រាជធានីភ្នំពេញ ៖ ក្រុមសហជីពធំៗនៅកម្ពុជា លើកឡើងថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ឧត្តមប្រយោជន៍ដល់បងប្អូនកម្មករនិយោជិត ខណៈគោលនយោបាយ របស់រាជរដ្ឋាភិបាលមួយនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខមាលភាព និងជីវភាពរបស់កម្មករនិយោជិត ។
លោកស្រី កេន ឆេងឡាង អនុប្រធានសហភាពចលនាកម្មករកម្ពុជា លើកឡើងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់បណ្ណសមាជិក ប.ស.ស. ដល់បងប្អូនកម្មករនិយោជិត គឺមានសារសំខាន់ណាស់ ជាពិសេសកម្មករដែលជាអ្នកមានជីវភាពខ្វះខាត ។ អ្វីដែលពិសេសនោះគឺនិយោជកដែលជាថៅកែរោងចក្រជាអ្នករ៉ាប់រងបង់ភាគទានជារៀងរាល់ខែសម្រាប់កម្មករ ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់លើការចំណាយក្នុងជីវភាពប្រចាំខែរបស់ពួកគាត់ ។
លោកស្រីមើលឃើញថា សម្រាប់កម្មករនិយោជិត ដែលជាសមាជិកប.ស.ស. អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលអាចទទួលបានសេវាពិនិត្យសុខភាព ដោយឥតគិតថ្លៃគ្រប់ពេលវេលា ។ ការទទួលបានសេវាកម្មបែបនេះ គឺមានឧត្តមប្រយោជន៍ខ្លាំងណាស់ សម្រាប់កម្មករនិយោជិតក្នុងការថែទាំសុខភាព ពីព្រោះតាមរយៈយន្តការនេះជំរុញឱ្យកម្មករនិយោជិតមានការយកចិត្តទុកដាក់លើសុខមាលភាព របស់ពួកគាត់ច្រើនជាងពេលមុនៗ ។
លោកស្រីបានសង្កត់ធ្ងន់ថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់បងប្អូនកម្មករនិយោជិត គឺជាការចូលរួមចំណែក យ៉ាងធំធេងលើការចំណាយផ្នែកថែទាំសុខភាព របស់ពួកគេ ពីព្រោះថ្លៃសេវាពិនិត្យ និងព្យាបាលជំងឺ គឺជាបន្ទុកមួយដ៏ធំ សម្រាប់កម្មករនិយោជិត ដែលជាកត្តាធ្វើឱ្យពួកគាត់ មិនទៅពិនិត្យសុខភាពតែម្តង នៅមុនពេលដែលពួកគាត់គ្មានបណ្ណប.ស.ស.កាលពីអតិតកាល ដូច្នេះហើយកម្មករនិយោជិតអាចសន្សំថវិកា បានមួយចំណែកទុក សម្រាប់ការចំណាយផ្សេងៗ ដូចជាការអប់រំកូនៗរបស់ពួក និងតម្រូវការផ្សេងៗទៀតផងដែរ បន្ទាប់ពីពួកគេមានបណ្ណប.ស.ស. ដែលត្រូវបានរាប់រង ដោយនិយោជករបស់ពួកគេ ។
ចំណែក ប្រធានសហភាពការងារកម្ពុជា លោក គង់ អាទិត្យ បានគូសបញ្ជាក់ពីអត្ថប្រយោជន៍របស់របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពថា គឺជាគោលនយោបាយ ក្នុងការលើកកម្ពស់សុខភាពរបស់បងប្អូនកម្មករនិយោជិត ឱ្យមានសុខភាពល្អ កាត់បន្ថយការឈឺថ្កាត់ តាមរយៈឱកាសក្នុងការថែទាំ និងពិនិត្យសុខភាពបានច្រើនជាងមុន ដែលធ្វើឱ្យកម្មករនិយោជិត អាចចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងជីវភាពនៅក្នុងគ្រួសារ និងសង្គមជាតិទាំងមូល ។
លោក គង់ អាទិត្យ លើកឡើងថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពគឺជាគោលនយោបាយក្នុងការកាត់បន្ថយភាពក្រីក្រ របស់បងប្អូនកម្មករនិយោជិតកម្ពុជា ពីព្រោះកម្មករអាចបង្វែរការចំណាយលើការពិនិត្យ និងការព្យាបាលជំងឺ មកជាការសន្សំចៃនៅក្នុងគ្រួសារ និងការកាត់បន្ថយទាំងស្រុង លើសេវាពិនិត្យសុខភាពប្រចាំថ្ងៃ ប្រចាំខែ ដែលជាការកើតឡើងជាយថាហេតុណាមួយរបស់បងប្អូនកម្មករនិយោជិត ។
គួរបញ្ជាក់ផងដែរថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ផ្តល់ការធានារ៉ាប់រងលើផ្នែកសុខភាព ២៤ម៉ោង/២៤ម៉ោង សម្រាប់កម្មករនិយោជិត ដូចជា៖ សេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្រ, ប្រាក់បំណាច់ប្រចាំថ្ងៃ សម្រាប់រយៈពេលសម្រាកព្យាបាលជំងឺ, ប្រាក់បំណាច់មាតុភាព, សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ, និងវិភាជន៍បូជាសព ៕