យុវតី​មក​ពី​គ្រួសារ​ក្រីក្រ​នៅ​ ខេត្តស្វាយរៀង ​ពេញចិត្ត​ចំពោះ​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​ របស់​រាជរដ្ឋាភិបាល

2024-01-31
1348

រាជធានីភ្នំពេញ ៖ យុវតី ឈឹ​ម រចនា ដែល​កំពុង​រៀន​ជំនាញការ​ដំឡើង​បណ្ដាញ​អគ្គិសនី​ក្នុង​អគារ នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន ស្វាយ​រៀង​បាន​លើក​ឡើង​ថា ​ខ្លួន​ពេញចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​របស់​រាជរដ្ឋាភិបាល ហើយ​រូបគេ​សង្ឃឹមថា​ ការ​រៀន​ជំនាញ​វិជ្ជាជីវៈ​នឹង​អាច​ផ្លាស់​ប្តូ​ស្ថានភាព​គ្រួសារ​របស់​គេ​នា​ពេល​អនាគត ​។

យុវតី​រូប​នេះ​ថា ​៖ «​ដោយសារ​តែ​ខ្ញុំ​ពេញចិត្ត​ពីព្រោះ​វា​ជា​ឱកាស ​សម្រាប់​យុវជន ​ដែល​មាន​ជីវភាព​ខ្វះខាត​ អាច​រៀន​ជំនាញ​បច្ចេកទេស​ ដោយ​ឥត​គិតថ្លៃ ថែម​ទាំង​មាន​ប្រាក់​ឧបត្ថម្ភ​ថែម​ទៀត​»​ ។យុវតី​បន្ថែម​ថា ក្នុង​រយៈពេល​៣​ស​ប្តា​ហ៍​ក្នុង​ការ​ចាប់ផ្តើម​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​នេះ​ខ្លួន​បាន​សិក្សា​នូវ​ជំនាញ​ទន់ ប្រមុំ កា​រត​ចរន្ត​ក្នុង​គេហដ្ឋាន និង​ការ​សិក្សាការ​វាស់​តង់ស្យុង​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ ។ កម្មវិធី​សិក្សា​ទាំងនេះ​កញ្ញា​សង្ឃឹមថា​សិក្ខាកាម​អាច​ស្រូប​យកចំណេះ ជំនាញ​បាន​ឆាប់រហ័ស និង​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​យុវជន​ឱ្យមក​សិក្សា​បាន​គ្រប់​ៗ​គ្នា​ផង​ដែរ​ ។

យុវតី​ថា​ ៖ «​ក្រៅពី​សិក្សា​លើ​មុខ​វិជ្ជា​ទាក់ទង​និង​ជំនាញ ក្នុង​នោះ​ដែរ​គ្រូបង្រៀន​ក៏​បាន​ផ្តោត​លើ​ការ​បង្រៀន​ការ​ធ្វើ​ការងារ​ជា​ក្រុម ឱ្យ​ចេះ​សហការ​គ្នា ស្រលាញ់​គ្នា និង​មាន​ទំនាក់ទំនង​ល្អជា​មួយ​គ្នា​ផង​ដែរ ត្បិត​ការ​ចុះ​កម្មសិក្សា និង​ការ​ចូល​រោង​ជាង​អនុវត្ត​មិន​ទាន់​បាន​ចាប់ផ្តើម​នៅឡើយ​»​ ។

យុវតី​បន្ថែម​ថា នារី​ក៏​អាច​រៀន​ជំនាញ​ដំឡើង​បណ្ដាញ​អគ្គិសនី​បាន​ដែរ ត្បិត​ជំនាញ​នេះ​ភាគច្រើន​សំបូរ​តែ​បុរស​រៀន​នា​ពេល​កន្លង​មក ​។ យុវតី​រូប​នេះ​បាន​សម្រេចចិត្ត​រៀន​ជំនាញ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អាគារ​នេះ​ដោយ​ខ្លួនឯង ហើយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​គាត់​អាច​ធ្វើ​បាន និង​ជោគជ័យ​លើ​ជំនាញ​នេះ​ ។

យុវតី​បន្ត​ថា កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ​១,៥ លាន​នាក់​របស់​រាជរដ្ឋាភិបាល​ជា​ក្តី​សង្ឃឹម​តែ​មួយ​គត់​ដែល​អាច​ឱ្យ​ខ្លួន​បាន​សិក្សា​ជំនាញ​ទាំង​ដែល​គ្រួសារ​មាន​ជីវភាព​ក្រីក្រ ហើយ​អាច​មាន​ជំនាញ​មួយ​ច្បាសលាស់ អាច​រក​ការងារ​បាន​ធ្វើ មាន​ប្រាក់​ចំណូល​សមរម្យ​។ យុវតី​រូប​នេះ​រំពឹង​ថា​ខ្លួន​នឹង​ជា​អ្នក​ស្រោចស្រង់​ជីវភាព​គ្រួ​សារបាន​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន ខណៈ​ឪពុក​ម្តាយ​របស់​យុវតី​រូប​នេះ​កាន់តែ​ជរា​ទៅ​ពី​មួយ​ថ្ងៃ​ទៅ​ថ្ងៃ​ ។
គូសបញ្ជាក់​ផង​ដែរ​ថា កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ដែល​បាន​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​ ១៤ វិច្ឆិកា ឆ្នាំ​២០២៣​កន្លង​ទៅ​បាន​បោះ​ជំហាន​ទៅ​មួយ​ដំណាក់កាល​ទៀត​ហើយ ដោយ​កាលពី​ថ្ងៃ​ទី​ ១៥ មក​រា ឆ្នាំ​២០២៤​ កន្លង​ទៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រកាស​បើក​បវេសនកាល​ចូល​រៀន​ជា​ផ្លូវការ​នៅ​ទូ​ទាំង​ប្រទេស ​៕