មន្ត្រីជាន់ខ្ពស់៖ កម្ពុជាជា «ប្រទេសដំបូងគេ» ដែលមានរបបសន្តិសុខសង្គមផ្នែកស្វ័យនិយោជន៍

2023-09-14
1370

មន្ត្រីជាន់ខ្ពស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបញ្ជាក់ថា ប្រទេសកម្ពុជាគឺជា «ប្រទេសដំបូងគេ» ដែលមានរបបសន្តិសុខសង្គមផ្នែកស្វ័យនិយោជន៍ ហើយថាគម្រោងថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍នេះអាចនឹងជោគជ័យ ដោយក្នុង១ថ្ងៃ បុគ្គលស្វ័យនិយោជន៍រហូតដល់ទៅប្រមាណ៦០០នាក់បានចុះឈ្មោះសាកល្បងប្រើប្រាស់គម្រោងនេះ។

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រកាសដាក់ឲ្យអនុវត្តគម្រោងសាកល្បងរបបថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍តាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ដែលគិតរហូតមកដល់ពេលនេះមានរយៈពេលជាង៤ខែមកហើយ។

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យ ប.ស.ស. បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយស្ថានីយ៍ទូរទូស្សន៍បាយ័ន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ថា៖ «នៅប្រទេសកម្ពុជាយើងគឺជាប្រទេសដំបូងគេហើយ ដែលមានរបបសន្តិសុខសង្គមផ្នែកស្វ័យនិយោជន៍នេះ។ ខ្ញុំក្នុងនាមជាប្រតិបត្តិករ សូមអំពាវនាវដល់បងប្អូនអាជីវករ ក៏ដូចជាអ្នករត់ម៉ូតូPassApp កង់បី និយាយជារួមគឺមានន័យថាអ្នកដែលប្រកបរបរដោយខ្លួនឯង រកស៊ីដោយខ្លួនឯង អាចមកចុះឈ្មោះសាកល្បងប្រើប្រាស់គម្រោងថែទាំសុខភាពតាមរបបភាគទានស្ម័គ្រចិត្តនេះបាន»។

ឯកឧត្តមបណ្ឌិតបន្ថែមថា ដើម្បីឲ្យគម្រោងនេះទទួលបានជោគជ័យ លុះត្រាតែមានសមាជិកច្រើនចុះបញ្ជីប្រើប្រាស់គម្រោងសាកល្បងនេះ ទើប ប.ស.ស. អាចធ្វើការវិភាគថាតើរបបផ្នែកស្ម័គ្រចិត្តនេះដំណើរការដោយជោគជ័យដែរឬទេ។ ប្រសិនបើអ្នកដែលចូលរួមជាមួយស.ស.ស. មានចំនួនតិចពេក វាធ្វើឲ្យការវិភាគនេះ មិនមានប្រសិទ្ធភាព។

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ មានប្រសាសន៍ថា៖ «ដូចយើងដើររបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដំបូងអ៊ីចឹង គឺយើងធ្វើ Pilot scheme [គម្រោងសាកស្បង] ដូចគ្នា។ អ៊ីចឹង មានកម្មករប្រហែលជា៥ ០០០ [ទៅ] ៦ ០០០ [នាក់] ដើម្បីចូលរួមធ្វើជាគម្រោងស្ម័គ្រចិត្តនេះ។ ប៉ុន្តែប្រសិនបើយើងងាកមកមើលបច្ចុប្បន្ននេះវិញ គ្រាន់តែប៉ុន្មានខែចុងក្រោយនេះវិញ ឃើញថាចំនួនឡើងដល់ជាង២ម៉ឺន [នាក់] ហើយ។ ជារៀងរាល់ថ្ងៃជាមធ្យមគឺចំនួនដែលចុះបញ្ជីហ្នឹងប្រហែលជា៥០០ [នាក់] ទៅ៦០០នាក់ ទូទាំងប្រទេសតែម្តង។ អ៊ីចឹង យើងឃើញថា គម្រោងនេះអាចនឹងជោគជ័យ»។

ឯកឧត្តមបណ្ឌិតពន្យល់ថា «បុគ្គលស្វ័យនិយោជន៍» គឺជាប្រភេទបុគ្គលដែលរកស៊ីដោយខ្លួនឯង និងមិនមានប្រាក់ចំណូល។ វាមានន័យថា ពួកគាត់រកស៊ីខ្លួនឯង មិនមានធ្វើការ មិនមាននិយោជក និងមានប្រាក់ចំណូលផ្ទាល់ខ្លួន។ ដូច្នេះ ពួកគាត់អាចមានសិទ្ធស្ម័គ្រចិត្តចុះបញ្ជីនៅក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍បាន។

ទាក់ទងនឹងការចុះបញ្ជីស្ម័គ្រចិត្តនេះ ឯកឧត្តមបណ្ឌិតលើកឡើងថា សម្រាប់អត្រាភាគទានក្នុង១ខែ បុគ្គលស្វ័យនិយោជន៍ត្រូវបង់១៥ ៦០០រៀល។ សម្រាប់សិស្ស និស្សិតដែលមានចំណូលផ្ទាល់ខ្លួន ប.ស.ស. មិនហាមឃាត់នោះទេនៅក្នុងការចូលរួម។ ពួកគាត់អាចចុះឈ្មោះសាកល្បងប្រើប្រាស់គម្រោងថែទាំសុខភាពនេះបាន។​

លោកស្រី ជា សោភីន ប្រកបរបរជាជាងកាត់ដេរ បានផ្តល់បទសម្ភាសន៍ដល់ ប.ស.ស ថា៖ «ដល់ពេលយើងមានអាហ្នឹង [បណ្ណ ប.ស.ស.] ទៅ! ដល់ពេលយើងឈឺអី យើងចូលពេទ្យទៅ វាអត់អស់លុយ។ អត់មានអាបណ្ណហ្នឹងទេ ព្យាបាលជំងឺ អស់លុយ។ ដល់ពេលមានបណ្ណនេះយើងអត់ភ័យព្រួយទេ!។ សូមអរគុណដល់រដ្ឋាភិបាលដែលបានផ្តល់បណ្ណ [ប.] ស.ស ហ្នឹងឱ្យប្រជាជន»។

ប្រជាពលរដ្ឋជាស្ត្រីម្នាក់ដែលបានទៅចុះឈ្មោះធ្វើបណ្ណ ប.ស.ស. បានផ្តល់បទសម្ភាសន៍ដល់ប.ស.ស ថា៖​ «​ខ្ញុំធ្លាប់ស្រមៃដែរ។ ខ្ញុំថាមិនអាចធ្វើ [បណ្ណ ប.ស.ស.] បាន មានតែមន្ត្រីរាជការដែលអាចធ្វើបាន។ ប៉ុន្តែដល់ពេលរាជរដ្ឋាភិបាលបើកឱ្យប្រជាពលរដ្ឋអាចមានសិទ្ធិធ្វើ ខ្ញុំសប្បាយចិត្ត ដែលជួយកាត់បន្ថយការចំណាយដែលទៅពេទ្យ ព្រោះយើងអត់ដឹងថា ខ្លួនយើងឈឺនៅពេលណា»។

ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. មានប្រសាសន៍កាលពីខែកក្កដា ឆ្នាំ២០២៣ថា របបភាគទានដោយស្ម័គ្រចិត្តត្រូវបានចែងក្នុងច្បាប់ស្ដីពីរបបសន្តិសុខសង្គមរួចហើយ។ តាមការអនុវត្តន៍សាកល្បងកន្លងមកលើបុគ្គលស្វ័យនិយោជន៍ ប្រជាពលរដ្ឋមានការសាទរ និងគាំទ្រយ៉ាងច្រើន។

ឯកឧត្តម ម៉េង ហុង អគ្គនាយករង ប.ស.ស.​ មានប្រសាសន៍កាលពីខែមីនា ឆ្នាំ២០២៣ ថា របបសន្ដិសុខសង្គមមិនមែនអនុវត្តចំពោះតែកម្មករនិយោជិតនៅតាមរោងចក្រ និងសហគ្រាស គ្រឹះស្ថានធំៗនោះទេ តែអនុវត្តនៅគ្រប់សហគ្រាស និងគ្រឹះស្ថាន ដែលប្រើប្រាស់កម្មករនិយោជិតចាប់ពី១នាក់ឡើងទៅ។ បុគ្គលស្វ័យនិយោជន៍ ដែលរកស៊ីដោយខ្លួនឯង និងមិនមានទទួលប្រាក់ខែពីថៅកែ អាចបង់ភាគទានខ្លួនឯងដោយផ្ទាល់ទៅកាន់ ប.ស.ស. ដើម្បីទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព។

កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ប.ស.ស. បានសម្រេចឯកភាពយល់ព្រមលើការរៀបចំអនុញ្ញាតឱ្យមេធាវីពេញសិទ្ធិ និងមេធាវីកម្មសិក្សា អាចចុះបញ្ជីចូលជាសមាជិក ប.ស.ស. នៅក្នុងគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ ដើម្បីឱ្យសមាជិក គណៈមេធាវីទទួលបានអត្ថប្រយោជន៍របបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពនេះ។ ប.ស.ស. នឹងត្រៀមខ្លួនដើម្បីផ្ដល់ការគាំទ្រជាក់ស្ដែងទៅតាមតម្រូវការរបស់គណៈមេធាវី។

ការសម្រេចឯកភាពនេះធ្វើឡើងក្នុងជំនួបរវាង ឯកឧត្តម អ៊ុក សមវិទ្យា និងប្រតិភូគណៈមេធាវីកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។

ឯកឧត្តម លី ច័ន្ទតុលា បានមានប្រសាសន៍ក្នុងជំនួបនេះ ថា គិតមកដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ គណៈមេធាវីមានសមាជិកពេញសិទ្ធិ និងមេធាវីកម្មសិក្សាចំនួន ២ ៧០០នាក់។ ក្នុងអាណត្តិចុងក្រោយនេះ ចំនួនមេធាវីមានការកើនឡើង ដោយសារសេដ្ឋកិច្ចមានការរីកចម្រើន ហើយតម្រូវការផ្លូវច្បាប់មានច្រើន។

ឯកឧត្តម លី ច័ន្ទតុលា មានប្រសាសន៍ថា ទន្ទឹមនឹង ប.ស.ស. បានពង្រីកវិសាលភាពរបស់ខ្លួនសម្រាប់បុគ្គលស្វ័យនិយោជន៍ គណៈមេធាវីដែលមានមេធាវីកំពុងប្រកបវិជ្ជាជីវៈ និងមេធាវីកម្មសិក្សា មានបំណងចុះបញ្ជីជាសមាជិក ប.ស.ស. ក្នុងរបបសន្ដិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍។

ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ បានកំណត់ថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ត្រូវបានគិតគូរដោយមាន ប.ស.ស. ជាស្ថាប័នអនុវត្ត និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងនិយ័តករសន្តិសុខសង្គម៕