ពលរដ្ឋ​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ថា កម្មវិធី TVET ១,៥ លាន​នាក់​ ជា​ឱកាសក្នុង​ការ​សិក្សាជំនាញ​បន្ថែម ដើម្បី​ពង្រីក​មុខរបរ​ឱ្យ​កាន់តែប្រសើរ​ជាង​មុន

2024-11-28
67

រាជធានី​ភ្នំពេញ​ ៖ ពលរដ្ឋ​ដែល​ជា​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​លើក​ឡើង​ថា កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ​១,៥ លាន​នាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺជា​ឱកាស​ក្នុង​ការ​សិក្សា​ជំនាញ​បន្ថែម​លើ​ជំនាញ​បច្ចុប្បន្ន ដើម្បី​មាន​លទ្ធភាព​ក្នុង​ការ​ពង្រីក និង​បង្កើត​មុខរបរ​ថ្មី ឱ្យ​កាន់តែ​ប្រសើរ និង​មាន​ប្រាក់​ចំណូល​ច្រើន​ជាង​មុន​ ។

លោកស្រី សារី ហ្វី​នី ជា​អាជីវករ​លក់​នុយ​ត្រី ស្ថិត​នៅ​សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ​បាន​លើក​ឡើង​ថា ខ្លួន​បាន​បញ្ចប់​ការ​សិក្សា​ជំនាញ​វិជ្ជាជីវៈ​ផ្នែក​ធ្វើ​នំ​ដោយ​ជោគជ័យ​កាលពី​ប៉ុន្មាន​ខែ​មុន​ ។ ស្ត្រី​រូប​នេះ​បាន​សម្រេចចិត្ត​ចូល​សិក្សា​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​របស់​រាជរដ្ឋាភិបាល​ក្នុង​គោលបំណង ដើម្បី​បន្ថែម​ជំនាញ​ពីលើ​មុខរបរ​បច្ចុប្បន្ន​ដែល​មាន​ស្រាប់ ​។ សម្រាប់​លោកស្រី ការ​សិក្សា​ជំនាញ​វិជ្ជាជីវៈ​ គឺ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​សិក្សា ពីព្រោះ​កម្មវិធី​មួយ​នេះ​មាន​ជំនាញ​ជា​ច្រើន​ដែល​អាច​ជ្រើសរើស​ដើម្បី​សិក្សា​បាន ជា​ពិសេស​មាន​ជំនាញ​ដែល​អាច​ឱ្យ​ពលរដ្ឋ​ដែល​មាន​វ័យ​ច្រើន​អាច​ចូល​រៀន​បាន ​។ លើស​ពី​នោះ គឺ​ការ​សិក្សា​ជំនាញ​មួយ​នេះ​អាច​ជ្រើសរើស​ម៉ោង​សិក្សា​ច្រើន​វេន មាន​ទាំង​ព្រឹក រសៀល និង​យប់ ចាប់ពី​ថ្ងៃ​ចន្ទ ដល់​សុក្រ និង​សៅរ៍ អាទិត្យ ដែល​សុទ្ធសឹងតែ​ជា​ពេលវេលា​ល្អ​សម្រាប់​ពលរដ្ឋ​ដែល​ជា​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​អាច​សិក្សា​បាន​ ។

លោកស្រី​ថា​ ខ្លួន​នឹង​បង្កើត​មុខរបរ​ថ្មី​មួយទៀត​លើ​ជំនាញ​ដែល​បាន​សិក្សា​នា​ពេល​កន្លង​មក​ ។ លោកស្រី​លើកទឹកចិត្ត​ទៅ​ដល់​បងប្អូន​ដែល​ជា​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឱ្យមក​ចាប់​ឱកាស​ក្នុង​ការ​សិក្សា​ជំនាញ​វិជ្ជាជីវៈ​ណាមួយ​បន្ថែម​ទៀត​ ដើម្បី​មាន​លទ្ធភាព​ក្នុង​ការ​បង្កើត និង​បង្កើន​មុខរបរ​ថ្មី​នា​ពេល​អនាគត ​។ ជា​ពិសេស​ពលរដ្ឋ​ដែល​ជា​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​មាន​ជីវភាព​ខ្វះខាត​ដែល​អាច​សិក្សា​ជំនាញ​នេះ​ដោយ​ឥត​គិតថ្លៃ និង​មាន​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ជា​រៀង​រាល់​ខែ​ផង​ដែរ ​។

ចំណែក លោកស្រី ចាប ចិន្តា ដែល​ជា​អាជីវករ​លក់​បាយ​ស្ថិត​នៅ​គីឡូម៉ែត្រ​លេខ ​៦ រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ផ្តល់​ឱ្យ​លើ​ការ​សិក្សា​ជំនាញ​មួយ​ដោយ​ឥត​គិតថ្លៃ និង​មាន​ប្រាក់​ឧបត្ថម្ភ គឺជា​ឱកាស​សម្រាប់​ពលរដ្ឋ​ដែល​ជា​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​អាច​មាន​លទ្ធភាព​ក្នុង​ការ​សិក្សា​ជំនាញ​ថ្មី អាច​បង្កើត​មុខរបរ​ឱ្យ​ល្អ​ជាង​មុន ទទួល​បាន​ប្រាក់​ចំណូល​សមរម្យ និង​បន្ថែម​លើ​របរ​បច្ចុប្បន្ន​ ។

ពាក់ព័ន្ធ​នឹង​ព័ត៌មាន​សិក្សា​ជំនាញ​វិជ្ជាជីវៈ លោកស្រី​ធ្លាប់​ឃើញ​មាន​អាជ្ញាធរ​មូលដ្ឋាន​បាន​ផ្តល់​ព័ត៌មាន​អំពី​ការ​សិក្សា​ជំនាញ​វិជ្ជាជីវៈ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ពេញលេញ​នៅ​មូលដ្ឋាន​នា​ពេល​កន្លង​មក និង​បាន​លើកទឹកចិត្ត​ទៅ​ដល់​យុវជន​ដែល​ទទួល​បាន​លទ្ធផល​មិនល្អ​ក្នុង​ការ​ប្រឡង​ថ្នាក់​ទី ​១២ ជា​ពិសេស​ពលរដ្ឋ​ដែល​ជា​អ្នករក​ស៊ីបន្តិចបន្តួច​ឱ្យទៅ​ចាប់​យក​ឱកាស​ក្នុង​ការ​សិក្សា​ជំនាញ​បន្ថែម ពីព្រោះ​ការ​សិក្សា​ជំនាញ​មាន​រយៈពេល​ខ្លី ហើយ​អាច​ជ្រើសរើស​ម៉ោង​សិក្សា​បាន​ច្រើន​វេន ដែល​អាច​ឱ្យ​ពលរដ្ឋ​ឆ្លៀតពេល​ទៅ​ទទួល​ការ​សិក្សា​ជំនាញ​ថ្មី​ដោយ​គ្មាន​បញ្ហា​ប្រឈម និង​ប៉ះពាល់​ការ​រក​ស៊ី ​។

ទន្ទឹម​នេះ ពលរដ្ឋ​ដែល​ជា​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​តែងតែ​យកចិត្តទុកដាក់​មក​លើ​ពលរដ្ឋ ជា​ពិសេស​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ កន្លង​មក​តាម​រយៈ​ការ​ដាក់​ចេញ​នូវ​កម្មវិធី​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​ជា​ច្រើន ជា​ពិសេស​នៅ​ក្នុង​អាណត្តិ​ទី​៧ ​នេះ​ដែល​មាន​ទាំង​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​សិក្សា​ដោយ​ឥត​គិតថ្លៃ រួម​និង​ការ​ពង្រីក​វិសាលភាព​បេឡា​ជាតិ​សន្តិសុខ​សង្គម​ដែល​អាច​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ដែល​ជា​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​អាច​ក្លាយជា​សមាជិក​ដើម្បី​ទទួល​បានការ​សេវា​ថែទាំ​សុខភាព​មួយ​យ៉ាង​មាន​ប្រសិទ្ធភាព​ទៀត​ផង​ ។

បើ​តាម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចាប់តាំងពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស កាលពី​ខែវិច្ឆិកា ឆ្នាំ ​២០២៣ រហូត​មក​ដល់​ខែវិច្ឆិកា ឆ្នាំ ​២០២៤​ នេះ កម្មវិធី​បណ្តុះបណ្តាល​ថ្នាក់​ជាតិ​មួយ​នេះ​បាន​ទទួល​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​សរុប​ចំនួន​ជិត​ ៨​ម៉ឺន​នាក់​នៅ​ទូ​ទាំង​ប្រទេស ​។ យោង​តាម​លទ្ធផល​ក្នុង​រយៈពេល​មួយ​ឆ្នាំ កម្មវិធី​បណ្តុះបណ្តាល​ថ្នាក់​ជាតិ​មួយ​នេះ​បាន​និង​កំពុង​បន្ត​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​បណ្តុះបណ្តាល​ជំនាញ​ដល់​យុវជន​យ៉ាង​សកម្ម​នៅ​ទូ​ទាំង​ប្រទេស ហើយ​ទទួល​បាន​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា ​។ ក្នុង​នោះ​នៅ​តាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស​នៅ​ទូ​ទាំង​ប្រទេស​ក៏​បាន​ប្រកាស​ជ្រើសរើស​យុវជន​ចូល​សិក្សា​ជំនាញ​ជា​បន្តបន្ទាប់​ផង​ដែរ​ ៕