​រដ្ឋាភិបាល ​បន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ​ដែល​ត្រូវបាន​ព្យួរការងារ​

2023-10-28
2151

​ភ្នំពេញៈ រាជរដ្ឋាភិបាល​បន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភ ​(​លើក​ទី៩)​ ជូន​កម្មករនិយោជិត​នៅក្នុង​វិស័យ​កាត់ដេរ​ដែល​បម្រើ​ការងា​រ​នៅ​រោងចក្រ​ចំនួន​ ៣៩ នៃ​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ ផលិត​ស្បែក​ជើង និង​ផលិតផល​ធ្វើដំណើរ​និង​កាបូប ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យាការងារ ស្របតាម​ស្មារតី​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចុះ​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣​។​

​សេចក្តីជូនដំណឹង​បញ្ជាក់ដែរថា​៖ «​ប្រាក់ឧបត្ថម្ភ​នឹង​ផ្តល់ជូន​កម្មករនិយោជិត​ចំនួន​ ៣៩ ​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ ​១៦ រោង​ចក្រ ខេត្តកណ្តាល​ ៥ កំពង់ចាម ១ កំពង់ស្ពឺ​ ៧ តាកែវ ៦ កំពង់ឆ្នាំង ២ ស្វាយរៀង​១ និង​ខេត្ត​ព្រះ​សីហនុ ១​រោងចក្រ ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យាការងារ ក្នុង​ខែ កក្ក​​ដា សីហា​និង​កញ្ញា​ឆ្នាំ​ ២០២៣»​។​

​ក្នុងនោះ​ថវិកា​ចំនួន ៨១ ០០០ រៀល ​(២០ ដុល្លារ​អាមេរិក​) សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល​ ៧ ថ្ងៃ ដល់​ ១៤ ថ្ងៃ​និង​ថវិកា​ចំនួន ១៦២ ០០០ រៀល (៤០ ដុល្លារ​អាមេរិក​) សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈ​ពេល ១៥ ថ្ងៃ ដល់ ១ ខែ​។​

​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា​លោក ប៉ាវ ស៊ីណា យល់ថា ការផ្តល់ប្រាក់​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល សម្រាប់​កម្មករនិយោជិត គឺជា​ការឆ្លើយតប​ក្នុងស្ថានភាព​ដែល​កម្មករ​កំពុង​ជួប​ការលំបាក​ផ្នែក​សេដ្ឋកិច្ច ដោយសារតែ​រោងចក្រ​របស់​ពួក​គាត់​ព្យួរ​កិច្ចសន្យាការងារ ធ្វើឱ្យ​ពួកគាត់​បាត់បង់​នូវ​ប្រាក់​ឈ្នួល​និង​អត្ថប្រយោជន៍​ផ្សេងៗ​។

​ប៉ុន្តែ​លោក​ថា​៖ «​ការផ្តល់ប្រាក់​ឧបត្ថម្ភ​នេះ គួរតែ​ត្រូវបង្កើត​វា​ទៅជា​គោល​នយោបាយ​សម្រាប់​វិស័យ​ការ​​ងារ​វិញ​ល្អ​ជាង ព្រោះ​បានផ្តល់​ប្រយោជន៍​ដល់ក​ម្មករ​គ្រប់​វិស័យ​»​។ ទាក់ទង​នឹង​ការបញ្ជាទិញ​លោក​គិតថា ស្ថានភាព​នេះ ហាក់​មិនទាន់​វិល​មករក​ភាពប្រក្រតី​ដូច​មុន​ទេ​បើទោះបី​រដ្ឋាភិបាល បាននិងកំពុង​ប្រឹងប្រែង​ទាក់ទាញ​អ្នក​វិ​និ​យោគ ព្រមទាំង​ជួយ​សម្រួល​និង​ដោះស្រាយ​ការ​សំណូមពរ​របស់​ក្រុម​អ្នកវិនិយោគ ទាក់ទង​នឹង​តម្លៃ​អគ្គិសនី ថ្លៃ​ដឹកជញ្ជូន ។​ល​។

 

​លោក​ថា​៖« សង្គ្រាម រវាង រុស្សី និង អ៊ុយ​ក្រែ​ន បាន​បង្កឱ្យមាន​ការកាត់បន្ថយ​ការបញ្ជាទិញ ព្រោះ​តម្រូវការ​របស់​អ្នកប្រើប្រាស់​មានការ​ថយចុះ ហើយ​តម្លៃ​អតិ​ផ​រណា​មានការ​កើនឡើង ហើយ​សង្គ្រាម​រវាង អ៊ីស្រា​អែល និង ប៉ា​ឡេ​ស្ទី​ន ក៏​បង្កើន​នូវ​ក្តីបារម្ភ​ដល់​អ្នកបញ្ជា​ទិញ​ផងដែរ​ហើយ​បញ្ហា​នេះ​មិនមែន​តែ​កម្ពុជា​នោះទេ គឺ​គ្រប់​បណ្តា​ប្រទេស ដែលមាន​ការនាំចេញ​»​។​

​ចំណែក​ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក​អាត់ ធន់​ថ្លែងថា ការផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករនិយោជិត​ជា​រឿង​ល្អ ប៉ុន្តែ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ខណៈ​លោក​ចង់ឃើញ​មានការ​វិនិយោគ​ក្នុង​វិស័យនេះ​កាន់តែ​ប្រសើរ​។ លោក​ថា​៖«​រដ្ឋ​គួរ​រិះរក​វិធី​បង្កើត​ការងារ​ការវិនិយោគ ឬ​រក្សា​កិច្ច​ព្រមព្រៀង​នានា ដើម្បី​ជំរុញ​និង​បង្កើត​ការងារ​ជូន​ពលរដ្ឋ​កម្ពុជា​ឱ្យបាន​ច្រើន ដើម្បី​ធានា​និរន្តរភាព​ការងារ​ដល់​ពួកគាត់​»​។​

​ក្រសួង​ការងារ​ក៏បាន​រំឭក​ដែរ​ថា ធនាគារ​វី​ង នឹង​បង្វិល​ប្រាក់ឧបត្ថម្ភ​នេះ​ជូន​រាជរដ្ឋាភិបាល​វិញ ប្រសិនជា​បងប្អូន​ខក​ខាន មិនបាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ ក្នុង​រយៈពេល ២១ ថ្ងៃ បន្ទាប់ពី​ទទួលបាន​សារ​តាម​ទូរស័ព្ទ​ពី​ធនាគារ​។ ហេតុនេះ ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​នេះ «​បងប្អូន​ត្រូវយក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ទូរស័ព្ទ​ដែល​ទទួលបាន​សារ​នោះ ទៅកាន់​ភ្នាក់ងារ​វី​ង​ដែល​នៅ​ជិត​បំផុត​»​។

​ក្នុងករណី ​«​បងប្អូន​កម្មករ​-​និយោជិត​» ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​ទាំង ​៣៩ ​នេះ​មិន​បានទទួល​សារ​ទូរស័ព្ទ​ពី​ធនាគារ​វី​ង​នោះទេ ក្រសួង​សូម​ស្នើឱ្យ​បង​​ប្អូន​ទំនាក់ទំនង​សួរ​ព័ត៌មាន​បន្ថែម ឬ​ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរស័ព្ទ​របស់ខ្លួន​ទៅ​រដ្ឋបាល​រោងចក្រ​របស់ខ្លួន ខណៈ​ក្រសួង​នឹង​បន្ត​ជូនដំណឹង​ដល់​បងប្អូន​កម្មករ​និ​យោ​ជិត​រោងចក្រ​ដទៃ​ផ្សេងទៀត ដែល​ទទួលបាន​ការអនុញ្ញាត​ព្យួរ​កិច្ចសន្យាការងារ​អំពី​ការបើក​ផ្ដល់ប្រាក់​ឧបត្ថម្ភ​នេះ​៕