អ្នកជំនាញ​ ៖ កិច្ច​សហប្រតិបត្តិការ​លើ​ការ​បណ្តុះបណ្តាល​ជំនាញ​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី ​រវាងកម្ពុជា​-​អូស្ត្រាលី គឺ​ស្រប​តាម​ការ​អភិវឌ្ឍ​មូលធនមនុស្ស និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​បែប​ទំនើប

2024-11-29
73

រាជធានី​ភ្នំពេញ​ ៖ អ្នកជំនាញ​លើក​ឡើង​ថា ការ​ចុះ​ហត្ថ​ល​ខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​កសាង​ផ្លូវ​សិក្សា​ជំនាញ​ពេញ​មួយ​ជីវិត​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី និង​វិស័យ​ពាក់ព័ន្ធ​នានា រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា និង​វិទ្យាស្ថាន Bendigo Kangan (BKI) នៃ​ប្រទេស​អូស្ត្រាលី គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ ។

លោក​បណ្ឌិត ឈាង​ ​វ​ណ្ណា​រិ​ទ្ធ ស្ថាបនិក និង​ជានា​យក​ឧទ្យាន​នវានុវត្តន៍​សង្គម​អង្គរ​ (ASIP) បាន​គូសបញ្ជាក់​ថា កិច្ច​សហប្រតិបត្តិការ​កសាង​ផ្លូវ​សិក្សា​ជំនាញ​ពេញ​មួយ​ជីវិត​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី រវាង​កម្ពុជា​ដែល​មាន​ក្រសួង​ការងារ ជាមួយ​ប្រទេស​អូស្ត្រាលី គឺ​មាន​សារសំខាន់​ណាស់​ក្នុង​នាម​ភាព​ជា​ដៃគូ​ដើម្បី​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​លើ​ការ​បណ្តុះបណ្តាល​កម្លាំង​ជំនាញ​នៅ​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​អភិវឌ្ឍន៍ ជា​ពិសេស​នោះ​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ការ​ពង្រឹង​មូល​ធនធានមនុស្ស​នៅ​កម្ពុជា និង​លើ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ដើម្បី​ឆ្លើយ​តប​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​បរិបទ​ទំនើប​បែប​ថ្មី​ ។

លោក​បណ្ឌិត​មើលឃើញ​ថា ប្រទេស​អូស្ត្រាលី​គឺជា​ប្រទេស​មួយ​ដែល​មាន​សក្តានុពល សមត្ថភាព ធនធាន ចំណេះដឹង​ខ្ពស់ និង​បច្ចេកវិជ្ជា​ទំនើប​ៗ​ជា​ច្រើន​លើ​ការ​បណ្តុះបណ្តាល​ជំនាញ​ជា​ពិសេស ជំនាញ​ក្នុង​វិស័យ​យានយន្ត​នេះ​តែ​ម្តង ដូច្នេះ​ប្រទេស​កម្ពុជា​អាច​ធ្វើការ​ស្រូប​ផលប្រយោជន៍​បាន​យ៉ាងច្រើន​លើ​កិច្ច​សហប្រតិបត្តិការ​មួយ​នេះ ដើម្បី​ពង្រីក​កម្លាំង​ជំនាញ​មួយ​យ៉ាង​មាន​ប្រសិទ្ធភាព​ដើម្បី​ត្រៀមខ្លួន​ចូល​ទៅ​ក្នុង​ការ​ប្រកួតប្រជែង​លំហូរ​វិនិយោគ​បែប​ថ្មី លើ​វិស័យ​ឧស្សាហកម្ម​ធំ​នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ ​។

សម្រាប់​វិស័យ​កម្មន្តសាល និង​យានយន្ត លោក​បណ្ឌិត​សង្កត់ធ្ងន់​ថា ប្រទេស​កម្ពុជា​ត្រូវ​តែ​ពង្រឹង​លើ​កម្លាំង​ជំនាញ​ប្រភេទ​នេះ ពីព្រោះ វា​ជា​វិស័យ​ដែល​មាន​សក្តានុពល​បំផុត​នា​ពេល​បច្ចុប្បន្ន​នេះ ហើយ​ប្រទេស​កម្ពុជា​គឺ​បាន​ក្លាយជា​ទីតាំង​មួយ​សម្រាប់​ដំឡើងរថយន្ត និង​គ្រឿង​បង្គុំ​ឡាន​ផ្សេង​ៗ​ទៀត​ដែល​រាជរដ្ឋាភិបាល​បាន​កៀរគរ​អ្នក​វិនិយោគ​ក្នុង​រយៈកាល​ចុង​ក្រោយ​នេះ ដូច្នេះ​ការ​ពង្រឹង​ធនធានមនុស្ស​ផ្នែក​ជំនាញ​ប្រភេទ​នេះ​គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​កម្ពុជា ដើម្បី​ស្វាគមន៍​កា​រវិន​យោគ​លើ​វិស័យ​ដំឡើង​យាន្ត​យន្ត និង​ផ្គត់​ផ្គត់​គ្រឿងបន្លាស់​ធំ​ៗ​ក្នុង​ទីផ្សារ​អន្តរជាតិ និង​ក្នុងស្រុក​ផង​ដែរ ​។

សូម​បញ្ជាក់​ថា អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ដែល​ចុះហត្ថលេខា កាលពី​ថ្ងៃ​ពុធ ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​វិទ្យាស្ថាន Bendigo Kangan នៃ​ប្រទេស​អូស្ត្រាលី ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ​កសាង​ផ្លូវ​សិក្សា​ជំនាញ​ពេញ​មួយ​ជីវិត​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី និង​វិស័យ​ពាក់ព័ន្ធ​នានា ជាមួយ​វិទ្យាស្ថាន​បច្ចេកទេស TVET នៅ​កម្ពុជា ​។

តាម​រយៈ​អនុស្សរណៈ​នៃ​ការ​យោគយល់​នេះ​គឺ​បង្ហាញ​អំពី​ទំនាក់ទំនង និង​ភាព​ជា​ដៃគូ​កាន់តែ​ជិត​ស្និទ្ធ​រវាង​កម្ពុជា និង​អូស្ត្រាលី ជា​ពិសេស​កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​លើកកម្ពស់​វិស័យ TVET នៅ​កម្ពុជា និង​ចូលរួម​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​កម្ពុជា​ប្រកបដោយ​ជំនាញ​ខ្ពស់​ក្នុង​វិស័យ​យានយន្ត​ស្រប​តាម​ស្តង់ដា​អន្តរជាតិ និង​មានការ​ទទួលស្គាល់​សមត្ថភាព​ពី​ទីផ្សារ​ការងារ​អន្តរជាតិ​ផង​ដែរ ​៕