ឯកឧត្តម ហេង សួរ៖ រាជរដ្ឋាភិបាល​តែងតែយកចិត្តទុកដាក់​ ក្នុងការ​បង្ការនិង​លុប​បំបាត់ ​អំពើ​ហិ.ង្សា, ​ការ​បៀតបៀន ​គ្រប់​ទម្រង់​ទៅលើ​សកម្មភាពការងារ របស់កម្មករនិយោជិត និង​និយោជក

2024-12-11
44

រាជធានីភ្នំពេញ​៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អញ្ជើញ ជា​អធិបតី​ ក្នុង​ពិធី​បិទ​យុទ្ធនាការ ១៦​ថ្ងៃ ក្រោម​ប្រធានបទ “​រួម​គ្នា​បញ្ឈប់​អំពើ​ហិ.ង្សា​ទាក់ទង​នឹង​យេ​ន​ឌ័​រ និង​ការ​បៀតបៀន​នៅ ​ក្នុង​ពិភព​ការងារ​” ដែល​រៀបចំ​ធ្វើនៅថ្ងៃទី​១០ ខែធ្នូ ឆ្នាំ ២០២៤ នៅ​សណ្ឋាគារ​សាន់​វ៉េ ភ្នំពេញ​ ។

ឯកឧត្តម ហេង សួរ បាន​ថ្លែង​ថា វត្តមាន​របស់​តំណាង​ក្រសួង​ពាក់ព័ន្ធ សហជីព និយោជក អង្គការ​សង្គម​ស៊ី​វិល ម្ចាស់​ម៉ាក និង​ដៃគូ​អភិវឌ្ឍន៍ ក្នុង​ការ​ចូលរួម​កម្មវិធី​នា​ពេល​នេះ ជា​ការ​បញ្ជាក់​នូវ​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា ​ក្នុង​ការ​បញ្ឈប់​អំពើ​ហិ.ង្សា​ ទាក់ទង​នឹង​យេ​ន​ឌ័​រ និង​ការ​បៀតបៀន​ នៅ​ក្នុង​ពិភព​ការងារ ​។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​យកចិត្តទុកដាក់​ជា​ពិសេស​ ចំពោះ​ការ​បង្ការ និង​លុប​បំបាត់​អំពើ​ហិ.ង្សា​ និង​ការ​បៀតបៀន​គ្រប់​ទម្រង់​ នៅ​ក្នុង​គ្រប់​សកម្មភាព​ការងារ​របស់​កម្មករនិយោជិត និង​និយោជក ដែល​ចាំបាច់​ត្រូវ​រួម​គ្នា​កំណត់​ នូវ​គោលការណ៍​រួម​ក្នុង​ការ​អនុវត្ត​ ប្រកបដោយ​ប្រសិទ្ធភាព ​។ ក្នុង​នោះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​និង​កំពុង​សហការ​ជាមួយ​ អង្គការ​ជាតិ អង្គការ​អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ និង​ភាគី​ពាក់ព័ន្ធ​នានា ក្នុង​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ការ​បង្ការ និង​លុប​បំបាត់​អំពើ​ហិ.ង្សា​ និង​ការ​បៀតបៀន​គ្រប់​ទម្រង់​លើ​ស្ត្រី​ ។

ជាមួយ​គ្នា​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏​បាន​ដាក់​ចេញ​នូវ ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ២០២៤-២០២៨  ដោយ​កំណត់​នៅ​ក្នុង​យុទ្ធសាស្ត្រ​ទី​៦ ក្នុង​ការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​ នៅ​ក្នុង​វិស័យ​ការងារ​ផង​ដែរ​ ។

ឯកឧត្តម ហេង សួរ បាន​ថ្លែង​បញ្ជាក់​ថា ក្រសួង​ការងារ និង​បណ្តុះ​បណ្ត​ល​វិជ្ជាជីវៈ​នឹង​ផលិត​ជា​ផុស​ស្ទ័​រ​អប់រំ ដើម្បី​បិត​ផ្សាយ​នៅ​តាម​បណ្តា​រោងចក្រ សហគ្រាស ដើម្បី​ឱ្យ​កម្មករនិយោជិត និង​និយោជក​យល់​ដឹង​អំពី​ការ​បង្ការ និង​លុប​បំបាត់​អំពើ​ហិ.ង្សា​ និង​ការ​បៀតបៀន​គ្រប់​ទម្រង់​លើ​ស្ត្រី​ ។ ទន្ទឹម​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ ក៏​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ សូម​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ផង​ដែរ​ ។

សូម​បញ្ជាក់​ថា យុទ្ធនាការ ១៦​ថ្ងៃ នៃ​សកម្មជន​ប្រឆាំង​នឹង​អំពើ​ហិ.ង្សា​ទាក់ទង​នឹង​យេ​ន​ឌ័​រ ត្រូវ​បាន​រៀបចំ​ឡើង​តាំងពី​ឆ្នាំ​១៩៩១ ដែល​ត្រូវ​បាន​រៀបចំ​ជា​រៀង​រាល់​ឆ្នាំ​ចាប់ពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​១០ ខែធ្នូ​ ៕