ប្រទេសថៃ ៖ លោកនាយករដ្ឋមន្ត្រីថៃ ស្រេតថា ថាវីស៊ីន (Srettha Thavisin) បានប្រាប់បណ្តាអ្នកសារព័ត៌មាន កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងរបស់លោកថា គណៈរដ្ឋមន្ត្រីបានសម្រេច ដើម្បីកាត់បន្ថយតម្លៃអគ្គិសនីពី ៤,៤៥បាត ស្មើនឹង ៥១១រៀល មកត្រឹម ៤,១០បាត ស្មើនឹង ៤៧១រៀលក្នុង១គីឡូវ៉ាត់ម៉ោង។ គណៈរដ្ឋមន្ត្រីក៏បានសម្រេចកាត់បន្ថយតម្លៃប្រេងម៉ាស៊ូតមកនៅក្រោម៣០បាត ស្មើនឹង ៣,៤៥០វៀលក្នុងមួយលីត្រ ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ តទៅ។
បើយោងតាមប្រភពពីសារព័ត៌មាន Thai PBS World បានឱ្យដឹងថា ប៉ុន្តែទោះយ៉ាងណាក៏ដោយ នៅមិនទាន់មានព័ត៌មានលម្អិតអំពីវិធីដែលរដ្ឋាភិបាលនឹងឧបត្ថម្ភធន លើការកាត់បន្ថយតម្លៃអស់ទាំងនេះ ឬរយៈពេលនៃការកាត់បន្ថយប៉ុន្មាននោះទេ។ ការកាត់ថ្លៃអគ្គិសនី និងប្រេងឥន្ធនៈ គឺស្ថិតក្នុងចំណោមគោលនយោបាយអាទិភាពខ្ពស់បំផុត ដែលបានរៀបរាប់ដោយគណបក្សភឿថៃ នៅក្នុងការប្រកាសបោះឆ្នោតរបស់ខ្លួន។
បន្ថែមលើសពីនេះទៀត គណៈរដ្ឋមន្ត្រីថៃ ក៏បានសម្រេចចិត្តផ្លាស់ប្តូរលើការបើកប្រាក់បៀវត្សរ៍សម្រាប់មន្ត្រីរាជការផងដែរ ដោយការបើកពាក់កណ្តាលខែម្តង ជំនួសឱ្យការបើក១ខែម្តង ដើម្បីសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុ ដែលការផ្លាសប្តូរនេះ ប្រទេសកម្ពុជាយើង បានអនុវត្តរួចមកហើយ។
យោងតាមប្រភពពីសារព័ត៌មាន The Thaiger ឯណោះ ក៏បានរាយការណ៍ថា លោកនាយករដ្ឋមន្ត្រីថៃបានប្រកាសថា រដ្ឋាភិបាលជំរុញឱ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃរហូតដល់ ៤០០បាតភ្លាមៗ ស្មើនឹង ៤,៦០០០រៀល នៅក្នុងគោលបំណងជួយដល់កម្មករ ដែលកំពុងជួបនឹងផលលំបាក ការឡើងថ្លៃចំណាយនៃការរស់នៅ។ ការសម្រេចនេះ នឹងត្រូវសម្រេចតាមរយៈការចរចារវាងរដ្ឋាភិបាល និយោជក និងកម្មករ ដើម្បីឯកភាពគ្នាក្នុងចំនួនសមស្រប។
លោកនាយករដ្ឋមន្ត្រីបានចែករំលែកផែនការនេះ អំឡុងពេលពិភាក្សារបស់សភាស្តីពីសេចក្តីថ្លែងការណ៍គោលនយោបាយរបស់រដ្ឋាភិបាល។ ការដំឡើងប្រាក់ឈ្នួលគឺជាផ្នែកមួយ នៃវិធានការជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ដែលត្រូវបានរៀបចំឡើង ដើម្បីពង្រឹងសុខុមាលភាពហិរញ្ញវត្ថុរបស់កម្លាំងការងាររបស់ប្រទេសថៃ។
ជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រី ដែលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងដែរ ក៏បានគូសបញ្ជាក់អំពីអត្រាអ្នកគ្មានការងារធ្វើទាបរបស់ប្រទេសថៃ ដែលមានត្រឹមតែ១%ប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី នាយករដ្ឋមន្ត្រីវ័យ៦១ឆ្នាំរូបនេះ បានទទួលស្គាល់ថា តម្រូវការកម្លាំងពលកម្ម នៅតែមានកម្រិតខ្ពស់ ដោយចាំបាច់ត្រូវពឹងផ្អែកលើពលករចំណាកស្រុក។
លោកបានបញ្ជាក់អំពីតម្រូវការក្នុងការការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់កម្មករ ដើម្បីផ្តល់សុខុមាលភាព និងសុវត្ថិភាពដល់ពួកគេ។ ជាងនេះទៅទៀត រដ្ឋាភិបាលគ្រោងនឹងបង្កើតមជ្ឈមណ្ឌលសេវាកម្មច្រកចេញចូលតែមួយ ដើម្បីសម្រួលដំណើរការរត់ឯកសាររបស់ពួកគេ៕ (ប្រភពពី Thai PBS World និង The Thaiger)