ឱកាសការងារជាង៥ម៉ឺនកន្លែងដល់ពលរដ្ឋ និងសិស្សនិស្សិត ដែលកំពុងមានតម្រូវការពីទីភ្នាក់ ងារជាតិមុខរបរ និងការងារ (NEA )

2024-12-19
36

ទីភ្នាក់ងារជាតិមុខរបរ និងការងារ ( NEA ) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសអំពីឱកាសការងារចំនួន ៥៣,៥៨៨ កន្លែង សម្រាប់ប្រជាពលរដ្ឋ យុវជន សិស្ស និស្សិត ដែលកំពុងមានតម្រូវការក្នុងពេលបច្ចុប្បន្ននេះ។

ក្រុមការងាររបស់មជ្ឈមណ្ឌលការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ ( NEA ) បន្តការចុះផ្សព្វផ្សាយឱកាសការងារជាច្រើន ជាប់ជាប្រចាំទៅដល់និស្សិត នៅតាមសកលវិទ្យាល័យនានា នៅក្នុងរាជធានីភ្នំពេញ ដើម្បីជាឱកាស និងបង្កភាពងាយស្រួលជូនដល់យុវជន សិស្ស និស្សិត កំពុងស្វែងរកការងារដើម្បីរកប្រាក់កាសផ្គត់ផ្គង់ការងាររៀនសូត្រ និងបំពេញតម្រូវការផ្ទាល់ខ្លួនផ្សេងៗទៀតជាដើម។

ក្រុមនិស្សិត នៃសកលវិទ្យាល័យជាតិគ្រប់គ្រង បង្ហាញការយល់ឃើញថា នេះគឺជាការផ្តល់នូវឱកាសល្អ សម្រាប់ការទទួលបានការងារធ្វើ ដោយមិនពិបាកក្នុងការតាមស្វែករក ព្រោះនៅទីនេះ មានឱការងារយ៉ាងច្រើន ដែលអាចឱ្យពួកគាត់ជ្រើសរើសដើម្បីធ្វើការឱ្យសមស្របទៅតាមចំណេះ និងជំនាញផ្ទាល់ខ្លួនដែលពួកគាត់កំពុងតែមាន។ ការផ្ដល់ឪកាសការងារដល់សិស្សនិស្សិតអំឡុងពេលកំពុងសិក្សារនេះ បានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សិស្សនិស្សិតដែលមានជីវភាពខ្វះខាត់ ជួយកាត់បន្ថយបន្ទុកក្រុមគ្រួសារ និងទទួលបានបទពិសោធន៍ការងារផងដែរ។

គួរបញ្ជាក់ថា សកម្មភាពរបស់ក្រុមការងារការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ ( NEA ) តែងធ្វើជាប្រចាំថ្ងៃ និងរៀងរាល់សប្តាហ៍ នៅតាមគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅក្នុងរាជធានីភ្នំពេញ ដោយបែងចែកវេណ និងពេលវេលាតាមកាលវិភាគ។

មិនត្រឹមតែការចុះផ្សព្វផ្សាយនោះទេ រៀងរាល់២ដង ក្នុង១ខែ NEA ក៏តែងបានរៀបចំពិពណ៌ការងារជាច្រើន នៅទីតាំងរបស់ខ្លួន ស្ថិតនៅក្នុងក្រសួងការងារ ដែលអាចឱ្យយុវជន សិស្ស និស្សិត អាចទៅស្វែងការងារបានដោយផ្ទាល់នៅទីនោះ ដោយមានក្រុមហ៊ុនជាដៃគូរជាច្រើន ត្រៀមចាំទទួលពាក្យ និងសម្ភាសផ្ទាល់មាត់ភ្លាមៗជាមួយក្រុមការងារជំនាញតែម្តង ដោយមិនរង់ចាំយូរ ឬចំណាយពេលនោះឡើយ ពោលសម្ភាសជាប់ភ្លាម អាចទទួលបានការងារភ្លាមៗតែម្តង៕