បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) បានពង្រីកការផ្តល់សេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត រួមទាំងប្រាក់បំណាច់មាតុភាព ទៅដល់អ្នករកចំណូលផ្ទាល់ខ្លួនគ្រប់ប្រភេទ ដូចជាអាជីវករ អ្នករត់ម៉ូតូឌុប រត់កង់បី អ្នកលក់ទឹកអំពៅ និងអ្នកលក់បាយ ជាដើម ដោយពួកគេអាចស្នើសុំធ្វើប័ណ្ណ ប.ស.ស. បានតាមរយៈរបបភាគទានដោយស្ម័គ្រចិត្ត។
ដើម្បីទទួលប័ណ្ណសមាជិក ប.ស.ស. ពួកគេត្រូវមានមុខរបរមានប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធនិងប្រាក់ឈ្នួល, ធ្វើការងារ ឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយមិនប្រើប្រាស់បុគ្គលិក, ត្រូវមានអាយុមិនលើសពី៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើចុះបញ្ជីនៅ ប.ស.ស., ហើយសាមីខ្លួនត្រូវមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. ដោយផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព)។
ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានថ្លែងថា ការផ្តល់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ គឺជាការពង្រីកសេវាគាំពារកាន់តែទូលាយបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋដែលកំពុងប្រកបការងារ ឬមុខរបររកចំណូលផ្ទាល់ខ្លួន ដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ឬប្រាក់បៀវត្ស ដែលផ្តល់ដោយនិយោជក ឬរដ្ឋ តាមកិច្ចសន្យាការងារ ហើយក៏មិនមានប្រើប្រាស់កម្មករនិយោជិតនៅក្នុងសកម្មភាពការងារ ឬមុខរបររបស់ខ្លួនឱ្យទទួលបានប័ណ្ណសមាជិក ប.ស.ស. ដើម្បីមានសិទ្ធិចូលទៅប្រើប្រាស់សេវា នៅតាមមូលដ្ឋានសុខាភិបាលដែលជាដៃគូ ប.ស.ស. ដោយឥតគិតថ្លៃ។
ឯកឧត្តមថ្លែងដូច្នេះ ក្នុងបទសម្ភាសន៍ពិសេសក្នុងកម្មវិធី «មួយទល់មួយជាមួយកល្យាណ (One on One with Kallyann)» របស់ស្ថានីយ៍រទស្សន៍ CNC និង CBS Digital កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិតអគ្គនាយករង ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋដែលប្រកបរបររកស៊ីដោយខ្លួនឯងទាំងអស់ចូលរួមសាកល្បងចុះបញ្ជីជាមួយ ប.ស.ស. តាមរបបបង់ភាគទានដោយស្ម័គ្រចិត្ត ដែលកំពុងសាកល្បងនេះ ដើម្បីទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត រួមទាំងប្រាក់បំណាច់មាតុភាពផងដែរ។
អង្គការហ្រ្គេត (GRET) ប្រចាំកម្ពុជាបានលើកឡើងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ថា៖ «ដំណឹងពិសេស! ឥឡូវនេះ ប.ស.ស. បានគ្របដណ្ដប់ទៅដល់អាជីវករ និងអ្នករកចំណូលផ្ទាល់ខ្លួនគ្រប់ប្រភេទ រួមទាំងអ្នកបើកត្រីចក្រយាន! ពួកគាត់ទាំងអស់អាចមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. បានតាមរយៈរបបភាគទានដោយស្ម័គ្រចិត្ត។ អង្គការហ្រ្គេតកម្ពុជាពិតជារីករាយចំពោះវឌ្ឍនភាពនេះ និងមានមោទភាពដែលបានគាំទ្រ ប.ស.ស. នៅក្នុងដំណើរការសាកល្បងរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកបើកត្រីចក្រយានកាលពីខែមីនា [ឆ្នាំ២០២៣] ជាមួយនឹងជំនួយពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)»។
អង្គការហ្រ្គេតកម្ពុជាបានលើកឡើងកាលពីថ្ងៃទី១១ ខែកក្កដា ថា៖ «កាលពីចុងសប្តាហ៍ អ្នកគ្រប់គ្រងគម្រោងរបស់យើង លោក Thibaut Hanquet បាននិយាយជាមួយទូរទស្សន៍បារាំង TV5MONDE អំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដែលបានពង្រីកនាពេលថ្មីៗនេះដើម្បីគ្របដណ្ដប់បុគ្គលស្វ័យនិយោជន៍ទាំងអស់នៅទូទាំងប្រទេស។ ការងាររបស់អង្គការហ្រ្គេត ជាមួយ ប.ស.ស បានចាប់ផ្តើមជាមួយនឹងគម្រោងសាកល្បងដើម្បីគ្របដណ្តប់លើអ្នកបើកបរត្រីចក្រយាននៅក្នុងរាជធានី។ យើងអបអរសាទរពួកគេចំពោះវឌ្ឍនភាពដ៏គួរឱ្យរំភើបនេះ»។
កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ប.ស.ស. និង អង្គការហ្រ្គេតប្រចាំនៅកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការអនុវត្តគម្រោងស្តីពីការពង្រីករបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍ (A4S)។ MoUនេះ ត្រូវបានចុះហត្ថលេខារវាងឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ និងលោកស្រី កែវ សុជាតា តំណាងអង្គការហ្រ្គេតប្រចាំនៅកម្ពុជា នៅទីស្នាក់ការកណ្ដាល ប.ស.ស. នៅរាជធានីភ្នំពេញ។
ការចុះ MoU នេះមានគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការរវាង ប.ស.ស. និងអង្គការ GRET សម្រាប់ការរៀបចំ ការអភិវឌ្ឍ ការអនុវត្ត ការវាយតម្លៃ និងការផ្សព្វផ្សាយគម្រោង A4S ដើម្បីសិក្សាអំពីការពង្រីកវិសាលភាពរបបសន្តិសុខសង្គមដល់បុគ្គលស្វ័យនិយោជន៍ និងបុគ្គលដែលមិនទាន់ទទួលបានការធានារ៉ាប់រងនៅក្នុងរាជធានីភ្នំពេញ។
ការចុះMoU នេះ គឺជាស្ពានក្នុងការរួមចំណែកជួយឲ្យ ប.ស.ស. កម្ពុជាអាចពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមក្នុងការពង្រីកសក្តានុពលនៃការអនុវត្តរបបសន្តិសុខសង្គមឆ្ពោះទៅរកការរីកចម្រើនប្រកបដោយនិរន្តភាព ពិសេសអាចពង្រីកនូវការការពារផ្នែកសន្តិសុខសង្គមសម្រាប់គ្របដណ្តប់ទៅដល់បុគ្គលស្វ័យនិយោជន៍ក្នុងការការពារហានិភ័យសុខភាព និងរក្សាបាននូវស្ថិរភាពប្រាក់ចំណូល។
ប.ស.ស. នាពេលនោះ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធនឹងប្តេជ្ញាខិតខំសម្រេចឲ្យបានជោគជ័យទៅតាមគោលបំណងដែលបានចុះMoU នេះ ដើម្បីចែករំលែកនូវចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍ និងការផ្តល់កិច្ចសហការគ្នាទៅវិញទៅមកដើម្បីពង្រីកវិសាលភាពរបបសន្តិសុខសង្គមទៅដល់ប្រជាជនគោលដៅផ្សេងៗទៀតផងដែរ។
កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ដដែលនេះដែរ ប.ស.ស. ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការហ្គ្រេត ក្រោមការឧបត្ថម្ភគាំទ្រដោយ AFD បានដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍។ គម្រោងសាកល្បងនេះ ធ្វើឡើងជំហានដំបូងសម្រាប់តែបុគ្គលស្វ័យនិយោជន៍ (អ្នកបើកបរត្រីចក្រយានយន្ត) ដែលស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញតែប៉ុណ្ណោះ។
ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ថ្លែងក្នុងសិក្ខាសាលាដាក់ឱ្យអនុវត្តគម្រោងសាកល្បងនេះថា ការដាក់ឱ្យអនុវត្តគម្រោងសាកល្បង នេះ នឹងក្លាយជាយន្តការសិក្សាសម្រាប់ការពង្រីក នៃការគ្របដណ្តប់របបសន្តិសុខសង្គមសម្រាប់គ្រប់បុគ្គលស្វ័យនិយោជន៍នៅកម្ពុជានាពេលខាងមុខ ហើយនេះគឺជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយគាំពារសង្គមកម្ពុជា។
ឯកឧត្តមអគ្គនាយក ប.ស.ស. បានឱ្យដឹងទៀតថា កន្លងមក ប.ស.ស. និងអង្គការហ្គ្រេត ក្រោមការឧបត្ថម្ភគាំទ្រដោយAFD បានសហការអនុវត្តគម្រោងកិច្ចគាំពារសង្គមផ្នែកនវានុវត្តន៍សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ (SPIN) ដែលគម្រោងនេះ ទទួលបានសមិទ្ធផលការងារជាច្រើនដូចជា ការអភិវឌ្ឍកម្មវិធីតាមគេហទំព័រ, ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុ, ការអភិវឌ្ឍមជ្ឈមណ្ឌលព័ត៌មាននៃ ប.ស.ស., និង យុទ្ធសាស្ត្រនៃការផ្សព្វផ្សាយ។
ឯកឧត្តម អ៊ុក សមវិទ្យា មានប្រសាសន៍បន្តថា អង្គការហ្គ្រេត និងAFD រួមទាំងអង្គការ និងដៃគូអភិវឌ្ឍន៍នានា បានផ្តល់កិច្ចសហការជាមួយ ប.ស.ស. ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍផ្នែកធនធានមនុស្ស ផ្នែកបច្ចេកទេស រួមទាំងផ្នែកហិរញ្ញវត្ថុផងដែរ ដើម្បីឱ្យ ប.ស.ស. អាចពង្រីកវិសាលភាពរបស់ខ្លួនកាន់តែពេញលេញគ្របដណ្តប់លើការអនុវត្តរបបសន្តិសុខសង្គម ប្រកបដោយភាពជោគជ័យរហូតមមកដល់ពេលនេះ។
លោក Emmanuel Dollfus នាយករង AFD បានលើកឡើងក្នុងសិក្ខាសាលានេះថា ការដាក់ឱ្យអនុវត្តគម្រោងសាកល្បងនេះ គឺជាសមិទ្ធផលថ្មីសម្រាប់ ប.ស.ស. ដែលអាចពង្រីកបន្ថែមលើការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ ហើយគម្រោងសាកល្បងនេះ គឺប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់ការចុះឈ្មោះចូលក្នុងប្រព័ន្ធ ប.ស.ស.។
លោក Emmanuel Dollfus បានបន្តថា៖ «ការសម្រេចដាក់ឱ្យអនុវត្តគម្រោងសាកល្បងនេះ អាចជាគំរូសម្រាប់ការអនុវត្តទៅលើក្រុមគោលដៅផ្សេងៗទៀតក្នុងការទទួលបានការគាំពារផ្នែកថែទាំសុខភាពនាពេលខាងមុខផងដែរ»។
ថ្លែងក្នុងសិក្ខាសាលានេះដែរ លោក Damien Thibault នាយករងអង្គការហ្គ្រេត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ប.ស.ស. កម្ពុជា ដែលបានអនុវត្តយ៉ាងជោគជ័យលើវិស័យសន្តិសុខសង្គម ដោយទទួលបានការសាទរពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមទាំងអង្គការជាតិ និងអន្តរជាតិ និងបណ្តាប្រទេសក្នុងតំបន់អាស៊ានផងដែរ។
ដោយឡែក ឯកឧត្តម ម៉េង ហុង អគ្គនាយករង ប.ស.ស. មានប្រសាសន៍ក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ថា បច្ចុប្បន្ននេះ ប.ស.ស. មានសមាជិកសរុបជាង ៣លាននាក់ ហើយដើម្បីចូលរួមជម្រុញឱ្យការអនុវត្តរបបសន្តិសុខសង្គម ឱ្យទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត ត្រូវមានការចូលរួមសហការពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យសមាជិក ប.ស.ស. ទាំងអស់ទទួលបានអត្ថប្រយោជន៍ដូចៗគ្នា៕