


តំបន់សេដ្ឋកិច្ចពិសេសចំនួន ២៦ កន្លែង កំពុងដំណើរការនៅ ៩ រាជធានីខេត្ត ដែលបានបង្កើតការងារបានជិត ២០ ម៉ឺនកន្លែងដល់ពលរដ្ឋក្នុងមូលដ្ឋាន។ គិតត្រឹមខែឧសភា ឆ្នាំ ២០២៤ តំបន់សេដ្ឋកិច្ចពិសេសទាំង ២៦ កន្លែង មានគម្រោងវិនិយោគចំនួន ៧៣៤ គម្រោង ជាមួយទុនវិនិយោគប្រមាណ ៨.៩ ប៊ីលានដុល្លារ។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
តំបន់សេដ្ឋកិច្ចពិសេសទាំង ២៦ កន្លែងដែលកំពុងដំណើរការមាន៖
ខេត្តបន្ទាយមានជ័យ (៣ កន្លែង)
-តំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត អូរនាង
-តំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត
-តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ប៉ោយប៉ែត
ខេត្តកោះកុង (១ កន្លែង)
-តំបន់សេដ្ឋកិច្ចពិសេស នាង កុក កោះកុង
ខេត្តព្រះសីហនុ (០៥ កន្លែង)
-តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
-តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ
-តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ១
-តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី
-តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន-ស៊ីណូ
ខេត្តកំពត (០១ កន្លែង)
-តំបន់សេដ្ឋកិច្ចពិសេស កំពត
រាជធានីភ្នំពេញ និងខេត្តកណ្តាល (០៥ កន្លែង)
-តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញ
-តំបន់សេដ្ឋកិច្ចពិសេស ឃែរី វើលប្រីដ
-តំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ
-តំបន់សេដ្ឋកិច្ចពិសេស ហ្គូលហ្វេម ផាកស៊ុន
-តំបន់សេដ្ឋកិច្ចពិសេស អាល់ត្រា ផៅវ័រ
ខេត្តស្វាយរៀង (០៩ កន្លែង)
-តំបន់សេដ្ឋកិច្ចពិសេស ម៉ាន់ហាធែន ស្វាយរៀង
-តំបន់សេដ្ឋកិច្ចពិសេស តាយ សេង បាវិត
-តំបន់សេដ្ឋកិច្ចពិសេស ដ្រេហ្គន ឃីង
-តំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល
-តំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក
-តំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជានពូចាយ
-តំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គា រីសស
-តំបន់សេដ្ឋកិច្ចពិសេស អ៊ីនធើវៀ អូតូម៉ូធីវ ខមផ្លិច
-តំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត
ខេត្តក្រចេះ (០១ កន្លែង)
-តំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល
ខេត្តកំពង់ចាម (០១ កន្លែង)
-តំបន់សេដ្ឋកិច្ចពិសេស ជាំង ស៊ូ ផ្លូវជាតិលេខ៦
តំបន់សេដ្ឋកិច្ចពិសេសសំដៅដល់មជ្ឈមណ្ឌលពិសេស សម្រាប់អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ដែលប្រមូលផ្ដុំនូវសកម្មភាពឧស្សាហកម្ម និងសកម្មភាពពាក់ព័ន្ធដទៃទៀត ហើយអាចមានតំបន់ឧស្សាហកម្មទូទៅ ឬ/និងតំបន់ផលិតកែច្នៃនាំចេញ។
យោងតាមអនុក្រឹត្យលេខ ១៤៨ អនក្រ.បក ចុះក្នុងខែធ្នូ ឆ្នាំ២០០៥ ស្ដីពីការបង្កើត និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស តំបន់សេដ្ឋកិច្ចពិសេសនីមួយៗ ត្រូវមានមណ្ឌលផលិតកម្ម និងអាចមានមណ្ឌលពាណិជ្ជកម្មសេរី មណ្ឌលសេវាកម្ម មណ្ឌលលំនៅដ្ឋាន និងមណ្ឌលទេសចរណ៍។
វិនិយោគិនត្រូវបានលើកទឹកចិត្តឱ្យជ្រើសរើសការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដោយសារកត្តាងាយស្រួលនៃច្បាប់ទម្លាប់ការងារ ការលើកទឹកចិត្តផ្នែកច្បាប់ពីរាជរដ្ឋាភិបាល និងកត្តាយុទ្ធសាស្ត្រនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ផ្លូវជាតិសំខាន់ៗ ផ្លូវល្បឿនលឿន ព្រលានយន្តហោះ និងច្រកទ្វារអន្តរជាតិជាដើម។
ចំណុចល្អនៃរចនាសម្ព័ន្ធ និងសេវាគាំទ្រផលិតកម្មនានារបស់តំបន់សេដ្ឋកិច្ចពិសេសជូនដល់វិនិយោគិនរួមមាន ការគ្រប់គ្រងអគារការិយាល័យ សេវារដ្ឋបាលក្នុងតំបន់ មណ្ឌលលំនៅដ្ឋាន កន្លែងលេងកីឡា កន្លែងព្យាបាល ផ្លូវថ្នូល់ ការផ្គត់ផ្គង់ប្រព័ន្ធទឹកស្អាត ប្រព័ន្ធលូ ការចោលកាកសំណល់ ការផ្គត់ផ្គង់អគ្គីសនី បណ្តាញអ៊ីនធឺណិតនិងទូរគមនាគមន៍ ការការពារអគ្គីភ័យ និងប្រព័ន្ធសន្តិសុខ។
តំបន់សេដ្ឋកិច្ចពិសេសនីមួយៗមានការិយាល័យរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ដែលផ្ដល់សេវានៅនឹងកន្លែងដូចជាសេវារដ្ឋបាល បែបបទនៃការនាំចេញ-ចូល ពន្ធគយ និងសេវារបស់អាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀត ដែលជួយសម្របសម្រួលនីតិវិធីធ្វើពាណិជ្ជកម្មបានឆាប់រហ័ស។ ក្នុងនោះផងដែរគម្រោងវិនិយោគ ដែលបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីការលើកទឹកចិត្តសម្រាប់ការវិនិយោគនៅកម្ពុជា ពិសេសក្នុងតំបន់សេដ្ឋកិច្ចពិសេស។
នៅឆមាសទីមួយ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ១៩០ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះក៏មានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាច្រើនកន្លែង ដែលមានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគ ១៦៨ លានដុល្លារអាម៉េរិក។ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៧៥ លានដុល្លារអាម៉េរិក។
គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណជាង ៣២ លានដុល្លារអាម៉េរិក និងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ១៩ លានដុល្លារអាម៉េរិក។
ក្នុងដំណើរទស្សនកិច្ចទៅប្រទេសជប៉ុន និងកូរ៉េ ប្រមុខរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកពីគំនិតផ្តួចផ្តើមក្នុងរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសផ្តាច់មុខសម្រាប់ធុរកិច្ចជប៉ុន និងកូរ៉េ ដើម្បីសម្រួលបរិយាកាសវិនិយោគនិងទាក់ទាញវិនិយោគិនពីប្រទេសទាំងពីរបន្ថែមទៀត។
ទាក់ទងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសផ្តាច់មុខជប៉ុនទីមួយ ត្រូវបានលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទីមួយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បង្ហើបថាមានទីតាំងនៅខេត្តពោធិ៍សាត់។
ខណៈចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជាជប៉ុន ធ្វើឡើងតាមគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតីហ៊ុន ម៉ាណែត ក្នុងអំឡុងដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន។
បើតាមលោក ស៊ុន ចាន់ថុល ក្រុមហ៊ុន មីនីបៀ បានទិញដីចំនួន ៥០ ហិកតា វិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសជប៉ុននៅខេត្តពោធិ៍សាត់ និងត្រៀមដីជាង ២០០០ ហិកតាទៀតសម្រាប់ការអភិវឌ្ឍបន្ត។
ទាក់ទងការជ្រើសរើសខេត្តពោធិ៍សាត់ជាទីតាំង សម្រាប់បង្កើតតំបន់សេដ្ឋកិច្ចពិសេសទីមួយរបស់ជប៉ុន លោក ស៊ុន ចាន់ថុល អះអាងថា ដោយសារខេត្តពោធិ៍សាត់មានភូមិសាស្រ្តអំណោយផល ជាពិសេសមានប្រព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡាមានផ្លូវជាតិលេខ ៥ ដែលទើបស្តារនិងពង្រីក រួមទាំងផ្លូវដែកតភ្ជាប់ដែលងាយស្រួលសម្រាប់ការដឹកជញ្ជូន៕