អនុព័ន្ធ​ការងារ​កម្ពុជា​ប្រចាំ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​បាន​ប្រកាស​ស្វាគមន៍​ចំពោះ​ការ​បង្កើត​អគ្គ​កុងស៊ុល​កម្ពុជា នៅ​ប៉ែក​ខាងត្បូង​ប្រទេស​ថៃ ដែល​ព្រៀម​បាន​នឹង​ការ​ដាក់​ថ្នាំ​ចំ​ជំងឺ​តែ​ម្តង ។

2023-09-12
3207

យោង​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP) នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៣ លោក ឈឹ​ម វិបុល អនុព័ន្ធ​ការងារ​កម្ពុជា​ប្រចាំ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​បាងកក បាន​មាន​ប្រសាសន៍​ថា ការ​បង្កើត​អគ្គ​កុងស៊ុល​កម្ពុជា​នៅ​ប៉ែក​ខាងត្បូង​ថៃ គឺជា​ការ​ដាក់​ថ្នាំ​ចំ​ជំងឺ ។

លោក​បាន​ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ការ​បង្កើត​នេះ​ព្រោះថា ជា​គោលនយោបាយ​ដែល​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ព្រោះ​កន្លង​មក​ពលរដ្ឋ​ខ្មែរ​នៅ​ប៉ែក​ខាងត្បូង​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន និង​សា​ហ៊ុយ​ដើម្បី​ទទួល​បាន​សេវា​គាំទ្រ​របស់​រដ្ឋាភិបាល​ដែល​មា​នទី​តាំងនៅ​ក្រុង​បាងកក ។ សម្រាប់​អនុព័ន្ធ​ការងារ​រូប​នេះ​ការ​សម្រេច​បង្កើត​អគ្គ​កុងស៊ុល​បន្ថែម​ពី​សំណាក់​សម្តេច មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី គឺជា​ការ​ដាក់​ថ្នាំ​ចំ​ជំងឺ​តែ​ម្តង ។

សូម​បញ្ជាក់​ថា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២៣​នេះ បាន​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​ខេត្តកំពង់ស្ពឺ ប្រមាណ​ជិត​២​ម៉ឺន​នាក់ ក្នុង​ពេល​នោះ​ហើយ ដែល​សម្តេច​នាយក​រដ្ឋមន្ត្រី​បាន ប្រកាស​បង្កើត​អគ្គ​កុងស៊ុល​ខ្មែរ​នៅ​ប៉ែក​ខាងត្បូង​ប្រទេស​ថៃ ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក​ក៏​ដូច​ជា ការ​បង្ខិត​សេវា​របស់​រដ្ឋាភិបាល​ទៅ​កាន់​ពលករ​ខ្មែរ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ប្រកាស​អនុញ្ញាត​ឱ្យ​រៀបចំ​ធ្វើ passport នៅ​ក្រៅប្រទេស​តែ​ម្ដង ដោយ​ចាប់ផ្ដើម​ពី​ប្រទេស​កូរ៉េ​តែ​ម្ដង ដើម្បី​កុំ​ឲ្យ​បងប្អូន​មានការ​លំបាក​ក្នុង​ការ​ធ្វើ​ប៉ា​ស្ព័​រ ។ សម្តេច​ធិ​បតី​បន្ត​ថា បងប្អូន​យើង​ធ្វើការ​នៅ​ក្រៅប្រទេស​ពិសេស​និយាយ​ពី​កូរ៉េ គឺ​សូម​ឱ្យ​ឯកអគ្គរដ្ឋទូត​ត្រូវ​យកចិត្តទុកដាក់​ពលករ​របស់​យើង ។ សម្តេច​ធិ​បតី​បន្ត​ថា បញ្ហា​កង្វល់ និង​ការ​លំបាក​របស់​បងប្អូន​ពលករ​នៅ​កូរ៉េ គឺ​បញ្ញា​លិខិតឆ្លងដែន និង​លិខិត​ថ្កោលទោស ។ «​ខ្ញុំ​សុំ​ឲ្យ​បង្កើត​កន្លែង​ធ្វើ​លិខិតឆ្លងដែន​នៅ​ក្រៅប្រទេស​តែ​ម្ដង គឺ​ចាប់ផ្តើម​ពី​កូរ៉េ​តែ​ម្តង​» ។

សម្តេច​ធិ​បតី​បន្ត​ថា ប៉ុន្តែ​ដើម្បី​ដោះស្រាយ​បញ្ហា​កង្វល់​សន្តិសុខ យើង​នឹង​បញ្ជូន​មន្ត្រី​អត្តសញ្ញាណ​កម្ម​ទៅ​ធ្វើការ​នៅ​ទីនោះ ដើម្បី​ពិនិត្យ​លើ​ការងារ​នេះ​តែ​ម្ដង ។ ព្រោះ​ការ​លំបាក​របស់​បងប្អូន​ប្រឈម​ខ្លាំង គឺ​ការ​ធ្វើ​ប៉ា​ស្ព័​រ ។ កន្លង​មក​បងប្អូន​ខ្លះ​ត្រូវ​ពន្យា​ប៉ា​ស្ព័​រ ត្រូវធ្វើ​ប៉ា​ស្ព័​រ ធ្វើ​ឲ្យ​បងប្អូន​ត្រូវ​បាន​បាត់បង់​ការងារ​ធ្វើ​ក៏​មាន ។

មួយទៀត​លិខិត​ថ្កោលទោស​បងប្អូន ត្រូវ​ជិះ​យន្តហោះ​មក​យក​លិខិត​ថ្កោលទោស​នៅ​កម្ពុជា ។ រួម​ទាំង​បែបបទ​បំពេញ​ក្រសួងយុត្តិធម៌​ដែល​ត្រូវធ្វើ​ពីរ​បី​ដង បើសិនជា​ឯកសារ​ខុស​ទៀត គឺ​ត្រូវ​ចំណាយ ពេល​ច្រើន ។ ដូច្នេះ​យើង​ត្រូវ​គិត​ឡើង​វិញ ដោយ​បង្ក​ការងារ​ស្រួល​ដោយ​កាត់ បន្ថយ​តម្លៃ និង​ពេលវេលា​សម្រាប់​ការ​ធ្វើ​ប៉ា​ស្ព័​រ និង​លិខិត​ថោ្ក​ល​ទោស ៕