


គណៈកម្មការចំពោះកិច្ចបានចេញចេញសេចក្ដីសម្រេចស្តីពីដំណោះស្រាយលើបញ្ហាតម្លៃសេវាប្រើប្រាស់ផ្លូវចូលចេញព្រលានយន្តហោះសៀមរាបអង្គរ រួមទាំងតម្លៃចំណតយានយន្ត។
ក្នុងសេចក្តីប្រកាសដែលទើបតែចេញផ្សព្វផ្សាយមុននេះ ក្រុមហ៊ុនបានយល់ព្រមធ្វើការបញ្ចុះតម្លៃក្នុងការប្រើប្រាស់ផ្លូវចូលចេញព្រលានយន្តហោះសៀមរាប-អង្គរ សម្រាប់រយៈពេលពីរឆ្នាំ (ឆ្នាំ២០២៤ និងឆ្នាំ២០២៥)។ ក្រុមហ៊ុនក៏បានឯកភាពមិនគិតកម្រៃថ្លៃចតសម្រាប់ការចូលទៅក្នុងព្រលានសៀមរាបអង្គរក្រោមរយៈពេល ១៥ នាទី សម្រាប់រថយន្តធុនតូចមិនលើស ៧ កៅអី និងរយៈពេល ៣០ នាទី សម្រាប់ប្រភេទរថយន្តផ្សេងទៀត។
ក្រោមការចង្អុលបង្ហាញនិងយកចិត្តទុកដាក់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាលើកង្វល់របស់បងប្អូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត សម្តេចបានឱ្យបង្កើតគណៈកម្មការចំពោះកិច្ចជាបន្ទាន់មួយ ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អភិបាលរងខេត្តសៀមរាប តំណាងក្រសួងស្ថាប័នដែលពាក់ព័ន្ធ ដើម្បីចុះទៅពិនិត្យ និងដោះស្រាយបញ្ហាជាបន្ទាន់ជូនបងប្អូនប្រជាពលរដ្ឋ។
ដោយឡែកកាលពីម្សិលមិញនេះដែរ គណៈកម្មការចំពោះកិច្ចដែលដឹកនាំដោយលោក ស៊ុន ចាន់ថុល បានចុះទៅពិនិត្យស្ថានភាពនៅទីតាំងអាកាសយានដា្ឋនអន្តរជាតិសៀមរាបអង្គរ និងបានប្រជុំជាមួយក្រុមហ៊ុនវិនិយោគក្នុងនោះបានធ្វើការពិភាក្សាចរចាហើយក៏សម្រេចយល់ព្រមធ្វើការបញ្ចុះតម្លៃបន្ថែម ក្នុងការប្រើប្រាស់ផ្លូវចូលចេញអាកាសយានដ្ឋានជាតិអង្គរ រួមទាំងតម្លៃប្រើប្រាស់ចំណតយានយន្តនៅក្នុងព្រលានសៀមរាប៕