


បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានពិភាក្សាអំពីគម្រោងពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គមទៅដល់ប្រជាជននៅតាមជនបទក្នុងវិស័យកសិកម្មឱ្យកាន់តែទូលំទូលាយ។
ការពិភាក្សានេះធ្វើឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ដើម្បីចាប់ផ្តើមដំណើរការ«ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (SASI)»។
អង្គការហ្រ្គេតនៅកម្ពុជាលើកឡើងក្នុងបណ្តាញសង្គមនាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ថា៖ «គម្រោង SASI មានគោលបំណងគាំទ្រដល់ការឆ្លុះបញ្ចាំងជាយុទ្ធសាស្ត្រ និងសកម្មភាពប្រតិបត្តិការរបស់ ប.ស.ស. ដើម្បីពង្រីកការធានារ៉ាប់រងសុខភាពសង្គមដល់ប្រជាជននៅតាមជនបទក្នុងប្រទេសកម្ពុជា ដោយផ្តោតជាពិសេសលើវិស័យកសិកម្ម»។
អង្គការហ្រ្គេតបន្តថា គម្រោងនេះត្រូវបានជំរុញឡើង ក្រោយពីមានការកត់សម្គាល់នូវភាពងាយរងគ្រោះនៃប្រជាជននៅតាមជនបទចំពោះហានិភ័យផ្សេងៗ រួមមាន ភាពក្រីក្រ ជំងឺ និងការប្រែប្រួលអាកាសធាតុ។
ក្នុងកិច្ចប្រជុំនេះក៏មានកិច្ចពិភាក្សាដើម្បីធ្វើឱ្យទំនាក់ទំនង និងកិច្ចសហការគម្រោងមានភាពរលូន ហើយដៃគូអនុវត្តទាំងអស់បានពិភាក្សាអំពីកត្តាសំខាន់ៗ ដើម្បីបង្កើនការអនុវត្ត និងការរៀនសូត្រនៃគម្រោង។
អង្គការហ្រ្គេតនៅកម្ពុជាលើកឡើងថា កិច្ចប្រជុំនេះទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។
គម្រោង SASI នេះបានចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ប.ស.ស. និងអង្គការហ្គ្រេត ការឧបត្ថម្ភគាំទ្រពីផ្តល់មូលនិធិដោយ ។
ក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំស្តីពីការអនុវត្តគម្រោង SASI នេះ ឯកឧត្ដមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានថ្លែងថា ការរៀបចំកិច្ចប្រជុំនេះគឺក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹងបច្ចេកទេស បទពិសោធន៍ ឧត្តមានុវត្ត និងផ្តល់ជាធាតុចូលសំខាន់ៗ ដើម្បីជាគន្លឹះក្នុងការរៀបចំយុទ្ធសាស្ត្រសម្រាប់អនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ ដើម្បីរួមចំណែកក្នុងការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គមទៅដល់ប្រជាជនគោលដៅក្នុងវិស័យកសិកម្មឱ្យកាន់តែទូលំទូលាយ។
ឯកឧត្ដមបណ្ឌិតបានបន្ដថា កិច្ចប្រជុំនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ភាគីពាក់ព័ន្ធធ្វើបទបង្ហាញ ដោយផ្តោតលើចំណុចសំខាន់ៗ រួមមានទិដ្ឋភាពទូទៅ គោលដៅ វិសាលភាពការងារ ពេលវេលា ការផ្តល់កិច្ចសហការ ការពិនិត្យ និងការពិភាក្សាលើផែនការសកម្មភាពក្នុងការអនុវត្តគម្រោង ការផ្តល់អនុសាសន៍និងមតិយោបល់ច្បាស់លាស់ និងការប្តេជ្ញាចិត្តលើការអនុវត្តគម្រោង។
ឯកឧត្ដមបណ្ឌិត ហេង សុផាន់ណារិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការ និងកិច្ចខិតខំប្រឹងប្រែងរបស់ដៃគូពាក់ព័ន្ធទាំងអស់ ដែលបានបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរួមចំណែកពង្រឹង និងពង្រីកប្រព័ន្ធសន្តិសុខសង្គម ដែលជាសសរស្តម្ភដ៏សំខាន់មួយក្នុងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ព្រមទាំងជាការរួមចំណែកធានាសន្តិសុខប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ លើកកម្ពស់ស្ថិរភាពសង្គម និងជីវភាពប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិកជំនាញរបស់ ប.ស.ស. តំណាងអង្គការហ្គ្រេត ទីភ្នាក់ងារ AFD អង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា វិទ្យាស្ថានស្រាវជ្រាវសម្រាប់ការអភិវឌ្ឍ (IRD) ក្រុមហ៊ុនមេធាវី ទីស្នាក់ការកណ្តាលមូលនិធិសង្គមជួយគ្នាទៅវិញទៅមកនៅក្នុងវិស័យកសិកម្ម (CCMSA) និងអ្នកវិភាគហិរញ្ញវត្ថុ សរុបប្រមាណជា ៣៥រូប។
កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ អង្គការហ្គ្រេត CCMSA និង ប.ស.ស. បានសហការរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញស្តីពីប្រព័ន្ធកិច្ចគាំពារសង្គមសម្រាប់វិស័យកសិកម្មរបស់ប្រទេសបារាំង។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញអំពីប្រព័ន្ធកិច្ចគាំពារសង្គមសម្រាប់វិស័យកសិកម្មរបស់ប្រទេសបារាំង និងការពិនិត្យឡើងវិញអំពីបរិបទប្រជាជនកម្ពុជាព្រមទាំងប្រមូលនូវធាតុចូលសំខាន់ៗក្នុងការបង្កើតជាយុទ្ធសាស្រ្តសម្រាប់គ្របដណ្តប់ការការពារលើកសិករ និងកម្មករនិយោជិតក្នុងវិស័យកសិកម្មនៅកម្ពុជា។
សូមរំឭកផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គមទៅដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកនៃ ប.ស.ស. តាមរយៈការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកនៃ ប.ស.ស. កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលនឹងធ្វើឱ្យរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពគ្របដណ្ដប់ប្រជាជនសរុបជាង៥លាននាក់។
អង្គការហ្គ្រេតកម្ពុជាក៏បានបង្ហោះសារក្នុងបណ្តាញសង្គមកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ដោយអបអរសាទរចំពោះ ប.ស.ស. ដែលបានចាប់ផ្តើមបើកយុទ្ធនាការថ្មីនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងការចុះផ្សព្វផ្សាយ ដើម្បីគាំទ្រដល់ការពង្រីកការធានារ៉ាប់រងសុខភាពសង្គមតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស.។
អង្គការហ្គ្រេតបានលើកឡើងថា៖ «ប.ស.ស. ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចប្រកាសកិច្ចផ្ដួចផ្ដើមនេះដើម្បីទទួលបានការធានារ៉ាប់រងសុខភាពសង្គមដល់ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើន ដើម្បីឈានទៅរកការធានារ៉ាប់រងសុខភាពជាសកល។ អង្គការហ្រ្គេតនឹងគាំទ្រដល់ ប.ស.ស. ក្នុងសមត្ថភាពផ្សព្វផ្សាយទៅកាន់ប្រជាជនគោលដៅថ្មី និងតាមដានវឌ្ឍនភាពនៃគម្រោងនេះ»៕