម្បីព្យាបាលមិនថានៅមន្ទីរពេទ្យ ឬមន្ទីរពហុព្យាបាលឬនៅផ្ទះ (អាស្រ័យលើសំបុត្របញ្ជាក់ពីគ្រូពេទ្យ) កម្មករនិយោជិតនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំថ្ងៃស្មើនឹង៧០ភាគរយនៃប្រាក់ឈ្នួលមធ្យមជាប់ភាគទានប្រចាំថ្ងៃរបស់ពួកគេ ដោយគិតចាប់ពីថ្ងៃទី២ បន្ទាប់ពីថ្ងៃកើតហេតុរហូតដល់មុខរបួសជាសះស្បើយ។
បន្ថែមពីលើនេះ សមាជិកគ្រួសារ ឬអ្នកណាម្នាក់ដែលត្រូវនៅមើលថែទាំនៅមន្ទីរពេទ្យ ឬមន្ទីរពហុព្យាបាល ក៏ទទួលបានប្រាក់ឧបត្ថម្ភផងដែរ ដែលមានតម្លៃស្មើនឹង ៥០ភាគរយ នៃប្រាក់ឧបត្ថម្ភដែលជនរងគ្រោះត្រូវទទួលបាន។
ចំពោះប្រាក់ឧបត្ថម្ភ (ក្នុងករណីបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍) ឯកសារនេះបញ្ជាក់ថា ប.ស.ស.នឹងផ្តល់ប្រាក់វិភាជន៍ ឬប្រាក់ឧបត្ថម្ភជូនតែម្តងគត់ចំពោះពិការភាពដែលតិចជាង២០ភាគរយ។
ប៉ុន្តែ ក្នុងករណីដែលកម្មករនិយោជិត បាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ចាប់ពី ២០ភាគរយ ឡើងទៅ ប.ស.ស. នឹងផ្តល់ជាប្រាក់ឧបត្ថម្ភ (ប្រាក់ធនលាភ) ជូនរៀងរាល់១ខែម្ដង។ ហើយបើ តម្រូវឲ្យមានអ្នកថែទាំ នោះអ្នកថែទាំនឹងទទួលបានប្រាក់ ៥០ភាគរយ នៃប្រាក់ឧបត្ថម្ភដែលជនរងគ្រោះនោះត្រូវទទួលបាន៕