គិតត្រឹមដើមខែសីហា ឆ្នាំ២០២៣ ប.ស.ស. បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាល ជាង១ ៥០០ មូលដ្ឋាន

2023-09-14
2296

មន្ត្រីជាន់ខ្ពស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបញ្ជាក់ថា គិតត្រឹមដើមខែសីហា ឆ្នាំ២០២៣ នេះ ប.ស.ស. បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលទាំងរដ្ឋ និងឯកជនចំនួនជាង១ ៥០០ មូលដ្ឋាន ដែលមានសមាជិកទៅទទួលសេវាថែទាំសុខភាពជិត ១៥លានដង។

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យ ប.ស.ស. បានមានប្រសាសន៍ថា ប្រព័ន្ធសន្តិសុខសង្គមធានាបាននូវសន្តិសុខប្រាក់ចំណូលរបស់សមាជិក ប.ស.ស. ដោយសារការឈឺថ្កាត់ មាតុភាព គ្រោះថា្នក់ការងារ និកម្មភាព ពិការភាព ជរាភាព និងមរណភាព ដោយធានាថាគ្មានប្រជាពលរដ្ឋណាម្នាក់ស្ថិតនៅក្រៅការគាំពារនោះទេ។ 

ឯកឧត្តមបណ្ឌិតមានប្រសាសន៍ដូច្នេះក្នុងកិច្ចសម្ភាសន៍ក្នុងកម្មវិធី «វែកញែកជាមួយសុភ័ក្រ» របស់ស្ថានីយ៍ទូរទស្សន៍ CNC និង CBS Digital ក្រោមប្រធានបទ «តើមានប្រជាពលរដ្ឋកម្ពុជាចំនួនប៉ុន្មាននាក់ហើយ បានប្រើប្រាស់នូវរបបសន្តិសុខសង្គម?» នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិតបានថ្លែងថា៖ «គិតត្រឹមដើមខែសីហា ឆ្នាំ២០២៣នេះ ប.ស.ស. បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាល ទាំងរដ្ឋ និងឯកជន ចំនួន ១ ៥១៦មូលដ្ឋាន ដែលមានសមាជិកទៅទទួលសេវាថែទាំសុខភាពជិត ១៥លាន ដង.នាក់ ក្នុងនោះសមាជិកជាស្រ្តី ជាង ១០,៥ លាន ដង.នាក់ បើគិតចាប់ពីពេលអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព នៅឆ្នាំ២០១៦»។ 

បើតាមការបញ្ជាក់ពីឯកឧត្តមបណ្ឌិត បច្ចុប្បន្ន ប.ស.ស. មានសមាជិក ទាំងវិស័យសាធារណៈ វិស័យឯកជន និងបុគ្គលស្វ័យនិយោជន៍ មានប័ណ្ណសមាជិកមានសុពលភាពចំនួន ១ ៩៤២ ១០៧នាក់ ក្នុងនោះក៏មានបុគ្គលស្វ័យនិយោជន៍ បានចុះបញ្ជី និងបានបង់ភាគទានដោយស្ម័គ្រចិត្តទៅ ប.ស.ស. ចំនួន ១៨ ៩៨៧នាក់ផងដែរ។ 

ឯកឧត្តមបណ្ឌិតក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រកបរបររកស៊ីដោយខ្លួនឯងទាំងអស់ចូលរួមសាកល្បងចុះបញ្ជីជាមួយ ប.ស.ស. តាមរបបបង់ភាគទានស្ម័គ្រចិត្ត ដែលកំពុងសាកល្បងនេះ ដើម្បីទទួលបាននូវសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត និងទទួលបានអត្ថប្រយោជន៍ផ្សេងៗពី ប.ស.ស.។

លោក លៀង ពន្លក ប្រធាននាយកដ្ឋានគោលនយោបាយសន្ដិសុខសង្គម នៃ ប.ស.ស បានលើកឡើងថា ប្រព័ន្ធសន្ដិសុខសង្គម ដែល ប.ស.ស. ជាប្រត្តិបត្តិករ បាននឹងកំពុងអនុវត្តនូវគោលនយោបាយរបស់ខ្លួនយ៉ាងច្បាស់លាស់ ល្អប្រសើរ។ ស្ថាប័ន ប.ស.ស. បាននឹងកំពុងខិតខំប្រឹងប្រែងក្នុងការរៀបចំ និងពង្រឹងគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងវិធានការពាក់ព័ន្ធនានា ដើម្បីការអភិវឌ្ឍវិស័យសន្ដិសុខសង្គមទទួលបានជោគជ័យ ប្រកបដោយចីរភាព និងបរិយាបន្ន។ 

លោកថ្លែងដូច្នេះក្នុងឱកាសលោកអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូលឆ្លើយតបទៅលើប្រធានបទស្តីពី «គណនេយ្យភាពសង្គមក្នុងប្រព័ន្ធគាំពារសង្គម» ជូនដល់ថ្នាក់ដឹកនាំតំណាងមកពីអង្គការចំនួន១១ និងដៃគូពាក់ព័ន្ធនានា ដើម្បីពិភាក្សាស្វែងយល់ឱ្យស៊ីជម្រៅអំពីគោលនយោបាយរបស់ប្រព័ន្ធសន្ដិសុខកម្ពុជា ដែលរៀបចំឡើងដោយអង្គការ OXFAM ក្រោមការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពីមូលនិធិ Laudes Foundation កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារសោម៉ាទេវី ខេត្តសៀមរាប ដែលមានអ្នកចូលរួមចំនួន១៥០នាក់។

លោក លៀង ពន្លក បានបញ្ជាក់បន្ថែមថា៖ «ដើម្បីរួមចំណែកលើកកម្ពស់គណនេយ្យភាពសង្គមឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ស្ថាប័ន ប.ស.ស. តែមួយពុំអាចអនុវត្តដោយម្នាក់ឯងបានទេ តម្រូវឱ្យភាគីពាក់ព័ន្ធរួមចំណែកទាំងអស់គ្នា ពិសេសប្រជាពលរដ្ឋត្រូវចូលរួម និងត្រូវយល់ច្បាស់ពីសិទ្ធិរបស់ខ្លួន»។

លោកមានប្រសាសន៍ថា៖«ទន្ទឹមនឹងនេះ សម្រាប់សមាជិក ប.ស.ស. ផ្ទាល់ នៅពេលទៅទទួលសេវាព្យាបាល គឺប្រើប្រាស់ដូចគ្នាដោយពុំមានបែងចែកឋានៈ ឬតួនាទីឡើយ ហើយនៅពេលដែលបងប្អូនសមាជិកជួបប្រទះនូវបញ្ហា សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ១២៨៦ ឬបណ្ដាញសង្គមរបស់ ប.ស.ស. ដើម្បីទទួលបាននូវដំណោះស្រាយ និងព័ត៌មានយ៉ាងឆាប់រហ័ស ដែលនេះបង្ហាញពីការទទួលខុសត្រូវចំពោះការផ្ដល់សេវាដ៏ពិតប្រាកដ ប្រកបដោយគណនេយ្យភាព និងតម្លាភាព»។ 

ដោយឡែក ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍នៅក្នុងពិធីបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវអគារស្នាក់ការកណ្តាល ប.ស.ស. ថ្មី កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថា ប្រព័ន្ធគាំពារសង្គមកម្ពុជា គឺជាសរសរស្ដមដែលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសង្គមមួយប្រកបដោយភាពសុខដុម និងជាមូលដ្ឋានគ្រឹះសម្រាប់កសាងប្រទេសឱ្យមានភាពធនរឹងមាំ និរន្តរភាព សមធម៌ និងបរិយាបន្ន ព្រមទាំងជួយអភិវឌ្ឍន៍សង្គមជាតិ ស្របតាមគោនយោបាយរបស់រាជរដ្ឋាភិបាល។

ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ បានកំណត់យកអភិបាលកិច្ចល្អជាមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងប្រព័ន្ធគាំពារសង្គម ព្រមទាំងមានការកំណត់ដោយបែងចែកមុខងារស្ថាប័នពាក់ព័ន្ធជា៣កម្រិតដោយរួមមាន កម្រិតគោលនយោបាយ, កម្រិតនិយ័តករ, និងកម្រិតប្រតិបត្តិករ ដែលក្នុងនោះ ប.ស.ស. គឺជាប្រតិបត្តិករក្នុងការអនុវត្តប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជាផងដែរ។

ក្រសួងការងារបានដាក់ទិសដៅជាយុទ្ធសាស្ត្រដើម្បីចូលរួមចំណែកពង្រឹង និងពង្រីកប្រព័ន្ធគាំពារសង្គម ដោយបន្ដពង្រឹងប្រព័ន្ធសន្ដិសុខសង្គមឱ្យកាន់តែរឹងមាំ តាមរយៈការពង្រឹងប.ស.ស. និងបន្ដអនុវត្តគោលនយោបាយតម្រូវឱ្យនិយោជកមានកាតព្វកិច្ចបង់ភាគទានជំនួសកម្មករនិយោជិត ១០០ភាគរយសម្រាប់របបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ព្រមទាំងបន្ដសិក្សាសមិទ្ធលទ្ធភាពរៀបចំដាក់ឱ្យដំណើរការផ្នែកនិកម្មភាពការងារ។

ក្រសួងក៏បានចេញដាក់ទិសដៅបន្ដអនុវត្តគោលនយោបាយរដ្ឋបង់ភាគទានជំនួសមន្ដ្រីសាធារណៈ ចំពោះរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន និងបង់ជំនួសអតីតមន្ដ្រីរាជការ និងអតីតយុទ្ធជនព្រមទាំងអ្នកនៅក្នុងបន្ទុកចំពោះរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព។

ក្រសួងក៏មានទិសដៅរៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តដើម្បីពង្រីកវិសាលភាពនៃការអនុវត្តរបបសន្ដិសុខសង្គមដល់សហគ្រិន និងកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកស្ម័គ្រចិត្តដទៃផ្សេងទៀត ព្រមទាំងជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីពង្រីកការគ្របដណ្ដប់របបសន្ដិសុខសង្គមដល់បុគ្គលក្នុងវិស័យសាធារណៈ បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុក។

ក្រៅពីនេះក្រសួងនឹងជំរុញការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងមន្ត្រីប.ស.ស. ក្នុងការសិក្សាគោលនយោបាយពាក់ព័ន្ធនឹងការអភិវឌ្ឍ និងពង្រីករបបសន្តិសុខសង្គម និងការរៀបចំផែនការវិនិយោគមូលនិធិសន្តិសុខសង្គម ដែលផ្តល់ផលប្រយោជន៍ដល់សមាជិកបេឡាជាតិសន្តិសុខសង្គម។

ប.ស.ស មាន​ភារ​កិច្ច​ផ្តល់​នូវ​សន្តិសុខ​សង្គម​ជា​មូល​ដ្ឋាន​ជូន​កម្មករ​និយោជិត​ទាំងអស់​ដែលធ្វើ​ការ​ក្នុង​វិស័យ​ឯក​ជន។ ប.ស.ស ចុះ​បញ្ជិកា​សមាជិក ទទួល​ភាគ​ទាន​របស់​សមាជិក​នោះ គ្រប់​គ្រង​មូល​និធិ​នៃ​របប ដំណើរការ និង​ផ្តល់​តាវ​កា​លិក​ដល់​សមាជិក ឬ​អ្នក​នៅ​ក្នុង​បន្ទុក។

​ប.ស.ស មានចក្ខុវិស័យដើម្បី​ក្លាយ​ជា​អង្គ​ភាព​នាំ​មុខ​គេ​ក្នុង​ការ​ផ្តល់​ឲ្យ​នូវ​សេវា​សន្តិសុខ​សង្គម និងមានបេសកកម្ម​បម្រើ​សេវា​កម្ម​ផ្នែក​ហានិភ័យ​ការងារ​ដល់​សមាជិក​ទាំងអស់​ដែល​បាន​ចុះ​បញ្ជិកា​ទាន់ពេល​វេលា​ដើម្បី​ជួយ​បន្ថូ​រ​​បន្ថយ​បន្ទុក​ក្នុង​សង្គម និង​ជួយ​លើក​កម្ពស់​ស្ថិរភាព​សង្គម។

ប.ស.ស ប្តេជ្ញាចិត្ត​ផ្តល់​ជូន​នូវ​សន្តិសុខ​សង្គម​ជាមូល​ដ្ឋាន​សម្រាប់​ប្រជាជន​ទាំងអស់​ដែល​កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេស​កម្ពុជា, បំលាស់​ប្តូរ​នៃ​ការ​សន្សំ​សំចៃ​ក្នុង​ស្រុក​សម្រាប់​អភិវឌ្ឍ​ជាតិ, លើក​កម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​អំពីសារៈ​ប្រយោជន៍​នៃ​សន្តិសុខ​សង្គម, និងលើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ​ជា​សមូហ​ភាព៕