កម្ពុជារក្សាបានអត្រាមានការងារធ្វើប្រមាណ ៩៩ភាគរយ នៃកម្លាំងពលកម្មសរុប

2023-09-14
2072

ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣ភាគរយ នៃកម្លាំងពលកម្មសរុប ហើយការងារដែលបានបង្កើតនាពេលបច្ចុប្បន្ននេះ ជាការងារក្នុងវិស័យឧស្សាហកម្មបែបទំនើប មានតម្លៃបន្ថែម និងផលិតភាពខ្ពស់ តម្រូវការប្រើប្រាស់កម្លាំងពលកម្មមានជំនាញជាងមុន លក្ខខណ្ឌការងារល្អ និងទទួលបានប្រាក់ចំណូលកាន់តែប្រសើរជាងមុន។ នេះជាលើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីដើមខែមិថុនា ឆ្នាំ២០២៣។

ក្នុងបាឋកថាក្រោមប្រធានបទស្តីពី «ទីផ្សារការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច» នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថា ក្រសួងការងារបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍទីផ្សារការងារ ដើម្បីឱ្យឆ្លើយតបនឹងបម្រែបម្រួលរចនាសម្ពន្ធសេដ្ឋកិច្ច-សង្គម និងបច្ចេកវិទ្យា ក៏ដូចជាដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងសុខុមាលភាពសង្គម តាមរយៈការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រ និងគោលនយោបាយជាតិសំខាន់ៗមួយចំនួន ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

ឯកឧត្តមលើកឡើងថា៖ «ក្រសួងបានបន្តបង្កើនឱកាសការងារក្នុងប្រទេស តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដោយបានផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ ពង្រីកការផ្តល់ប្រឹក្សាយោបល់ និងមគ្គុទេសក៍ការងារ, រៀបចំវេទិការការងារ និងបណ្តុះបណ្តាលជំនាញត្រៀមចូលទីផ្សារការងារជាដើម ហើយប្រជាជនក៏មានជម្រើសក្នុងការស្វែងរកឱកាសការងារក្រៅប្រទេសស្របច្បាប់ ដែលមានលក្ខខណ្ឌការងារល្អ និងប្រាក់ចំណូលខ្ពស់ផងដែរ»។

ឯកឧត្តមលើកឡើងបន្តថា ចំពោះវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្រសួងបានអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញ និងខិតខំអនុវត្តកម្មវិធីនេះដោយមានភាពបទបែន ក្នុងគោលបំណងបង្កើនមូលធនមនុស្ស និងកម្លាំងពលកម្មជំនាញឱ្យបានកាន់តែច្រើន ដើម្បីអាចឆ្លើយតបនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត។ 

របាយការណ៍របស់ក្រសួងការងារឆ្នាំ២០២២ បានឱ្យដឹងថា កម្លាំងពលកម្មទាំងក្នុង និងក្រៅប្រទេសមានចំនួន១០,៨លាននាក់ ដោយក្នុងនោះពលករទេសន្តរប្រវេសន៍មាន១,៣លាននាក់។ សម្រាប់ ការងារក្នុងប្រទេស ផ្នែកឧស្សាហកម្មគឺ២,៥លាននាក់, កសិកម្មមាន៣,៤លាននាក់, សេវាកម្មមាន៣,១លាននាក់, មន្ត្រីសាធារណៈមាន៥០ម៉ឺននាក់។

កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ទីភ្នាក់ងារ NEA នៃក្រសួងការងារ និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានសហការរៀបចំ «ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព» នៅរាជធានីភ្នំពេញ ដោយមានការគាំទ្រពីអង្គការអន្តរជាតិខាងការងារ (ILO ) ដោយផ្តល់ឱកាសការងារសរុបប្រមាណ ៤ ៥០០ កន្លែងដល់យុវជនពីក្រុមហ៊ុនធំៗចំនួន ២៥។

ក្រុមហ៊ុនធំៗចំនួន ២៥ ដែលចូលរួមក្នុងពិព័រណ៍ការងារនេះ គឺមកពីវិស័យសំខាន់ៗដូចជា ធនាគារ និងធានារ៉ាប់រង, លក់ដុំ និងលក់រាយ, ព័ត៌មានវិទ្យា និងទំនាក់ទំនង, អេឡិចត្រូនិច, ផលិតទុយយោ, ផលិតចំណីសត្វ, បណ្តុះបណ្តាល និងសេវាកម្មផ្សេងៗ។ 

ពិព័រណ៍ការងារនេះមានគោលបំណងបង្កើតជាវេទិកាប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់នៅមួយកន្លែង ដើម្បីស្វែងយល់ពីតម្រូវការងារ, ការជ្រើសរើសកម្លាំងពលកម្ម និងការដាក់ពាក្យស្នើសុំការងារ សម្ភាសការងារ ជូនដល់សាធារណជនដើម្បីកាន់តែងាយស្វែងរក, ងាយចូលរួម, ឆ្លើយតបឆាប់រហ័ស និងចំគោលដៅ។

ក្នុងពិធីបើកពិព័រណ៍ការងារនេះ លោកស្រី ឌី ចង្កុលណី អនុប្រធានទីភ្នាក់ងារ NEA លើកឡើងថា ពិព័រណ៍ការងារនេះ គឺជាការអនុវត្តស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកការបើកចំហឱកាសការងារ ឱ្យបានទៅ ដល់សាធារណជនគ្រប់រូបប្រកបដោយតម្លាភាព និងសមធម៌ សំដៅប្រែក្លាយឱកាសការងារ ទាំងអស់ទៅជាមុខរបរកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសការជួយតម្រង់ទិសការងារ និងមាគ៌ាអាជីពសម្រាប់យុវជន ដែលជាកម្លាំងពលកម្មវ័យក្មេង។ 

លោកស្រីលើកឡើងថា៖ «ព្រឹត្តិការណ៍នេះ នឹងបង្កើតនូវបរិយាកាសប្រកបដោយភាពសកម្ម និងភាពឆ្លើយតបទាន់ ពេលវេលា សំដៅពង្រីកវិសាលភាពការងារ និងការស្រូបយកកម្លាំងពលកម្មដែលមាន សក្តានុពល និងជំនាញគ្រប់ប្រភេទចូលទៅក្នុងឱកាសការងារទំនេរគ្រប់វិស័យនៅមួយ កន្លែងដោយងាយស្រួល»។

ក្នុងរយៈពេលប្រមាណ១សប្តាហ៍កាលពីដើមខែមិថុនា ឆ្នាំ២០២៣ ទីភ្នាក់ងារ NEA សហការជាមួយ ស.ស.យ.ក. និងកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact បាននាំយកឱកាសការងារសរុបប្រមាណ ១,៥ ម៉ឺនកន្លែង ពីក្រុមហ៊ុនជាច្រើនក្នុងវិស័យសំខាន់ៗដូចជា សេវាកម្ម ឧស្សាហកម្ម និងកសិកម្ម ជូនយុវជន សិស្សនិស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាទស្សនកិច្ចការងារស្តីពី«ឱកាសការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ» ក្នុងខេត្តចំនួន ៤ គឺខេត្តបាត់ដំបង សៀមរាប កំពង់ធំ និងកំពង់ចាម។

ក្រសួងការងារនឹងអនុវត្តកម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III) ចាប់ពីខែមករា ឆ្នាំ២០២៤ ដល់ខែធ្នូ ឆ្នាំ២០២៨។

ក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការរៀបចំកម្មវិធី DEY III នេះ កាលពីចុងខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារបានលើកឡើងថា ការអនុវត្តកម្មវិធី DEY III នឹងរួមចំណែកយ៉ាងសំខាន់បន្ថែមទៀតជាមួយរាជរដ្ឋាភិបាល សម្រេចបានគោលដៅយុទ្ធសាស្ត្រនៃការធ្វើបរិវត្តកម្មប្រព័ន្ធTVET ប្រកបដោយគុណភាព ប្រសិទ្ធភាព ដោយធានាថា «ប្រជាជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» និងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជានាពេលអនាគត។

របាយការណ៍ស្តីពីការអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០១៩ នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ បានឱ្យដឹងថា នៅឆ្នាំ២០១៩ ប្រជាជនប្រមាណ ៧,៨ លាននាក់ អាយុ ១៥ ឆ្នាំឡើង មានការងារធ្វើ បានឆ្លុះបញ្ចាំងពីកំណើនកម្លាំងពលកម្មពីឆ្នាំ២០១២ (៧,២ លាននាក់)។ ភាគរយនៃប្រជាជនក្នុងអាយុធ្វើការមានការងារធ្វើបានកើនឡើងពី ៦៧,០ភាគរយ នៅឆ្នាំ២០១២ ទៅ ៦៨,៥ភាគរយ នៅឆ្នាំ២០១៩ ថ្វីបើភាគរយសម្រាប់យុវជនបានថយចុះពី ៦០,៧ភាគរយ មក ៥៥,៨ភាគរយ ក្នុងរយៈពេលដូចគ្នាក៏ដោយ។

របាយការណ៍នេះលើកឡើងថា ជារួម អត្រាគ្មានការងារធ្វើទាបនៅឆ្នាំ២០១៩ (១,២ភាគរយ) បើប្រៀបធៀប នឹងឆ្នាំ២០១២ (២,៧ភាគរយ)។ ប្រជាជននៅក្នុងការងារ «ងាយរងគ្រោះ» ដែលបានកំណត់ជាអ្នកធ្វើការឲ្យគ្រួសារមិនយកប្រាក់ឈ្នួល និងអ្នកធ្វើការដោយខ្លួនឯង នៅតែជាចំណែកមួយដ៏ធំនៃប្រជាជនមានការងារធ្វើ៖ ៤៨,៨ភាគរយ នៅឆ្នាំ២០១៩ ថយចុះបន្តិចពី ៥៣,៦ភាគរយ នៅឆ្នាំ២០១២។

លោកស្រី Inguna Dobraja អតីតនាយកប្រចាំប្រទេសនៃធនាគារពិភពលោកនៅកម្ពុជា បានលើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពីអនាគតការងារនៅកម្ពុជា កាលពីឆ្នាំ២០១៩ ថា ទន្ទឹម​នឹងជោគជ័យដែល​គំរូអភិវឌ្ឍន៍​របស់​កម្ពុជា​សម្រេច​បាន​នៅ​ក្នុង​ការ​ផ្តល់​ការងារ​បាន​កាន់​តែ​ច្រើន​និង​កាន់​តែល្អ — ហើយមិនបាច់សង្ស័យទេថា​ពិត​ជា​មានជោគជ័យពិតមែន — ឥឡូវនេះដល់ពេល​ដែល​ត្រូវ​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង​មើល​ថា​ត្រូវ​ធ្វើ​ដូចម្តេចទៀត​ដើម្បី​រក្សា​និរន្តរភាពរបស់​សមិទ្ធផលនេះ ឱ្យ​បាន​វែង​ឆ្ងាយ​ទៅមុខ​ទៀត។

លោកស្រីលើកឡើងថា៖ «រាជរដ្ឋា​ភិបាល​កម្ពុជា ​យល់​ច្បាស់​ណាស់អំពី​សារៈសំខាន់​របស់​គោលនយោបាយ ដែល​ចាំបាច់​សម្រាប់​បញ្ចេញ​សក្តា​នុពល​សេដ្ឋកិច្ច​របស់កម្ពុជា​ឱ្យ​អស់​លទ្ធភាព ពី​ព្រោះ​គោលដៅនេះ​មាន​ភាពស្រប​គ្នា​ល្អណាស់​ជាមួយ​និងគោលដៅទាំងឡាយ ដែល​ត្រូវ​បានកំណត់​នៅ​ក្នុង​យុទ្ធសាស្ត្រចតុកោណ​ទី៤ ដើម្បីកំណើន ការ​ងារ សមធម៌ និង​ប្រសិទ្ធភាព»។

លោកស្រី Inguna Dobraja បន្ថែមថា៖ «ភាពសំបូរបែប និង​គុណភាព​ការ​ងារ​នៅ​កម្ពុជា​មាន​ភាពប្រសើរ​ឡើង​បន្តិចម្តងៗហើយ។ ប៉ុន្តែ និន្នាការ​សាកល ដូចជា​កំណើន​វណ្ណៈអ្នក​ប្រើ​ប្រាស់​ក្នុង​តំបន់​អាស៊ី, បម្រែបម្រួលនៃលំនាំធ្វើ​ពាណិជ្ជកម្ម, និង​ស្វ័យប្រវត្តិកម្ម តម្រូវ​ឱ្យ​កម្ពុជា​គិតគូរឡើងវិញអំពីយុទ្ធសាស្ត្រ​ការ​ងារ​របស់​ខ្លួន នៅ​ក្នុង​ពេល​ដែល​ប្រទេស​នេះ​ កំពុង​បោះជំហាន​ទៅ​រកដំណាក់កាលមួយទៀតនៃការអភិវឌ្ឍដែលនាំមុខ​ដោយ​ការ​នាំ​ចេញ»។