ផែនទី​បង្ហាញផ្លូវ​ស្ដីពី​ការអភិវឌ្ឍ​ជំនាញ​ឆ្នាំ​២០២៣-២០៣៥​ ជា​យុទ្ធសាស្ត្រ​គន្លឹះ​ជួយ​ពលរដ្ឋ​កម្ពុជា​ឱ្យមាន​ចំណូល​​ខ្ពស់​​

2023-12-08
2044

«​ផែនទី​បង្ហាញផ្លូវ ស្តីពី​ការ​អភិ​វ​ឌ្ឃ​ជំនាញ​នៅ​កម្ពុជា​ឆ្នាំ​២០២៣-២០៣៥» គឺជា​ផែនទី​គូសវាស​អភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា ដែលមាន​ចក្ខុវិស័យ​ដើម្បី​ផលិត ឬ​ប្រែក្លាយ​កម្លាំង​ពលកម្ម ឬ​ធនធានមនុស្ស​កម្ពុ​ជា ជា​ធនធាន​ជ​ន្ទ​ល់​សម្រាប់​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចជាតិ​ដែល​ប្រកបដោយ​សមត្ថភាព និង​ផលិតភាព​ខ្ពស់ ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារការងារ​បច្ចុប្បន្ន និង​អនាគត និង​ផ្តល់ឱកាស​ទទួល​បានកា​រ​សិក្សា​ពេញ​មួយជីវិត និង​ធានាថា​ប្រជាពលរដ្ឋ​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំជីវិត មាន​ការងារ​ធ្វើ​ល្អ​សមរម្យ មាន​សេចក្តីថ្លៃថ្នូរ និង​មាន​កម្រិតជីវភាព​កាន់តែ​ប្រសើរឡើង​។ នេះ​បើ​យោងតាម​គោលនយោបាយ​ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ផ្សព្វផ្សាយ​ក្នុង​គេហទំព័រ​ផ្លូវការ​របស់ខ្លួន​។​

​ទន្ទឹមនឹងនេះ លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិតសភា​កម្ពុជា បាន​ហៅ​ផែនទី​បង្ហាញផ្លូវ ស្តីពី​ការ​អភិ​វ​ឌ្ឃ​ជំនាញ​នៅ​កម្ពុជា​ឆ្នាំ​២០២៣-២០៣៥ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នាពេលនេះ ជា​យុទ្ធសាស្ត្រ​មួយ​ដ៏​សំខាន់ ដើម្បី​ប្រែក្លាយ​កម្លាំង​ពលកម្ម​ក្នុងប្រទេស​ពី​អតិពលកម្ម​ទៅជា​កម្លាំង​មាន​ជំនាញ​ជាក់លាក់​តាមរយៈ​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដែល​គូសវាស​យ៉ាង​ម៉ត់ចត់​នេះ​។

​សម្រាប់​លោក​បណ្ឌិត ផែនទី​នៃ​ការអភិវឌ្ឍ​ធនធានមនុស្ស​នេះ​នឹង​ធ្វើឱ្យ​ពលរដ្ឋ​មាន​ជំនាញ មាន​ចំណូល​ខ្ពស់ ត្បិត​ថា​ទីផ្សារការងារ​នឹង​ទាក់ទាញ​នូវ​ការវិនិយោគ​បែប​បច្ចេកវិទ្យា​ដែលមាន​តម្លៃបន្ថែម​ខ្ពស់ជាង​មុន ដែលជា​កត្តា​ធ្វើឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែប្រឡើង​។​

​សូមបញ្ជាក់ថា តាមរយៈ​គោលនយោបាយ​ផែនទី​បង្ហាញផ្លូវ ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នេះ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែលជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល បាន​ដាក់ចេញ​នូវ​សរសរ​ស្តម្ភ​យុទ្ធសាស្ត្រ​ចំនួន​៥​ដើម្បី​សម្រេច​មហិ្ច​តានេះ​។ ទី​១ ការ​ពង្រឹងគុណភាព​ការអប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ទី​២ ការលើកកម្ពស់​កិត្តិនាម និង​ការផ្សព្វផ្សាយ ទី​៣ ការអប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​ឧស្សាហកម្ម ទី​៤ អភិបាលកិច្ច និង​ភាពជា​អ្នកដឹកនាំ និង​ទី​៥​ចុងក្រោយ ការផ្តល់​ហិរញ្ញប្បទាន និង​ចីរភាព​។ តាមរយៈ​សរសរ​ស្តម​ទាំងនេះ ក្រសួង​រំពឹងថា​នឹង​មានលទ្ធភាព​បំពេញ​សក្តានុពល​នៃ​ការរីកចម្រើន​នា​ពេលបច្ចុប្បន្ន និង​អនាគត ដើម្បី​រួមចំណែក​រក្សា និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ក៏ដូចជា​ការ​អភិ​វ​ឌ្ឃ​ប្រកបដោយ​ចីរភាព​។

​យ៉ាងណាក៏ដោយ លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិតសភា​កម្ពុជា បាន​អះអាងថា ដើម្បីឱ្យ​គោលនយោបាយ​នេះ​ជោគជ័យ​ទៅបាន រដ្ឋាភិបាល​តែម្នាក់ឯង​មិនអាច​អនុវត្ត​ជោគជ័យ​បានឡើយ ដោយ​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​វិស័យ​ឯកជន និង​ពលរដ្ឋ​៕