ឯកឧត្តម ហេង សួរ​ ៖ គ្រូ​បច្ចេកទេស​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​ក្នុង​កម្មវិធី TVET ១,៥​ លាន​នាក់ ប្រកបដោយ​វិជ្ជាជីវៈ និង​ក្រមសីលធម៌សម្រាប់​បំពេញតម្រូវការ​ទីផ្សារ​ការងារ

2024-12-05
68

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​វិ​ក្រឹ​ត​ការ​គ្រូ​បច្ចេកទេស​ស្តី​ពី «​វិធីសាស្ត្រ​បង្រៀន និង​ការ​ប្រើប្រាស់​ម៉ូឌុល​តាម​ជំនាញ​» លើក​ទី​២ និង​បាន​ប្រគល់​លិខិត​ថ្លែងអំណរគុណ​ជូន​ដល់​ថ្នាក់ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​, គ្រឹះស្ថាន​TVET, វាគ្មិន​កិត្តិយស​, ក្រុមការងារ​សម្របសម្រួល រួម​និង​ប្រគល់​ជូន​វិញ្ញាបនបត្រ​ដល់ គ្រូ​ឧ​ទេ្ទ​ស​, គ្រូឧទ្ទេស​ជំនួយ និង​គ្រូ​សិក្ខាកាម​សរុប​ជាង ២៥០​នាក់​ ។

ថ្លែង​នៅ​ក្នុង​ពិធី​ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​សួន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET Park) នា​ព្រឹក​ថ្ងៃ​ពុធ ទី​៤ ខែធ្នូ ឆ្នាំ​២០២៤​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា វគ្គ​វិ​ក្រឹ​ត​ការ​គ្រូ​បច្ចេកទេស​ស្តី​ពី «​វិធីសាស្ត្រ​បង្រៀន និង​ការ​ប្រើប្រាស់​ម៉ូឌុល​តាម​ជំនាញ​» លើក​ទី​២​នេះ គឺ​ដើម្បី​គាំទ្រ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​សម្រាប់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជឿជាក់​ថា​តាម​រយៈ​វគ្គ​វិ​ក្រឹ​ត​ការ​ក្នុង​រយៈពេល​១០​ថ្ងៃ​មកនេះ គឺ​គ្រូឧទ្ទេស និង​សិក្ខាកាម​ទាំងអស់​ច្បាស់​ជា​ទទួល​បាន​នូវ​ជំនាញ​កាន់តែ​ប្រសើរ​ក្នុង​ការ​រៀបចំ​ផែនការ​បង្រៀន​គ្រប់​ម៉ូឌុល​ស្នូល និង​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​ថ្នាក់រៀន និង​រោង​ជាង​ប្រមុំ ក៏​ដូច​ជា​ទទួល​បាន​ជំនាញ​ប្រាស្រ័យ​ទាក់ទង​តាម​កន្លែង​ការងារ​ជាមួយ​សហគ្រិន​ប្រកបដោយ​ប្រសិទ្ធភាព និង​មូលដ្ឋាន​ច្បាប់​ការងារ​។

បន្ថែម​ពី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ស​ង្គ​ត់​ធ្ងន់​ថា​ការ​រៀបចំ​ស្តង់ដា​កម្មវិធី​សិក្សា និង​ការ​អភិវឌ្ឍ​ម៉ូឌុល​សិក្សា​ដែល​មាន​មូលដ្ឋាន​ច្បាស់លាស់​ក្ន​ង​ការ​ពង្រឹង​ចំណេះដឹង និង​ជំនាញ​, វិន័យ​, សីលធម៌​, និង​ឥរិយាបថ​របស់​សិក្ខាកាម សិស្ស និស្សិត គឺជា​កត្តា​ស្នូល​ក្នុង​បរិបទ​សកលភាវូបនីយកម្ម គុណភាព​នៃ TVET ដើម្បី​អភិវឌ្ឍ​ធនធាន​មនុ​ស្ស ឆ្ពោះទៅ​ចូលរួម​ចំណែក​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​។ ក្នុង​ន័យ​នេះ គ្រូ​បច្ចេកទេស​គឺជា​កម្លាំង​ច​លករ​ដ៏​សំខាន់​ក្នុង​ការ​បណ្តុះបណ្តាល​អ្នកជំនាញ​បច្ចេកទេស​ប្រកបដោយ​វិជ្ជាជីវៈ និង​ប្រកបដោយ​ក្រមសីលធម៌ សម្រាប់​បំពេញតម្រូវការ​ទីផ្សារ​ការងារ​។​ 

សូម​បញ្ជាក់​ថា វគ្គ​វិ​ក្រឹ​ត​ការ​គ្រូ​បច្ចេកទេស លើក​ទី​២​នេះ មាន​រយៈពេល​១០​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៤ ដោយ​មាន​សិក្ខាកាម​ជា​គ្រូឧទ្ទេស គ្រូឧទ្ទេស​ជំនួយ គ្រូ​សិក្ខាកាម​សរុប​ចំនួន​១៩០​នាក់ និង​មានការ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​វាគ្មិន​ជា​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​, តំណាង​វិស័យ​ឯកជន​, ថ្នាក់ដឹកនាំ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ផង​ដែរ​៕