រោងចក្រ សហគ្រាសចំនួន២៥កន្លែងនឹងត្រូវបានបង្កើតនៅខេត្តកំពង់ស្ពឺនាចុងឆ្នាំ២០២៣ ដែលត្រូវការកម្លាំងពលកម្មប្រមាណ ២៣ ០០០កន្លែង

2023-09-14
3336

រដ្ឋបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០៣ បានឱ្យដឹងថា រោងចក្រ សហគ្រាសចំនួន២៥កន្លែងនឹងត្រូវបានបង្កើតនៅខេត្តកំពង់ស្ពឺនាចុងឆ្នាំ២០២៣នេះ ដែលជាជំហានដំបូងត្រូវការកម្លាំងពលកម្មប្រមាណ ២៣ ០០០កន្លែង។

ការប្រកាសគម្រោងបង្កើតរោងចក្រទាំងនេះធ្វើឡើងនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែល ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារ និងពិនិត្យច្រវ៉ាក់ផលិតកម្មតាមបណ្តារោងចក្រ សហគ្រាស នៅខេត្តក្វាងចូវ ប្រទេសចិន។
រដ្ឋបាលខេត្តកំពង់ស្ពឺបានឱ្យថា ឯកឧត្តម វ៉ី សំណាង បានដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារ និងទស្សនៈកិច្ចផ្ទាល់នៅសួនឧស្សាហ៍កម្ម SITOY GROUP ស្ថិតនៅសង្កាត់ហូវ ជៀក ក្រុងតុង ហ្គ័ន ដែលមាន៤រោងចក្រ សហគ្រាស ដែលកំពុងផលិតកាបូបម៉ាកយីហោល្បីៗនាំចេញទៅក្រៅប្រទេស ហើយម៉ាកយីហោទាំងអស់នេះ នឹងទៅបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ។
លោក Teras Yeung អគ្គនាយកក្រុមហ៊ុន SITOY GROUP បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកប្តេជ្ញាដោយភាពជឿជាក់ថានឹងទៅបង្កើតសាខានៅខេត្តកំពង់ស្ពឺចំនួន ២ រោងចក្រ គឺផលិតកាបូបម៉ាកល្បីៗ ដែលមានតម្រូវការកម្លាំងពលកម្មជំហានដំបូងចំនួនប្រមាណ ៣ ០០០កន្លែង។ នេះបើតាមការប្រកាសរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ។
ឯកឧត្តម វ៉ី សំណាង ក៏បានបំពេញទស្សនៈកិច្ចផ្ទាល់នៅសួនឧស្សាហ៍កម្ម ហុង អ៉ី ដែលមានរោងចក្រ សហគ្រាសចំនួន ៦ កាត់ដេរសម្លៀកបំពាក់ ដែលនឹងត្រូវទៅបង្កើតនៅខេត្តកំពង់ស្ពឺ ដែលមានតម្រូវការកម្លាំងពលកម្មជំហានដំបូងប្រមាណ ៦ ០០០កន្លែង។
ក្រៅពីនេះ ឯកឧត្តមអភិបាលខេត្តក៏បានចុះទៅធ្វើទស្សនកិច្ចនៅសួនឧស្សាហកម្ម ហ្វីចូវ ផងដែរ ដែលមាន ៤៤ រោងចក្រ សហគ្រាស ជារោងចក្រ ផលិតសម្លៀកបំពាក់ និងតម្បាញ, ផលិតស្បែកជើង, គ្រឿងបង្គុំអេឡិកត្រូនិក, ស្រោមទូរស័ព្ទនិងស្គ្រីន (Screen) ទូរស័ព្ទ, ជ្រលក់ព័ណ៌ក្រណាត់។ សួនឧស្សាហកម្មនេះមាន រោងចក្រ សហគ្រាស ១៧ ដែលនឹងត្រូវទៅបង្កើតនៅខេត្តកំពង់ស្ពឺ ដែលមានតម្រូវការកម្លាំងពលកម្មជំហានដំបូងប្រមាណ ១៤ ០០០នាក់។ 
រដ្ឋបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា៖ «សរុបជារួម រោងចក្រ សហគ្រាស ដែលនឹងត្រូវទៅបង្កើតនៅខេត្តកំពង់ស្ពឺ មានចំនួន ២៥កន្លែង ហើយជាជំហានដំបូងនេះ មានតម្រូវការកម្លាំងពលកម្មប្រមាណ ២៣ ០០០កន្លែង ដែលនឹងត្រូវមានវត្តមាននៅខេត្តកំពង់ស្ពឺ នាចុងឆ្នាំ២០២៣ នេះ លើតម្រូវការសរុបប្រមាណជាង៥០ ០០០កន្លែង»។
របាយការណ៍ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៣ ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសចំនួន៣៨៥ មានកម្មករ និយោជិតជាង ១៥៥ ០០០នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៨១លានដុល្លារក្នុង១ឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរមានចំនួន១៩១ មានកម្មករនិយោជិតសរុបជាង ១៤៥ ០០០ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៥១លានដុល្លារក្នុង១ឆ្នាំ។ ខេត្តកំពង់ស្ពឺ ជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ។
កាលពីខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្ពោធជាផ្លូវការក្រុមហ៊ុនផលិតស្បែកជើងមួយឈ្មោះ អល វីន ស៊ូ (ខេមបូឌា) ឯ.ក ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោគសរុបប្រមាណ៦,៤លានដុល្លារអាមេរិក។ 
លោក ហ៊ូ ឆាវហួយ អគ្គនាយកក្រុមហ៊ុន អល វីន ស៊ូ (ខេមបូឌា) បានមានប្រសាសន៍ថា រោងចក្ររបស់ក្រុមហ៊ុនអាចផលិតស្បែកជើងសុវត្ថិភាព និងស្បែកជើងសម្រាប់រដូវរងាស្តង់ដាអន្តរជាតិប្រមាណ ៣លានគូក្នុង១ឆ្នាំ សម្រាប់បម្រើឱ្យការប្រើប្រាស់ក្នុងផ្ទះក្នុងឧស្សាហកម្ម ពាណិជ្ជកម្ម និងដើម្បីនាំចេញទៅលក់នៅទីផ្សារសហរដ្ឋអាមេរិក។ 
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ថា៖ «ការវិនិយោគរបស់ក្រុមហ៊ុន អល វីន ស៊ូ (ខេមបូឌា) ឯ.ក ជាការវិនិយោគថ្មីមួយទៀតសម្រាប់ការផលិត នាំចេញស្បែកជើង ទាំងស្បែកជើងសុវត្ថិភាព និងស្បែកជើងសម្រាប់រដូវរងាស្តង់ដាអន្តរជាតិ។ នេះក៏ជាការបន្ថែមឱកាសការងារដល់កម្មករនិយោជិតក្នុងស្រុកជាច្រើនសន្ធឹកសន្ធាប់ បង្កើតប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅទាំងកម្រិតបុគ្គល និងកម្រិតសហគមន៍ផងដែរនោះ»។
ឯកឧត្តមបណ្ឌិតបានកោតសរសើរររដ្ឋបាលខេត្តកំពង់ស្ពឺ និងក្រុមការងារ ដែលកន្លងមកបានយកចិត្តទុកដាក់ដល់កម្មករនិយោជិត និងនិយោជកនៅក្នុងខេត្ត ជាពិសេសការចូលរួមអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការទាក់ទាញវិនិយោគទុនឱ្យបង្កើតរោងចក្រ សហគ្រាសនៅតាមបណ្តាខេត្ត ដើម្បីបង្កើតការងារ និងមុខរបរជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ 
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា៖ «សមិទ្ធផលខាងលើនេះ គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ ការប្រែក្លាយតំបន់ដីចម្ការមីន ដីគ្មានប្រជាពលរដ្ឋរស់នៅ តំបន់អតីតសមរភូមិ តំបន់ជម្លោះព្រំដែនទៅជាតំបន់សន្តិភាព សហប្រតិការ និងការអភិវឌ្ឍ ក្លាយទៅទៅជាតំបន់ប្រជុំជន មានហេដ្ឋារចនាសម្ពន្ធផ្លូវ ថ្នល់ ស្ពាន មានផ្សារ សាលារៀន មន្ទីរពេទ្យ វត្តអារាម មានរោងចក្រពង្រាយរហូតដល់តាមបណ្តាខេត្ត ប្រជាពលរដ្ឋមានការងារធ្វើ មានមុខរបរចិញ្ចឹមជីវិត មានប្រាក់ចំណូល ក្រៅពីធ្វើស្រែធ្វើចម្ការ»។
រាជរដ្ឋាភិបាលបានកំណត់ជាអាទិភាពខ្ពស់ ដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ បន្តទាក់ទាញវិនិយោគ ពង្រឹងភាពប្រកួតប្រជែង និងធានាបានកំណើនខ្ពស់ បន្តការបង្កើតការងារកាន់តែប្រសើរ និងបង្កើនប្រាក់ចំណូលប្រកបដោយស្ថិរភាព និងបរិយាបន្ន។
រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញការអនុវត្តគោលនយោបាយសំខាន់ៗមួយចំនួន ដូចជា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥, គោលនយោបាយជាតិ ស្តីពីមុខរបរនិងការងារឆ្នាំ២០១៥-២០២៥, និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥។
ក្រៅពីនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បាននិងកំពុងជំរុញការអនុវត្តក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣, គោលនយោបាយស្តីពីពលករទេសន្តប្រវេសន៍ ឆ្នាំ២០១៩-២០២៣, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ព្រមទាំងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បាននិងកំពុងជំរុញការអនុវត្តនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីកសាងបានកម្លាំងពលកម្មដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់៕