ប្រាក់ឈ្នួលអប្បបរមាសម្រាប់ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងបានបន្តកើនឡើងជាបន្តបន្ទាប់ពី ៤០ដុល្លារអាមេរិក ក្នុង១ខែ នៅឆ្នាំ១៩៩៧ ទៅដល់២០០ដុល្លារអាមេរិកក្នុង១ខែក្នុងឆ្នាំ២០២៣។ ការដំឡើងប្រាក់ឈ្នួលអប្បបរមា ត្រូវបានពិភាក្សាដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលជាយន្តការត្រីភាគីជារៀងរាល់ឆ្នាំ និងជាទៀងទាត់។
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាត្រូវបានបង្កើតនៅក្នុង ឆ្នាំ២០១៩ ដែលមានសមាសភាពមកពីតំណាងកម្មករនិយោជិត និយោជក និងរាជរដ្ឋាភិបាល ដើម្បីសិក្សាស្រាវជ្រាវ ប្រជុំពិភាក្សា និងផ្តល់អនុសាសន៍អំពីប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗ ជារៀងរាល់ឆ្នាំ។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលើកឡើងកាលពីខែឧសភា ឆ្នាំ២០២៣ ថា៖ «សម្តេចតេជោ តែងតែផ្តល់ការណែនាំ និងផ្តល់ការបន្ថែមលើការសម្រេចរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល អប្បបរមាជារៀងរាល់ឆ្នាំ ដោយឆ្នាំខ្លះបន្ថែមចំនួន ៥ដុល្លារអាម៉េរិក និងឆ្នាំខ្លះបន្ថែម ២ដុល្លារអាមេរិក តាមស្ថានភាពសេដ្ឋកិច្ច។ នៅឆ្នាំ១៩៩៧ បងប្អូនកម្មករនិយោជិតមិនបានទទួលប្រាក់អត្ថប្រយោជន៍ផ្សេងៗទេ ប៉ុន្តែបច្ចុប្បន្ន បន្ថែមពីលើប្រាក់ឈ្នួលអប្បបរមា បងប្អូនកម្មករនិយោជិតទទួលបានអត្ថប្រយោជន៍បន្ថែមមួយចំនួនទៀត»។
អត្ថប្រយោជន៍បន្ថែមទាំងនោះរួមមាន ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារអាមេរិក,ប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅចំនួន ៧ដុល្លារអាមេរិក, ប្រាក់រង្វាន់អតីតភាពការងារចំនួនពី ២ដុល្លារ ដល់ ១១ដុល្លារអាមេរិក, ប្រាក់ថ្លៃបាយពេលធ្វើការថែមម៉ោងចំនួន ២ពាន់រៀលក្នុងមួយថ្ងៃ ប្រមាណ ១០ដុល្លារអាមេរិក, ប្រាក់ឈ្នួលធ្វើការបន្ថែមម៉ោងជាមធ្យម ២៦ដុល្លារអាមេរិក។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង លើកឡើងថា រួមនឹងអត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតអាចទទួលបានពី ២១៧ ទៅ ២៥៩ ដុល្លារអាមេរិក។ បើសរុបប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍បន្ថែមដែលកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ទទួលបានប្រមាណ ជា ៣ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំ។
ឯកឧត្តមបណ្ឌិត បន្ថែមថា បើប្រៀបធៀបប្រាក់ឈ្នួលអប្បបរមានៅកម្ពុជាក្នុង ឆ្នាំ២០២៣ នេះ ជាមួយប្រទេសវៀតណាម មានចំនួនពី ១៣៨ដុល្លារអាមេរិក ដល់ ១៩៨ ដុល្លារអាម៉េរិក តាមតំបន់, ប្រទេសស្រីលង្ការ មានចំនួន ៣៦ដុល្លារអាម៉េរិក, ប្រទេសបង់ក្លាដែស មានចំនួន ៧៦ដុល្លារអាម៉េរិក, ប្រទេសឡាវ មានចំនួន ៧១ដុល្លារអាម៉េរិក និងប្រទេសមីយ៉ាន់ម៉ា មានចំនួន ៦៩ដុល្លារអាមេរិក។
របាយការណ៍ក្រសួងការងារឆ្នាំ២០២២ បានបង្ហាញថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបត្រូវបានដំឡើងជាបន្តបន្ទាប់ ទោះបីជាទទួលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ ១៩។ ប្រាក់ឈ្នួលអប្បរមារបស់ប្រទេសកម្ពុជាបានបន្តកើនឡើង ខណៈប្រាក់ឈ្នួលអប្បបរមារបស់បណ្តាប្រទេសប្រកួតប្រជែងរបស់កម្ពុជាបានបន្តធ្លាក់ចុះដោយសារតម្លៃរូបិប័ណ្ណក្នុងស្រុកធ្លាក់ចុះ ធៀបនឹងដុល្លារអាមេរិក។
កាលពីខែធ្នូ ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការរៀបចំ និងការអនុវត្តគោលនយោបាយប្រាក់ឈ្នួលប្រកបដោយប្រសិទ្ធភាព» ដល់មន្រ្តីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា រយៈពេល៥ថ្ងៃ នៅរាជធានីភ្នំពេញ ដោយមានគ្រូឧទ្ទេសជាអ្នកជំនាញការផ្នែកប្រាក់ឈ្នួលរបស់អង្គការ ILO ចំនួន២នាក់មកពីទីក្រុងបាងកក ប្រទេសថៃ និងហ្សឺណែវ ប្រទេសស្វីស។
សិក្ខាកាមបានសិក្សាពីការប្រើប្រាស់វិធីសាស្ត្រ និងសូចនាករដើម្បីរៀបចំគោលនយោបាយប្រាក់ឈ្នួល ទិដ្ឋភាពទូទៅ និងនិន្នាការនៃការកំណត់ប្រាក់ឈ្នួលតាមបណ្តារប្រទេស ព្រមទាំងមានការពិភាក្សាជាក្រុមដើម្បីចែករំលែកចំណេះដឹង និងផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក។
កម្មវិធី Better Work (ការងារកាន់តែប្រសើរនៅកម្ពុជា) ដែលជាកម្មវិធីរួមគ្នារវាងអង្គការ ILO និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាសមាជិកនៃក្រុមធនាគារពិភពលោក (World Bank Group) បានលើកឡើងក្នុងគេហទំព័រថា៖ «ILO លើកកម្ពស់ការកំណត់ប្រាក់ឈ្នួលគ្រប់គ្រាន់ ដែលចាត់ទុកទាំងតម្រូវការរបស់កម្មករ និងក្រុមគ្រួសាររបស់ពួកគេ និងកត្តាសេដ្ឋកិច្ច។ ការកំណត់ប្រាក់ឈ្នួលសមរម្យគឺជាយន្តការដ៏ចាំបាច់មួយដើម្បីអាចឲ្យមានស្តង់ដាររស់នៅសមរម្យ និងប្រាក់ចំណូលសម្រាប់ស្ត្រី និងកម្មករជាបុរស និងក្រុមគ្រួសាររបស់ពួកគេ ហើយជាមួយគ្នានេះផងដែរក៏ធានានូវនិរន្តរភាពរបស់សហគ្រាសដែលបង្កើតការងារសម្រាប់កម្មករផងដែរ»។
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានលើកឡើងក្នុងគេហទំព័រថា នៅដើមអាណត្តិទី៥ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារបានបន្ថែមការយកចិត្តទុកដាក់ យ៉ាងខ្លាំងលើបញ្ហាប្រាក់ឈ្នួលអប្បបរមា ដោយបានរៀបចំសិក្ខាសាលាត្រីភាគីថ្នាក់ជាតិមួយ ក្រោមជំនួយបច្ចេកទេសរបស់អង្គការ ILO កាលពីឆ្នាំ២០១៤។ ភាគីពាក់ព័ន្ធ និងគណៈកម្មការប្រឹក្សាការងារបានទទួលយកនូវគោលការណ៍ចំនួន៥, លក្ខណវិនិច្ឆ័យបែបសង្គមនិងសេដ្ឋកិច្ចចំនួន៧, កាលវិភាគនៃការចរចា, និងការបង្កើតក្រុមការងារបច្ចេកទេសត្រីភាគី។
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបញ្ជាក់ថា៖ «ជាលទ្ធផលនៃការអនុវត្តតាម យន្តការ គោលការណ៍ លក្ខណវិនិច្ឆ័យ និងកាលវិភាគខាងលើ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងពីឆ្នាំ២០១៤ ដល់ ២០២៣ មានការកើនឡើងគួរឱ្យកត់សម្គាល់»។
ក្រុមប្រឹក្សានេះលើកឡើងទៀតថា៖ «ជាលទ្ធផល ប្រាក់ឈ្នួលអប្បបរមាសម្រាប់ផ្នែកនេះត្រូវបានបន្តកើនឡើងជាបន្តបន្ទាប់ពី ៤០ដុល្លារអាមេរិក ក្នុង១ខែ នៅឆ្នាំ១៩៩៧ (មុនយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា) ទៅដល់ ១៤៥ដុល្លារអាមេរិក ក្នុង១ខែ នៅឆ្នាំ២០១៥ (ពេលចាប់ផ្តើមយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា) និងត្រូវបានដំឡើងដល់ ២០០ដុល្លារអាមេរិក ក្នុង១ខែសម្រាប់ឆ្នាំ២០២៣ និងបន្តរក្សាអត្ថប្រយោជន៍ផ្សេងៗ របស់កម្មករនិយោជិតនៅដដែល»។
លោកស្រី Inguna Dobraja អតីតនាយកប្រចាំប្រទេសនៃធនាគារពិភពលោកនៅកម្ពុជា បានលើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពីអនាគតការងារនៅកម្ពុជា កាលពីឆ្នាំ២០១៩ ថា រឿងរ៉ាវជុំវិញវិស័យការងារក្នុងប្រទេសកម្ពុជា គឺជាជំពូកដ៏សំខាន់មួយនៅក្នុងដំណើរជោគជ័យផ្នែកសេដ្ឋកិច្ចរបស់ប្រទេសក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។
លោកស្រីលើកឡើងថា៖ «អ្នកធ្វើគោលនយោបាយ និងសេដ្ឋវិទូនៅកម្ពុជា និងនៅកន្លែងផ្សេងទៀតទទួលស្គាល់សមិទ្ធផលទាំងឡាយដែលកម្ពុជាសម្រេចបាន ជាពិសេស ការសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុបមធ្យម៧ភាគរយក្នុង១ឆ្នាំ ជាង២ទសវត្សរ៍មកនេះ ដែលធ្វើឱ្យអត្រានៃភាពក្រីក្រធ្លាក់ចុះជាប្រចាំ ប៉ុន្តែគេមិនត្រូវមើលរំលងទេថា ការងារគឺជាយន្តការមួយដែលមនុស្សម្នាក់ៗ មើលឃើញអត្ថប្រយោជន៍របស់វឌ្ឍនភាពនេះ។ ប្រជាជនទទួលបានផលច្រើន នៅពេលណាដែលពួកគេសំបូរឱកាសការងារធ្វើ មានប្រាក់ថ្លៃឈ្នួលនិងចំណូលកើនឡើង ហើយគុណភាពការងាររបស់ពួកគេកាន់តែប្រសើរ»។