ផ្នែកឧស្សាហកម្ម កសិកម្ម និងសេវាកម្ម កំពុងត្រូវការកម្លាំងពលកម្មជាង៣ម៉ឺនកន្លែង

2024-01-24
1675

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសឱ្យដឹងនាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ថា វិស័យចំនួន៣ គឺវិស័យឧស្សាហកម្ម កសិកម្ម និងសេវាកម្មកំពុងត្រូវការកម្លាំងពលកម្មចំនួន៣០ ៣៦៦កន្លែង នៅតាមបណ្តារាជធានី ខេត្ត។ NEA បានអំពាវនាវដល់ប្រជាពលរដ្ឋដែលចង់ស្វែងរកការងារទាក់ទងទៅកាន់ NEA។

ក្នុងចំណោមឱកាសការងារជាង៣ម៉ឺនកន្លែងនេះ វិស័យឧស្សាហកម្មត្រូវការកម្លាំងពលកម្មចំនួន១៤ ៩៤៧កន្លែង ផ្នែកកសិកម្មត្រូវការ៤ ៥៧៨កន្លែង និងសេវាកម្ម​ត្រូវការ១០ ៨៤១កន្លែង។

NEA បញ្ជាក់បន្ថែមថា តម្រូវការកម្លាំងពលកម្មក្នុងខេត្តរតនគិរីមាន៦ ៦០០កន្លែង, ខេត្តក្រចេះមាន៥ ០៩៧កន្លែង, កំពង់ស្ពឺ ៥ ០៨៥កន្លែង, កំពង់ឆ្នាំង៤ ១៣៨កន្លែង, ភ្នំពេញ ១ ៦៨៣កន្លែង, កំពង់ចាម ១ ៥៧៧កន្លែង, ពោធិ៍សាត់ ១ ១៨៨កន្លែង, ស្វាយរៀង ៩៣៣កន្លែង, កោះកុង ៦៧៧កន្លែង, បន្ទាយមានជ័យ ៥៥៨កន្លែង និងខេត្តផ្សេងៗមាន ១ ៨៣០កន្លែង។

នៅក្នុងវិស័យទាំង៣នេះ ឱកាសការងារសម្រាប់អ្នកបញ្ជាម៉ាស៊ីនមាន១២ ៩៣៩កន្លែង, សម្រាប់កម្មករចំការដំណាំមាន១០ ៧៦៩កន្លែង, មន្ត្រីឥណទាន និងប្រាក់កម្ចីមាន ១ ២៨៨កន្លែង, អ្នកដុសខាត់លោហៈ អ្នកក្រឡឹងកង់ និងអ្នកសំលៀងឧបករណ៍មាន១ ០០០កន្លែង, អ្នកបញ្ជាម៉ាស៊ីនធ្វើស្បែកជើង៥០១កន្លែង, កម្មករក្នុងផលិតកម្ម៤៣៦កន្លែង, នាយកគ្រប់គ្រងអាជីវកម្មលក់រាយ និងលក់ដុំ១៥៥កន្លែង, បុគ្គលិកបម្រើការងារតាមតុ (Waiter) ១៥១ កន្លែង, អ្នកបច្ចេកទេសខាងវិស្វកម្មអគ្គិសនី១២៨កន្លែង, វិជ្ជាជីវៈខាងផ្សព្វផ្សាយ និងទីផ្សារ១០៦កន្លែង និងមុខរបរផ្សេងៗទៀតចំនួន២ ៨៩៣កន្លែង។

NEA បានប្រកាសនាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ថា រោងចក្រ ជុនតេង អិនដាស្រ្ទៀល (Chunteng Industrial) ដែលមានទីតាំងស្ថិត​ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានប្រកាសផ្តល់ឱកាសការងារចំនួន ៤៧ កន្លែង ដែលក្នុងនោះមុខដំណែងប្រធានផ្នែក និងប្រធានក្រុមដេរមាន៥កន្លែង, ប្រធានផ្នែកឃ្លាំង១កន្លែង, ជាងជួសជុលម៉ាស៊ីនដេរ១កន្លែង, ផ្នែកវិចខ្ចប់២០កន្លែង និងផ្នែកដេរ២០កន្លែង។ បុគ្គលិកអាចទទួលបាន​ប្រាក់ចំណូល​ប្រចាំខែចន្លោះពី៣៥០ដុល្លារ ដល់៤០០ដុល្លារ។

បើតាមការប្រកាស​របស់NEA នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ រោងចក្រ អេនគ្រីអេធីវ ខេអេហ្វ1 (Encreative KF1) ដែលមានទីតាំងស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញត្រូវការជ្រើសរើសកម្មករ កម្មការនី ចំនួន៥០៤នាក់ជាបន្ទាន់ ដែល​ក្នុងនោះកម្មការនីគ្រប់ផ្នែកចំនួន៥០០នាក់ និង​ប្រធានផ្នែកចំនួន៤នាក់ ដែលមានប្រាក់ចំណូលប្រចាំខែចាប់ពី ៣៥០ដុល្លារ ដល់៤៥០ដុល្លារ។

NEA ក៏បានប្រកាសកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ផងដែរថា រោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធើរី ដែលមានទីតាំងស្ថិត​ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវការជ្រើសរើសកម្មករ កម្មការនី ជាច្រើននាក់ជាបន្ទាន់ ដោយទទួលបានប្រាក់ចំណូល​ប្រចាំខែចាប់ពី៣០០ដុល្លារ ដល់៥០០ដុល្លារ។ 

NEA សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងបន្តរៀបចំវេទិកាការងាររយៈពេល១ថ្ងៃ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៥៤៩ កន្លែង ពីក្រុមហ៊ុនធំៗ ៧ ជូនដល់យុវជន នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដោយបេក្ខជនដាក់ពាក្យភ្លាម ហើយក្រុមហ៊ុនធ្វើការសម្ភាសភ្លាម។

កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបើកជាផ្លូវការវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន១,៥លាននាក់ ដែលជាកម្មវិធីថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ សិស្សបានចាប់ផ្តើមចូលរៀននៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នេះ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេស​នៅទូទាំង​ប្រទេស។

ថ្លែងក្នុងពិធីបើកបវេសនកាលវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យ NEA យកចិត្តទុកដាក់ប្រមូលនូវទិន្នន័យ និងព័ត៌មានពីសិស្សដែលកំពុងចូលរៀន និងត្រូវចាប់ផ្ដើមបន្ស៊ីគ្នាជាមួយនឹងឱកាសការងារនៅកន្លែងផ្សេងៗ ដែលមានជាង៣ម៉ឺនកន្លែងនេះ។

ឯកឧត្តមរដ្ឋមន្ត្រីថ្លែងថា៖ «ដូច្នេះ សុំឱ្យNEA ពិនិត្យនៅក្នុងចំណោមប្អូនៗ ក្មួយៗ របស់យើងដែលកំពុងចូលរៀន ដល់ខែទី៣នេះគឺថា អាចចាប់ផ្តើមផ្គូរផ្គងការងារជាបណ្តើរៗដើម្បីធានាថាពេលចប់ភ្លាមគឺបានតែម្តង»។

 

NEA នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានបន្តរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការត្រៀមលក្ខណៈសម្បត្តិស្វែងរកការងារ» ដើម្បីជួយដល់យុវជនដែលមិនទាន់មានការងារធ្វើបានយល់ដឹងបន្ថែមអំពីវិធីសាស្រ្តស្វែងរកការងារប្រកបដោយប្រសិទ្ធភាព។

កញ្ញា ជិន ស្រីពេជ្រ និស្សិតមកពីវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ជំនាញពាណិជ្ជកម្មអន្តរជាតិ បានថ្លែងប្រាប់ NEA ថា៖ «សព្វថ្ងៃ ខ្ញុំកំពុងស្វែងរកការងារធ្វើ។ ខ្ញុំមកចូលរួមវគ្គបណ្តុះបណ្តាលថ្ងៃនេះ ដើម្បីស្វែងយល់បន្ថែមអំពីការត្រៀមខ្លួនដាក់ពាក្យរកការងារ និងសម្ភាសការងារ»។

លោក ទិន ផាន់ណារ៉ា និស្សិតមកពីវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ជំនាញវិស្វកម្មអគ្គីសនី ថ្លែងប្រាប់ NEA​ ថា៖ «ចង់ដឹងពីរបៀបត្រៀមខ្លួនស្វែងរកការងារធ្វើ សូមមកចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការត្រៀមលក្ខណៈសម្បត្តិស្វែងរកការងារនៅ NEA»។

ចំណែក កញ្ញា វ៉ាត ធីតា និស្សិតមកពីវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ជំនាញសេវាកម្មរដ្ឋបាល ក៏បានបញ្ជាក់ប្រាប់ NEA ដែរថា៖ «វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់និស្សិតដែលមិនទាន់មានការងារធ្វើ ឬកំពុងស្វែងរកការងារ អាចទទួលបានចំណេះដឹងបន្ថែមអំពីវិធីសាស្រ្តស្វែងរការងារ»។

ដោយឡែក លោក សួរ ប៊ុនថី និស្សិតមកពីវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ជំនាញវិស្វកម្មអគ្គិសនី បានថ្លែងប្រាប់ NEA ថា៖ «យុវជនដែលកំពុងសិក្សា ហើយមិនទាន់មានការងារធ្វើ សូមមក NEA សូមមកចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការត្រៀមលក្ខណៈសម្បត្តិស្វែងរកការងារ ដើម្បីស្វែងយល់អំពីទីផ្សារការងារ នាពេលបច្ចុប្បន្ន និងអនាគត»។

លោក សន សុវណ្ណតារា និស្សិតមកពីពុទ្ធិក​សាកលវិទ្យាល័យ ព្រះសីហមុនី​រាជា ជំនាញអក្សរសាស្ត្រអង់គ្លេស បានបញ្ជាក់ប្រាប់ NEA ថា៖ «ដើម្បីផ្ដល់ភាពងាយស្រួល និងមានប្រសិទ្ធភាពនៅពេលស្វែងរកការងារធ្វើ យុវជនគួរមកចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការត្រៀមលក្ខណៈសម្បត្តិស្វែងរកការងារនៅ NEA ជាមុនសិន»។