ប្រជាពលរដ្ឋជាបុគ្គលស្វ័យនិយោជន៍ចំនួនប្រមាណជាង ២ម៉ឺននាក់បានស្នើសុំចុះឈ្មោះចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក្នុងរយៈពេលប្រមាណជាង៤ខែមកនេះ ដើម្បីទទួលបានការប្រើប្រាស់សេវាព្យាបាលជំងឺ សម្រាលមាតុភាព និងប្រាក់បំណាច់មាតុភាព បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣។
បុគ្គលស្វ័យនិយោជន៍ សំដៅដល់ជនដែលប្រកបការងារ ឬមុខរបររកចំណូលផ្ទាល់ខ្លួន ដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ឬប្រាក់បៀវត្សដែលផ្តល់ដោយនិយោជក ឬរដ្ឋតាមកិច្ចសន្យាការងារ។
ការអនុវត្តគម្រោងសាកល្បងរបបថែទាំសុខភាពនេះ ធ្វើឡើងជំហានដំបូងសម្រាប់តែបុគ្គលស្វ័យនិយោជន៍ ដោយត្រូវមកចុះបញ្ជីនៅ ប.ស.ស. ដើម្បីទទួលបានប័ណ្ណសមាជិក ប.ស.ស. និងបង់ភាគទានប្រចាំដោយផ្ទាល់ ហើយអាចប្រើប្រាស់សេវាព្យាបាលនិងថែទាំវេជ្ជសាស្រ្ត នៅតាមមូលដ្ឋានសុខាភិបាលដែលជាដៃគូ ប.ស.ស. ដោយឥតគិតថ្លៃ ។
ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យ ប.ស.ស. បានមានប្រសាសន៍កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ថា៖ «រហូតមកដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ មានបងប្អូនប្រជាពលរដ្ឋជាបុគ្គលស្វ័យនិយោជន៍សរុបប្រមាណជា ២០ ០៣១នាក់ (ស្រី១១ ៧០៧នាក់) បានមកស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. តាមរបបភាគទានដោយស្ម័គ្រចិត្ត ដែលក្នុងនោះគ្រាន់តែនៅរាជធានីភ្នំពេញមានចំនួន ១២ ៨៤៣នាក់ (ស្រី ៧ ០៣៧នាក់)»។
ប.ស.ស. បានលើកឡើងថា ប្រជាពលរដ្ឋដែលកំពុងប្រកបរបរ និងមានចំណូលផ្ទាល់ខ្លួន មានការសប្បាយរីករាយយ៉ាងខ្លាំង ព្រោះពួកគាត់ក៏អាចមានសិទ្ធិក្នុងការស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. និងទទួលបានការគាំពារទៅលើការថែទាំសុខភាព រួមទាំងប្រាក់បំណាច់មាតុភាពដូចទៅនឹងមន្រ្តីរាជការ និងអ្នកដែលកំពុងមានការងារធ្វើជាសមាជិក ប.ស.ស. ដទៃទៀតផងដែរ។
លោកស្រី ជា សោភីន ប្រកបរបរជាជាងកាត់ដេរ ក៏ដូចជាអាជីវករជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ បានលើកឡើងថា ពួកគាត់ពិតជាសប្បាយរីករាយខ្លាំងណាស់ ព្រោះមិនធ្លាប់នឹកស្មានថា ត្រឹមជាពលរដ្ឋធម្មតាមានមុខរបរតិចតួចនៅផ្ទះសោះ ក៏អាចទទួលបានសិទ្ធិក្នុងការស្នើសុំបណ្ណ័សមាជិក ប.ស.ស. បានដែរ។ នេះបើយោងតាមគេហទំព័រ ប.ស.ស. នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។
ពួកគាត់បានបន្តទៀតថា ប័ណ្ណ ប.ស.ស. នេះ ពិតជាសំខាន់ណាស់សម្រាប់ពួកគាត់ ព្រោះអាចជួយសម្រាលលើបន្ទុកចំណាយបានច្រើនណាស់នៅពេលគាត់ឈឺត្រូវទៅពេទ្យ ពិសេសពេលសម្រាលកូនមិនអស់ថ្លៃសម្រាល ហើយថែមទាំងបានប្រាក់ឧបត្ថម្ភពី ប.ស.ស. ទៀត។ នេះបើតាមការបញ្ជាក់ពី ប.ស.ស. នៅលើគេហទំព័រ។
ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. មានប្រសាសន៍ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសម្រេចបានរបស់នាយកដ្ឋានបញ្ជិកា និងភាគទាន នៃ ប.ស.ស. ប្រចាំខែកក្កដា នាថ្ងៃទី៩ ខែសីហា ថា៖ «បច្ចុប្បន្នការកំណត់អត្តសញ្ញាណបងប្អូនបុគ្គលស្វ័យនិយោជន៍ មានការមមាញឹកយ៉ាងខ្លាំង។ បើទោះជាមានជួបឧបសគ្គច្រើនយ៉ាងណាក៏ដោយ យើងទាំងអស់គ្នាត្រូវខិតខំបន្តរក្សាជំហរឹងមាំ ដើម្បីបម្រើសេវាសាធារណៈមួយនេះ ជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយការពេញចិត្ត និងត្រូវយកចិត្តទុកដាក់ខ្ពស់ ជាមួយនឹងភាពទន់ភ្លន់ ម៉ឺងមាត់ក្នុងការងារ ធ្វើយ៉ាងណាឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលខ្ពស់»។
ឯកឧត្តមអំពាវនាវសុំការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋដែលបានទៅទទួលសេវានេះដោយផ្ទាល់ចំពោះការយឺតយ៉ាវ និងមានការរង់ចាំយូ។ ទោះបីជាយ៉ាងណាក៏ដោយ ឯកឧត្តមបញ្ជាក់ថា ថ្នាក់ដឹកនាំ និងបុគ្គលិកជំនាញនឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីបំពេញការងារមួយនេះបន្ថែមឱ្យទាន់ពេលវេលា។
ដើម្បីមានសិទ្ធិទទួលប័ណ្ណសមាជិក ប.ស.ស. បុគ្គលស្វ័យនិយោជន៍ត្រូវមានមុខរបរមានប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធនិងប្រាក់ឈ្នួល, ធ្វើការងារ ឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយមិនប្រើប្រាស់បុគ្គលិក, ត្រូវមានអាយុមិនលើសពី៦០ឆ្នាំគិតត្រឹមកាលបរិច្ឆេទស្នើចុះបញ្ជីនៅ ប.ស.ស.។ សាមីខ្លួនត្រូវទៅស្នើសុំធ្វើប័ណ្ណ ប.ស.ស. ដោយផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមដែលមានសុពលភាព។
សមាជិក ប.ស.ស. ដែលជាបុគ្គលស្វ័យនិយោជន៍ មានសិទ្ធិទទួលបានសេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្រដោយឥតគិតថ្លៃនៅតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. លុះត្រាតែសាមីជនបានបំពេញលក្ខខណ្ឌ ដោយបានចុះបញ្ជីជាសមាជិក ប.ស.ស. និងបានបង់ភាគទាន២ខែជាប់គ្នា។
ក្នុងករណីខកខានបង់ភាគទាន សមាជិកមានសិទ្ធិទទួលបានសេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្ររយៈពេល២ខែបន្ថែមទៀត គិតចាប់ពីខែដែលខកខានបង់ភាគទានចុងក្រោយ។
ចំពោះការខកខានបង់ភាគទាន ហើយអស់សុពលភាពប្រើប្រាស់សេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្រ សមាជិកត្រូវបង់រំលឹកភាគទានទៅតាមចំនួនខែដែលបានខកខាន ដើម្បីមានសិទ្ធិប្រើប្រាស់សេវាឡើងវិញ។
ក្នុងករណីខកខានបង់ភាគទានជាលើកទី២ សមាជិកពុំមានសិទ្ធិបង់រំលឹកភាគទាន ដើម្បីមានសិទ្ធិប្រើប្រាស់សេវាឡើងវិញម្តងទៀតទេ លើកលែងរយៈពេលនៃការចូលរួមក្នុងរបបសន្តិសុខ សង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានជាកាតព្វកិច្ច ឬករណីប្រធានសក្ដិ។
យន្តការបង់រំលឹកភាគទានសម្រាប់បុគ្គលស្វ័យនិយោជន៍ ពុំត្រូវរាប់បញ្ចូលរយៈពេលនៅមានសុពលភាពនៃការចូលរួមក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានជាកាតព្វកិច្ចឡើយ។
សមាជិក ប.ស.ស. ជាស្ត្រីមានសិទ្ធិទទួលបានប្រាក់បំណាច់មាតុភាព លុះត្រាតែបានបង់ភាគទាន៩ខែ ក្នុងអំឡុងពេល១២ខែចុងក្រោយ គិតដល់កាលបរិច្ឆេទសម្រាលកូន។ ប្រាក់បំណាច់មាតុភាព ត្រូវកំណត់ស្មើនឹង ១ ២៦០ ០០០រៀល។ ក្នុងអំឡុងពេលសម្រាកមាតុភាព សមាជិក ប.ស.ស. ជាស្ត្រីត្រូវបន្តបង់ភាគទានទៅ ប.ស.ស.។
ការដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ត្រូវអនុវត្តរយៈពេល១ឆ្នាំ។
ប.ស.ស បានបញ្ជាក់នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ថា គិតរហូតមកដល់ពេលនេះ ប.ស.ស. មានសមាជិកសរុបចំនួន ១ ៩៤៥ ៧៩៥នាក់ (ស្រី ១ ០៧៦ ៣៩៦នាក់) ដែលក្នុងនោះសមាជិក ប.ស.ស. ក្នុងវិស័យឯកជនមានចំនួន ១ ៤៩១ ៦១៣នាក់ (ស្រី ៩២៤ ៥៧១នាក់), សមាជិក ប.ស.ស. ក្នុងវិស័យសាធារណៈ ចំនួន ៤៣៤ ១៥១នាក់ (ស្រី ១៤០ ១១៨នាក់) និងសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍សរុបចំនួន ២០ ០៣១នាក់ (ស្រី ១១ ៧០៧នាក់)។
រហូតមកដល់បច្ចុប្បន្ន ប.ស.ស. បានពង្រីកវិសាលភាពរបស់ខ្លួន ដែលគ្របដណ្តប់ទៅលើ បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ជូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាសនិងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើការងារតាមផ្ទះ និងបុគ្គលស្វ័យនិយោជន៍៕