


ខេត្តឧត្តរមានជ័យដែលស្ថិតនៅទិសឧត្តរមានភូមិសាស្រ្តជាប់ប្រទេសថៃ ជាខេត្តដែលកម្រិតប្រាក់ចំណូលសម្រាប់ពលរដ្ឋម្នាក់ៗទាបជាងគេក្នុងចំណោម ២៥ រាជធានីខេត្ត។
របាយការណ៍ពីវិទ្យាស្ថានស្ថិតិនៃក្រសួងផែនការបានបង្ហាញថា ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ (GDP Per Capital) ក្នុងខេត្តឧត្តរមានជ័យមានត្រឹម ១ ០០០ ដុល្លារអាមេរិក។
ក្នុងរបាយការណ៍ក៏បានលើកឡើងខេត្តជាប់តំបន់ឆ្នេរ គឺខេត្តព្រះសីហនុដែលប្រាក់ចំណូលសម្រាប់ពលរដ្ឋម្នាក់ច្រើនជាងគេមានរហូតដល់ ៤ ពាន់ដុល្លារ ខណៈរាជធានីភ្នំពេញឈរលេខ ២ ប្រាក់ចំណូលពលរដ្ឋម្នាក់ក្នុងរង្វង់ ៣ ពាន់ដុល្លារ។
លោក កែវ ចិត្រា ប្រធាននាយកដ្ឋានគណនេយ្យជាតិវិទ្យាស្ថានស្ថិតិនៃក្រសួងផែនការបានបញ្ជាក់ថា ខេត្តដែលមានសក្ដានុពលធំមានអ្វីសព្វបែបយ៉ាង ប្រាក់ចំណូលពលរដ្ឋម្នាក់ៗក៏មានកម្រិតខ្ពស់។លោកលើកឧទាហរណ៍ខេត្តវុងតៅប្រទេសវៀតណាម ជាទីតាំងបូមប្រេងដ៏ធំដែលកម្រិតប្រាក់ចំណូលរបស់ពលរដ្ឋម្នាក់ៗរង្វង់ ៩ ម៉ឺនដុល្លារ។ លោកថា ប្រាក់ចំណូលនេះមិនស្មើៗគ្នានោះទេ។ ការគណនាប្រាក់ចំណូលសម្រាប់ពលរដ្ឋរស់នៅក្នុងតំបន់មួយឬខេត្តមួយ អាស្រ័យតាមទំហំសេដ្ឋកិច្ចក្នុងខេត្តឬតំបន់នោះ។
លោកក៏លើកឡើងពីខេត្តស្ទឹងត្រែងដែលមានសំណង់វារីអគ្គិសនីដ៏ធំមួយ។ ដោយសារខេត្តស្ទឹងត្រែងមានផលិតកម្មវារីអគ្គិសនី ដែលជាប្រភពចំណូលដ៏ធំសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចខេត្តជាប់ទន្លេដងទន្លេមេគង្គមួយនេះ។
លោកបញ្ជាក់ពីមូលដ្ឋានក្នុងការគណនាកម្រិតប្រាក់ចំណូលសម្រាប់ប្រទេសមួយឬតំបន់មួយ គឺផ្អែកទៅតាមសេចក្ដីណែនាំរបស់អង្គការសហប្រជាជាតិ។
ផ្អែកតាមរបាយការណ៍ស្ថិតិរបស់ក្រសួងផែនការបានបង្ហាញថា រាជធានីខេត្តចំនួន ៥ ដែលពលរដ្ឋមានប្រាក់ចំណូលខ្ពស់ជាងគេទីមួយគឺខេត្តព្រះសីហនុចំណូលសម្រាប់មនុស្សម្នាក់គឺ ៤ ៦០២ ដុល្លារ រាជធានីភ្នំពេញឈរទី ២ ចំនួន ៣៩១៥ ដុល្លារ ខេត្តកណ្តាលឈរទី ៣ ចំនួន ២១៦១ ដុល្លារ ខេត្តមណ្ឌលគិរីឈរទី ៤ ចំនួន ២១២៣ ដុល្លារ និងខេត្តបាត់ដំបងឈរទី ៥ ១៨៧២ ដុល្លារ។ដោយឡែកខេត្តដែលមានប្រាក់ចំណូលពលរដ្ឋតិចជាងគេសគឹខេត្តឧត្តរមានជ័យ ដែលប្រាក់ចំណូលសម្រាប់ពលរដ្ឋម្នាក់គឺប្រមាណ ១០០០ ដុល្លារ ឈរទី ២ គឺខេត្តព្រះវិហារ ១១២៥ ដុល្លារ ទី ៣ ខេត្តកំពង់ធំ ១២៤៨ ដុល្លារ ទី ៤ ខេត្តកែប ១២៤៩ ដុល្លារ និងទី ៥ គឺខេត្តព្រៃវែង ១៣៦៣ ដុល្លារ។
ជាមួយប្រជាជនរស់នៅប្រមាណ ២៦ ម៉ឺននាក់ ទំហំសេដ្ឋកិច្ចរបស់ខេត្តឧត្តរមានជ័យមានត្រឹម ២៥៤ លានដុល្លារ ដែលចូលរួមចំណែកប្រមាណ ០,៩ នៃសេដ្ឋកិច្ចជាតិ។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ក្នុងសន្និសីទបង្ហាញពីវឌ្ឍនភាពរបស់រដ្ឋលខេត្តនៅទីស្តីការគណៈរដ្ឋមន្រ្តីកាលពីឆ្នាំ ២០២៣។ សេដ្ឋកិច្ចរបស់ខេត្តឧត្តរមានជ័យពឹងផ្អែកលើវិស័យ ៣ សំខាន់គឺ កសិកម្ម រ៉ែ និងទេសចរណ៍។
របាយការណ៍ស្ថិតិបង្ហាញពីចំណូលពលរដ្ឋម្នាក់ៗតាមបណ្តាខេត្តរាជធានីខេត្តទាំង ២៥ គឺគិតត្រឹមឆ្នាំ ២០២២ ខណៈដែលឆ្នាំ ២០២៣ ក្រសួងផែនការមិនទាន់បញ្ចេញរបាយការណ៍ផ្លូវការនៅឡើយ ហើយទិន្នន័យប្រាក់ចំណូលសម្រាប់ពលរដ្ឋម្នាក់អាចមានការប្រែប្រួល អាស្រ័យតាមទំហំសេដ្ឋកិច្ចរបស់ខេត្តក្រុងនីមួយៗ៕