កម្មករនិយោជិត​៖ នៅ​កន្លែងធ្វើការ​មាន​ភាព​ស្និទ្ធស្នាល និង​សុខដុមរមនា ​រវាង​កម្មករនិយោជិត និង​ថៅកែ ដូច​ជា​គ្រួសារ​តែ​មួយ​

2024-12-16
54

រាជធានី​ភ្នំពេញ​៖ កម្មករនិយោជិត​នៅ​រាជធានី​ភ្នំពេញ​ បាន​លើក​ឡើង​ថា នៅ​កន្លែងធ្វើការ​របស់​ពួក​គេ​មាន​លក្ខខណ្ឌ​ការងារ​សមរម្យ និង​សុខដុម​នី​យ​កម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ​ នៅ​តាម​រោងចក្រ​មាន​ភាពល្អ​ប្រសើរ ។ កម្មករនិយោជិត និង​ថៅកែ​មាន​ភាព​ស្និទ្ធស្នាល ធ្វើ​តាម​តួនាទី​ប្រកបដោយ​ភាព​រីករាយ និយោជក​ផ្តល់​អត្ថប្រយោជន៍​ពេញលេញ ​ស្រប​តាម​ច្បាប់​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​។ ទន្ទឹម​នេះ កម្មករនិយោជិត​មាន​ភាព​រីករាយ​ ដែល​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា នឹង​ត្រូវ​ចាប់​អនុវត្ត​ពី​ខែមករា ២០២៥ តទៅ ​។

លោកស្រី ម៉ី ថា​រុម ជា​កម្ម​រោងចក្រ​ស្នាក់​នៅ​ក្នុង​តំបន់​សួន​ឧស្សាហកម្ម កា​ណា​ឌី​យ៉ា ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា ចាប់តាំងពី​ខ្លួន​ចូល​បម្រើ​ការងារ នៅ​ក្នុង​រោងចក្រ​មក​ពុំ ដែល​មានរឿង​រ៉ាវ​អ្វី​រវាង​កម្មករ និង​ថៅកែ​រោងចក្រ​នោះ​ទេ​។ កម្មករ និង​ថៅកែ​មាន​ទំនាក់ទំនង​ល្អជា​មួយ​គ្នា និង​ធ្វើការ​តាម​តួនាទី​រៀង​ៗ​ខ្លួន ត្បិត​មានរឿង​បន្តិចបន្តួច​នៅ​ពេល​ខ្លះ​ក៏​ប៉ុន្តែ​ត្រូវ​បាន​ដោះស្រាយ​ភ្លាម​ៗ​ដោយ​សន្តិវិធី ដូច​គ្រួសារ​តែ​មួយ ​។

ជុំវិញ​ការ​អនុវត្ត​ច្បាប់​វិញ កម្មការិនី​រូប​នេះ​មើលឃើញ​ថា និយោជក​បាន​អនុវត្ត​បាន​យ៉ាង​ត្រឹមត្រូវ​តាម​ច្បាប់​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កម្មករនិយោជិត​ទទួល​បាន​អត្ថប្រយោជន៍​ពេញលេញ​ស្រប​តាម​គោលការណ៍​ច្បាប់ ​។ លើស​ពី​នេះ​ទៀត នៅ​ក្នុង​រោងចក្រ​មាន​លក្ខខណ្ឌ​ការងារ​សមរម្យ និយោជក​មិន​កេង​ចំណេញ​លើ​កម្មករ កន្លែងធ្វើការ​ប្រកបដោយ​អនាម័យ​ខ្ពស់ ដែល​ជាមួយ​ផ្នែក​លើកកម្ពស់​សុខុមាលភាព ​របស់​បងប្អូន​កម្មករនិយោជិត​ផង​ដែរ​ ។

ដោយឡែក​លោកស្រី ឃួ​ន សា​ខន ជា​កម្មករ​នៅ​រោងចក្រ កា​ណា​ឌី​យ៉ា បាន​សម្តែង​ក្តី​សប្បាយ​រីករាយ​ដែល​ការ​អនុវត្ត​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​ នឹង​ចាប់ផ្តើម​នៅ​ខែមករា ឆ្នាំ​២០២៥ ខាង​មុខ​នេះ​ ។ ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នេះ នឹង​ក្លាយជា​ចំណូល​បន្ថែម​មួយ​ផ្នែក​ សម្រាប់​បងប្អូន​កម្មករនិយោជិត ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​ នៅ​ក្នុង​គ្រួសារ​ផង​ដែរ ​។ កម្មការិនី​រូប​នេះ ក៏​បាន​លើក​ឡើង​បន្ថែម​ថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន ​ដល់​កម្មករនិយោជិត​ មិន​ថា​របប​សន្តិសុខ​សង្គម និង​អត្ថប្រយោជន៍​ដ៏​ទៃ​ទៀត​នោះ​ទេ ​។ កម្មការិនី​រូប​នេះ អរគុណ​រាជរដ្ឋាភិបាល​ដែល​តែងតែ​យកចិត្តទុកដាក់​ មក​លើ​សុខទុក្ខ​របស់​បងប្អូន​កម្មករ​ ទាំងអស់ តាម​រយៈ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ជា​បន្តបន្ទាប់ ដែល​ទាំងនេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​គិតគូរ​ ពី​សំណាក់​ប្រមុខ​ដឹកនាំ​ប្រទេស ត្បិត​ការ​ដំឡើង​ប្រាក់​ឈ្នួល ​មិន​ឡើង​ខ្ពស់​ពេក តែ​តួលេខ​នេះ​ក៏​សមរម្យ ហើយ​រាជរដ្ឋាភិបាល​មាន​ឆន្ទៈ​ក្នុង​ការ​ដំឡើង​ជូន​កម្មករនិយោជិត​ជា​រៀង​រាល់​ឆ្នាំ បើ​ទោះបី​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ។

ទន្ទឹម​នេះ ក្រៅ​តែ​ពី​ប្រាក់​ឈ្នួល​គោល កម្មករ​រូប​នេះ​បន្ថែម​ថា រាជរដ្ឋាភិបាល​បាន​គិតគូរ​ជូន​កម្មករនិយោជិត ដូច​ជា​លើ​គោលនយោបាយ​លើ​គាំពារ​សង្គម តាម​រយៈ​ការ​ផ្តល់​បណ្ណ​សមាជិក ប​.​ស​.​ស​. ផ្នែក​ថែទាំ​សុខភាព ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​សោធន​និវត្តន៍​ផង​ដែរ​ ។ គោលនយោបាយ​នេះ​បាន​និង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​កម្មករនិយោជិត ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចាប់ពី​ខែមករា ឆ្នាំ​២០២៥ ខាង​មុខ​នេះ ប្រាក់​ឈ្នួល​អប្បបរមា​ សម្រាប់​កម្មករនិយោជិត​នៃ​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀក​បំពាក់ ផលិត​ស្បែកជើង និង​កាបួ​ប គឺ​២០៨​ដុល្លារ​អាម៉េរិក ក្នុង​១​ខែ ដែល​កើនឡើង ៤​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០២៤ ដែល​មាន​ ២០៤ ​ដុល្លារ​អាម៉េរិក ​៕