ក្នុងរយៈពេល១០ថ្ងៃដំបូង បន្ទាប់ពីការអនុវត្តការដំឡើងកម្រិតប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលដែលបានចាប់ផ្តើមនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ សមាជិកបេឡាសន្ដិសុខសង្គម (ប.ស.ស.) ជាស្រ្តីចំនួន១៣៧នាក់បានទទួលប្រាក់ឧបត្ថម្ភពិនិត្យផ្ទៃពោះមុនសម្រាលមាន, ៣០នាក់បានទទួលប្រាក់ឧបត្ថម្ភពិនិត្យសុខភាពក្រោយសម្រាល និង១២នាក់បានទទួលប្រាក់ឧបត្ថម្ភពេលចាក់វ៉ាក់សាំងកូន។
ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យនៃ ប.ស.ស. មានប្រសាសន៍ថា៖ «បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលប្រកាសដំឡើងកម្រិតនៃការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមខាងលើ គិតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នេះ សមាជិក ប.ស.ស. ជាស្រ្តីបានទទួលប្រាក់ឧបត្ថម្ភពិនិត្យផ្ទៃពោះមុនសម្រាលមានចំនួន ១៣៧នាក់, ទទួលប្រាក់ឧបត្ថម្ភពិនិត្យសុខភាពក្រោយសម្រាលមានចំនួន ៣០នាក់ និងទទួលប្រាក់ឧបត្ថម្ភពេលចាក់វ៉ាក់សាំងកូនមានចំនួន ១២នាក់»។
ក្នុងពិធីផ្សព្វផ្សាយការអនុវត្តរបបសន្ដិសុខសង្គមសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នៅខេត្តកណ្តាល ឯកឧត្តមបណ្ឌិតមានប្រសាសន៍បន្តថា បន្ថែមពីនេះ កម្មករនិយោជិតជាស្រ្តីទាំងអស់ ដែលបានបំពេញគ្រប់លក្ខខណ្ឌរបស់ ប.ស.ស. នឹងទទួលបានប្រាក់បំណាច់មាតុភាពចំនួន ៧០ភាគរយ នៃប្រាក់ឈ្នួលជាប់ភាគទានប្រចាំថ្ងៃ និងអត្ថប្រយោជន៍ផេ្សងៗជាច្រើនទៀតពី ប.ស.ស.។
ឯកឧត្តមបណ្ឌិតបន្តថា គោលនយោបាយជាយុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាលស្តីពីការបង្កើនប្រាក់ឧបត្ថម្ភសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ នេះគឺជាការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សុខុមាលភាពមាតា និងទារក។ ការដំឡើងកម្រិតប្រាក់ឧបត្ថម្ភនេះថែមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់អាយុក្រោម ២ឆ្នាំ ដែលជួយជំរុញដល់ការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី ឱ្យស្របតាមគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះ ប.ស.ស. បើកផ្ដល់ជូនជា៣ដំណាក់កាល ដែលស្មើនឹងចំនួន១៥លើក។
ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ មានប្រសាសន៍ថា៖ «ពីមុនពិនិត្យសុខភាពអស់លុយ។ ឥឡូវពិនិត្យសុខភាពបានលុយ។ ពិនិត្យសុខភាព មុនសម្រាលបាន៤ដង ១ដងបាន៨ម៉ឺនរៀល ហើយនៅពេលដែលដល់ថ្ងៃសម្រាល ពីមុនទទួលបានបើសិនជាកូនមួយ ទទួលបានតែ៤០ម៉ឺនរៀល កូនពីរ៨០ម៉ឺនរៀល កូនបី ១,២លានរៀល ហើយនិងប្រាក់ឧបត្ថមសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន គឺ៥លានរៀល។ ប៉ុន្តែឥឡូវនេះ កូនមួយ ទទួលបាន៨០ម៉ឺនរៀល កូនពីរ ១,២លានរៀល កូនបី ១,៦លានរៀល បូកជាមួយនឹងប្រាក់របស់រាជរដ្ឋាភិបាលដដែលរបស់សម្តេចតេជោដដែល»។
ឯកឧត្តមបណ្ឌិតបន្ថែមថា៖ «អ៊ីចឹង បើសិនជាយើងគិតមើលទៅគឺ ប្រាក់ឧបត្ថម្ភនេះគឺកើនឡើងទ្វេដង។ ហើយក្នុងនោះ ក្រោយពេលដែលសម្រាលរួច អាចមានសិទ្ធិទៅពិនិត្យសុខភាពក្រោយសម្រាលហ្នឹងបានចំនួន៣ដង រហូតដល់កូនអាយុ២ឆ្នាំ មានន័យថា យើងខ្លួនឯងជាម្តាយទៅពិនិត្យសុខភាពក្រោយសម្រាលបាន៣ដង យកកូនទៅចាក់វ៉ាក់សាំង៧ដងទៀត ក៏ ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ក្នុង១លើកៗចំនួន៨ម៉ឺនរៀលដែរ។ អ៊ីចឹង មានន័យថា ឥឡូវ តាំងពីមុនកើតរហូតដល់កើតហើយទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលទាំងអស់។ អ៊ីចឹង យើងឃើញថាអ្វីដែលជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលពេលនេះមានន័យថាល្អប្រសើរ មានន័យថា ការគាំពារសង្គមរបស់យើងគឺផ្តោតទៅលើបងប្អូនកម្មករនិយោជិតក៏ដូចជាសមាជិកប.ស.ស.ផ្សេងទៀតដែរ»។
ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបញ្ជាក់ទៀតថា ដើម្បីធានាគោលការណ៍ទូទៅនៃប្រព័ន្ធសន្តិសុខសង្គម លើទស្សនាទាននៃការចែករំលែក និងគោលការណ៍សាមគ្គីធម៌ក្នុងសង្គម និងធានាបាននូវសន្តិសុខប្រាក់ចំណូល ប.ស.ស. បានសម្រេចបន្ថែមអត្ថប្រយោជន៍ក្នុងផ្នែកថែទាំសុខភាព គឺការផ្ដល់វិភាជន៍បូជាសពចំនួន ២លានរៀល និងបានកែសម្រួលវិភាជន៍បូជាសពក្នុងផ្នែកហានិភ័យការងារពី ៤លានរៀល ទៅ១០លានរៀលផងដែរ។
ពិធីផ្សព្វផ្សាយនេះ មានវត្តមានចូលរួមពីតំណាងថ្នាក់ដឹកនាំមន្ទីរ តំណាងនាយក ឬម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងតំណាងអង្គភាពពាក់ព័ន្ធនានា សរុបប្រមាណជាង ៣០០នាក់ ដែលប្រព្រឹត្តទៅដោយផ្ទាល់នៅសាលប្រជុំសាលាខេត្តកណ្ដាល ដែលមានគោលបំណង ដើម្បីជម្រុញពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម សំដៅបង្កើនប្រសិទ្ធភាព ស្របតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តជាតិគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ ធានារ៉ាប់រងសន្តិសុខសង្គម។
ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ក្នុងខេត្តកណ្តាល ដែលទើបបើកថ្មីៗ ឬបើកយូរហើយ តែមិនទាន់បានចុះបញ្ជី ត្រូវប្រញ៉ាប់ទៅចុះបញ្ជីជាមួយ ប.ស.ស. ដើម្បីឱ្យកម្មករនិយោជិតក្លាយជាសមាជិក ប.ស.ស. ចៀសវាងខាតបង់អត្ថប្រយោជន៍របបសន្តិសុខសង្គម។
អ្វីដែលពិសេសនោះគឺ ឯកឧត្តម ប្រាក់ សារ៉ាត បានអំពាវនាវដល់សហគ្រាសដែលបានចុះបញ្ជីរួចត្រូវចូលរួមអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន និងត្រូវចូលរួមសហការរាល់សកម្មភាពដែលក្រុមការងារ ប.ស.ស. ដែលបានចុះទៅផ្សព្វផ្សាយបញ្រ្ជាបចំណេះដឹងអំពីអត្ថប្រយោជន៍របបសន្ដិសុខសង្គម និងចំណេះដឹងផ្សេងៗទៀត។
យោងតាមរបាយការណ៍ក្រសួងការងារ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៣ ខេត្តកណ្តាល មាន រោងចក្រ សហគ្រាស ចំនួន ៤៨៣ មានកម្មករនិយោជិតប្រមាណជាង ១៥ ៣០០០នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជិត ៤៧៣លានដុល្លារអាមេរិកក្នុង១ឆ្នាំ។ ក្នុងនោះ រោងចក្រ សហគ្រាសវិស័យកាត់ដេរមានចំនួន ១៧១ មានកម្មករនិយោជិតសរុបជាង១៣ ៣០០០នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជិត ៤១២លានដុល្លារអាមេរិកក្នុង១ឆ្នាំ និងជាខេត្តទី៣ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាស វិស័យកាត់ដេរច្រើន។
រាជរដ្ឋាភិបាលបានធ្វើការដំឡើងកម្រិត និងផ្ដល់ការឧបត្ថម្ភបន្ថែម ជូនស្ត្រីនៃគ្រួសារមានបណ្ណសមធម៌, កម្មករនិយោជិត ជាស្ត្រី ដែលជាសមាជិក ប.ស.ស និងមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រី ក្នុងអំឡុងពេលមានផ្ទៃពោះ, ពេលសម្រាល និងក្រោយពេលសម្រាល រហូតដល់កូនអាយុ២ឆ្នាំ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។
រាជរដ្ឋាភិបាលបញ្ជាក់ថា ការដំឡើងកម្រិត និងផ្ដល់ការឧបត្ថម្ភបន្ថែមនេះ កាន់តែសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពីការប្ដេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការគិតគូរដល់ស្ត្រីមានផ្ទៃពោះ និងកុមារតូច ស្របតាមអាទិភាពដែលកំណត់យក «មនុស្ស» ជាចម្បង់ និងគោលការណ៍ «មិនបោះបង់ពលរដ្ឋណាម្នាក់» ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា។
រាជរដ្ឋាភិបាលលើកឡើងទៀតថា ដែលដែលពិសេសនោះគឺ ការដំឡើងប្រាក់ឧបត្ថម្ភបន្ថែមនេះគឺដើម្បីលើកទឹកចិត្តស្រ្តីមានផ្ទៃពោះ ឱ្យមកទទួលសេវាពិនិត្យផ្ទៃពោះឱ្យបានសមស្របតាមនិយាមសុខាភិបាល ដែលអាចជួយកាត់បន្ថយអត្រាមរណៈមាតា និងទារក និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតីរបស់កុមារតាំងពីវ័យតូច ដែលជាមូលដ្ឋានគ្រឹះក្នុងការក្លាយជាមូលធនមនុស្សដ៏សំខាន់សម្រាប់បន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ និងប្រកបដោយភាពធន់, សមធម៌, និងបរិយាបន្ននាពេលអនាគត៕