


ក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈបានចេញសេចក្តីណែនាំនាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ក្រើនរំឭកដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវពង្រឹងការអនុវត្តវិធានការបង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន ដើម្បីទប់ស្កាត់គ្រោះអគ្គិភ័យ និងករណីដួលសន្លប់នៅតាមសហគ្រាស គ្រឹះស្ថាន។
ក្រសួងបញ្ជាក់ក្នុងសេចក្ដីណែនាំនេះថា៖ «ក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ សូមក្រើនរំលឹកសាជាថ្មី និងណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវចូលរួមពង្រឹងការអនុវត្តនូវវិធានការបង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត សំដៅធានាបាននូវបរិយាកាស នៅកន្លែងធ្វើការប្រកបដោយសុវត្ថិភាព ទប់ស្កាត់បាននូវគ្រោះអគ្គិភ័យ និងករណីដួលសន្លប់នៅតាមសហគ្រាស គ្រឹះស្ថាន»។
ក្រសួងក៏បានណែនាំដល់ម្ចាស់សហគ្រាសត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំនូវបណ្តាញផ្គត់ផ្គង់ចរន្តអគ្គិសនី ធ្វើការវាស់កម្ដៅឧបករណ៍ផ្តល់ចរន្តអគ្គិសនី ដោយគោរពតាមស្តង់ដារសុវត្ថិភាព និងថែទាំឧបករណ៍ផ្តល់ចរន្តអគ្គិសនី និងសម្ភារដំណើរការដោយចរន្តអគ្គិសនីទាំងឡាយ ដែលជាមូលហេតុបង្កឱ្យមានអគ្គិភ័យកើតឡើងជាយថាហេតុនៅកន្លែងធ្វើការ។
ក្រសួងណែនាំឱ្យមានការតាមដានជាប្រចាំសីតុណ្ហមាត្រដែលបានបំពាក់នៅក្នុងសហគ្រាស គ្រឹះស្ថាន ព្រមទាំងត្រួតពិនិត្យ និងជំរុញការអនុវត្តតួនាទី និងភារកិច្ចរបស់គណៈកម្មការ ឬក្រុមការងារសុវត្ថិភាព និងសុខភាពការងារប្រចាំសហគ្រាស គ្រឹះស្ថាន ជាពិសេសការត្រួតពិនិត្យនិងធ្វើបច្ចុប្បន្នភាពការវាយតម្លៃហានិភ័យការងារនៅកន្លែងធ្វើការជាប្រចាំ។
តាមរយៈសេចក្តីណែនាំនេះ ម្ចាស់សហគ្រាស គ្រឹះសា្ថនត្រូវអប់រំ និងបណ្តុះបណ្តាលកម្មករនិយោជិតឱ្យយល់ដឹងអំពីសញ្ញាសុវត្ថិភាព របៀបជម្លៀសខ្លួន និងធ្វើលំហាត់សមឱ្យបានទៀងទាត់ ព្រមទាំងត្រួតពិនិត្យជាប្រចាំនូវមធ្យោបាយសង្គ្រោះបឋម និងដំណើរការគិលានដ្ឋានប្រចាំសហគ្រាស។
ក្រៅពីនេះ ម្ចាស់សហគ្រាស គ្រឹះសា្ថនត្រូវត្រួតពិនិត្យ និងធ្វើតេស្តសាកល្បងប្រព័ន្ធ និងឧបករណ៍ការពារអគ្គិភ័យជាប្រចាំ ជាអាទិ៍ បំពង់ពន្លត់អគ្គិភ័យ ប្រព័ន្ធបាញ់ទឹកដោយស្វ័យប្រវត្តិ ប្រព័ន្ធទុយោបាញ់ទឹកពន្លត់អគ្គិភ័យ កណ្តឹងប្រកាសអាសន្ន ឧបករណ៍ចាប់ផ្សែង និងភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី។
មួយវិញទៀត ម្ចាស់សហគ្រាស ក៏ត្រូវត្រួតពិនិត្យជាប្រចាំនូវច្រកអាសន្នដែលអាចជម្លៀសខ្លួនចេញដោយសុវត្ថិភាព គ្មានឧបសគ្គ មិនដាក់សម្ភារបាំង មិនចាក់សោរ និងមានភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី។
ក្រសួងក៏បានក្រើនរំឭកផងដែរឱ្យមានការរៀបចំឱ្យមានផែនការឆ្លើយតបគ្រាអាសន្ន តាមរយៈការវាយតម្លៃអំពីចំណាត់ថ្នាក់កន្លែងធ្វើការដែលមានប្រើប្រាស់សារធាតុគីមី និងវត្ថុ ឬសម្ភារងាយឆាបឆេះ និងវិធានការឆ្លើយតប និងរក្សាទុកដាក់សារធាតុទាំងនោះឱ្យនៅដាច់ដោយឡែកពីអគារធ្វើការ ឬអគារផលិតកម្ម។
ការចេញសេចក្ដីណែនាំនេះក៏ស្របពេលដែលមានការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមស្តីពីការឡើងកម្ដៅអាកាសធាតុរហូតដល់ ៤១°C នៅក្នុងខែមេសា និងដើមខែឧសភាខាងមុខនេះ។
សេចក្តីណែនាំនេះបានរំឭកដល់ម្ចាស់សហគ្រាសត្រូវត្រួតពិនិត្យនិងថែទាំជាប្រចាំនូវប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់នៅតាមអគារធ្វើការ និងបើកឱ្យដំណើរការឱ្យបានយ៉ាងហោច១ម៉ោង មុនពេលអនុញ្ញាតឱ្យកម្មករនិយោជិតចូលធ្វើការ។
សេចក្តីណែនាំនេះរំឭកថា៖ «[ម្ចាស់សហគ្រាស] ត្រូវបើកបង្អួច ទ្វារទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញក្នុងអគារផលិតកម្មនៅពេលអាកាសធាតុកើនកម្ដៅ និងរៀបចំទុកដាក់សម្ភារនិងវត្ថុធាតុដើមឱ្យមានសណ្ដាប់ធ្នាប់ និងសុវត្ថិភាព កុំឱ្យបាំងប្រភពខ្យល់ចេញចូល»។
បន្ថែមពីនេះ ក្រសួងក៏បានណែនាំដល់ម្ចាស់សហគ្រាសត្រូវណែនាំដល់កម្មករនិយោជិតបរិភោគទឹកស្អាត និងមានអនាម័យឱ្យបាន១កែវនៅរៀងរាល់១៥នាទី ទៅ២០នាទី ព្រមទាំងស្លៀកសម្លៀកបំពាក់សមស្របតាមអាកាសធាតុ។
ម្ចាស់សហគ្រាសតម្រូវឱ្យត្រួតពិនិត្យ និងចាត់វិធានការចាំបាច់ដើម្បីឆ្លើយតបទៅនឹងការសាយភាយនៃសារធាតុគ្រោះថ្នាក់ដល់កម្មករនិយោជិត ដែលបណ្ដាលមកពីការប្រើប្រាស់សារធាតុពុល ថ្នាំសម្លាប់សត្វល្អិតពីខាងក្រៅបរិវេណនៃសហគ្រាស គ្រឹះស្ថាន។
ចំពោះសហគ្រាស គ្រឹះស្ថានដែលប្រើប្រាស់ឡចំហាយ ក្រសួងបានណែនាំឱ្យត្រួតពិនិត្យជាប្រចាំនូវការប្រើប្រាស់ឡចំហាយទៅតាមលក្ខណៈបច្ចេកទេស និងសុវត្ថិភាព ព្រមទាំងត្រូវមានលិខិតអនុញ្ញាត និងមានអ្នកបញ្ជាឡចំហាយដែលបានឆ្លងកាត់ការបណ្តុះបណ្តាលពីក្រសួង ស្ថាប័នជំនាញ។
ម្ចាស់សហគ្រាស គ្រឹះស្ថាន ដែលមានការធ្វេសប្រហែស និងមិនបានអនុវត្តតាមសេចក្ដីណែនាំនេះ បណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវទទួលរងពិន័យតាមច្បាប់ស្តីពីការងារ និងការផ្តន្ទាទោសព្រហ្មទណ្ឌផ្សេងទៀត ស្របតាមមាត្រា៣០ នៃច្បាប់ស្តីពីការបង្ការ និងពន្លត់អគ្គិភ័យ និងច្បាប់ពាក់ព័ន្ធដទៃទៀត។
កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពអគ្គីភ័យដល់មន្ត្រីរាជការ មន្ត្រីអធិការកិច្ចនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សរុបចំនួន១២២នាក់ នៅទីស្ដីការក្រសួងការងារ ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងស្តីពីសុវត្ថិភាពអគ្គិភ័យ និងវិធានការបង្ការហានិភ័យដែលអាចកើតឡើងដោយអគ្គីភ័យ។
នាឱកាសនោះ លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា គ្រោះថ្នាក់អគ្គិភ័យអាចក្លាយជាមហន្តរាយធ្ងន់ធ្ងរនៅកន្លែងធ្វើការប្រសិនបើមិនមានការគ្រប់គ្រងឱ្យបានត្រឹមត្រូវ និងមិនមានវិធានការបង្ការទុកជាមុនឱ្យបានច្បាស់លាស់នោះទេ។
លោកបន្តថា បញ្ហានេះផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរ “ផលប៉ះពាល់ Domino” នៅពេលអគ្គិភ័យបង្កឱ្យមានការផ្ទុះ និងការដួលរលំអគារកើតឡើង ដែលបង្កឱ្យក្លាយជាសោកនាកម្ម។ អគ្គិភ័យបានធ្វើឱ្យមានផ្សែង និងឧស្ម័នពុលដែលបង្កមានគ្រោះថ្នាក់ដល់មនុស្សនៅពេលស្រូបចូល និងបាត់បង់កម្រិតអ៊ុកស៊ីហ្សែននៅក្នុងខ្យល់ ព្រមទាំងធ្វើឱ្យបាត់បង់ស្មារតី និងមិនអាចជម្លៀសខ្លួនចេញពីអគារឱ្យបានទាន់ពេលវេលា។ មូលហេតុទាំងនេះក្លាយជាសោកនាកម្មធ្ងន់ធ្ងរ។
លោកប្រធាននាយកដ្ឋានថ្លែងថា ដើម្បីបង្ការគ្រោះថ្នាក់ដោយអគ្គិភ័យកើតឡើង កន្លែងធ្វើការ ចាំបាច់ត្រូវមានការវាយតម្លៃហានិភ័យដែលអាចកើតឡើងដោយអគ្គិភ័យ ដោយពិចារណាលើធាតុផ្សំនៃអគ្គិភ័យ មានចាត់តាំងឱ្យមានបុគ្គលិកទទួលបន្ទុកសុវត្ថិភាពអគ្គិភ័យ ការរៀបចំប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ តាមបទដ្ឋានបច្ចេកទេស ដើម្បីបង្ការទុកជាមុន និងមានការត្រួតពិនិត្យជាប្រចាំជាដើម។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះដែរ ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំដល់មន្ត្រីអធិការកិច្ចនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវចុះបញ្ជ្រាបអំពីកិច្ចការសុវត្ថិភាពនេះទៅដល់និយោជក អ្នកគ្រប់គ្រងនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន អំពីច្បាប់នៃការរៀបចំប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ ដើម្បីធានាសុវត្ថិភាពចំពោះអ្នកបម្រើការងារនៅក្នុងទីតាំងរបស់ពួកគេ។
ឯកឧត្តមវេជ្ជបណ្ឌិតបានថ្លែងថា ចំពោះសម្ភារចាំបាច់ទាំងអស់ត្រូវចាត់ចំណាត់ថ្នាក់ និងទុកដាក់នៅតាមទីតាំងឱ្យបានត្រឹមត្រូវទៅតាមប្រភេទ រួមទាំងមធ្យោយបាយពន្លត់ក្នុងករណីមានអគ្គិភ័យ ដើម្បីងាយស្រួលក្នុងពេលត្រូវយកប្រើប្រាស់ និងពន្លត់ទាន់ពេលវេលា។ ម្យ៉ាងទៀត និយោជកត្រូវមានក្រុមការងារគ្រប់គ្រងអគ្គិភ័យឱ្យបានជាប់ជានិច្ច៕