បុណ្យអុំទូក ៣ ថ្ងៃ មានអ្នកស្នើសុំប័ណ្ណ ប.ស.ស តាមស្តង់ជិត ៦០០ នាក់

2024-11-18
66

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ១៨ វិច្ឆិកា នេះ​ថា ក្នុង​ពិធី​បុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប ដែល​ទើប​កន្លងទៅ​ថ្មីៗ នេះ មាន​ប្រជាពលរដ្ឋ​បាន​ស្នើ​សុំ​ធ្វើ​ប័ណ្ណ ប​.​ស​.​ស ប្រមាណ​ជិត ៦០០ នាក់ ក្នុង​នោះ នៅ​រាជធានី​ភ្នំពេញ​ប្រមាណ​ជិត ៣០០ នាក់។

លោក​បាន​បន្ត​ថា ក្នុង​នោះ នៅ​រាជធានី​ភ្នំពេញ រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ១៤ ដល់​ទី ១៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ មាន​អ្នកទស្សនា​ស្តង់ និង​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ចំនួន ១១ ៩០៤ នាក់ ស្រី ៦ ៥៤៧ នាក់ និង​បាន​ទទួល​សមាជិក​ថ្មី​តាមរយៈ​ស្តង់​ចុះបញ្ជី​ចល័ត​ចំនួន ២៩៥ នាក់ ស្រី ១៥២ នាក់ ក្នុង​នោះ អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស មាន​ចំនួន ៤៩ នាក់។

លោក​បាន​បន្ត​ទៀត​ថា ចំណែក​នៅ​ខេត្ត​សៀមរាប រយៈពេល ៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ១៣ ដល់​ទី ១៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ មាន​អ្នកទស្សនា​ស្តង់ និង​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ចំនួន ១២ ៤២៦ នាក់ ស្រី ៧ ៤៥៥ នាក់ និង​បាន​ទទួល​សមាជិក​ថ្មី​តាមរយៈ​ស្តង់​ចុះបញ្ជី​ចល័ត​ចំនួន ២៨១ នាក់ ស្រី ២០៥ នាក់ ក្នុង​នោះ អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស មាន​ចំនួន ៤៧ នាក់។

លោក បាន​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នេះ ប​.​ស​.​ស មាន​សមាជិក​សរុប​ចំនួន ២ ៦៣៦ ៩៦២ នាក់ នៅ​ទូទាំង​ប្រទេស។ ក្នុង​នោះ មាន​សមាជិក ប​.​ស​.​ស ផ្នែក​ថែទាំ​សុខភាព វិស័យ​សាធារណៈ ចំនួន ៤៩៣ ៤២៣ នាក់ សមាជិក ប​.​ស​.​ស វិស័យ​ឯកជន ចំនួន ១ ៦០២ ២៩៣ នាក់ សមាជិក ប​.​ស​.​ស ជា​បុគ្គល​ស្វ័យ​និ​យោជន៍ ៤០៨ ៦៦៨ នាក់ និង​សមាជិក ប​.​ស​.​ស ជា​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស (សហព័ទ្ធ និង​កូន) ចំនួន ១៣២ ៥៧៨ នាក់។

លោក​បាន​ឱ្យ​ដឹង​ទៀត​ថា សមាជិក ប​.​ស​.​ស ប្រើប្រាស់​សេវា​ចំនួន ២០ ៧៩៤ ៥៣៣ ដង និង​ការ​ចំណាយ​តាវកាលិក​អស់​ប្រមាណ ១ ៦៥៨ ១៤០ លាន​រៀល៕