ក្រសួង​ការងារ​ដាក់​ចេញ​សេវាកម្ម​សំខាន់ៗ​ចំនួន​១៧ តាម​ប្រព័ន្ធ​អន​ឡាញ​ដើម្បី​ជួយ​សម្រួល​ដល់​វិស័យ​ឯកជន

2024-03-01
610

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានធ្វើ​ទំនើបកម្ម​កម្មវិធី​កម្រង​សេវា​ស្វ័យប្រវត្តិកម្ម​ពាក់ព័ន្ធ​វិស័យ​ការងារ​សំខាន់ៗ​ចំនួន​១៧​ប្រភេទ​នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ដើម្បី​សម្រួល​ដល់​វិស័យ​ឯកជន​ឱ្យមាន​ភាពងាយស្រួល និង​តម្លាភាព​ដែល​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុងការ​ពង្រឹង​ប្រព័ន្ធ​អភិបាលកិច្ច និង​ការគ្រប់គ្រង​វិស័យ​អប់រំ​បណ្តុះបណ្តាល​តាម​បច្ចេកវិទ្យា​ឌីជីថល​។

បើតាម​ក្រសួង​ការងារ ក្នុង​កម្រង​សេវា​ស្វ័យប្រវត្តិកម្ម​ពាក់ព័ន្ធ​វិស័យ​ការងារ​ចំនួន​១៧ នោះ​មានដូចជា ​ទី​១ ការចុះ​បញ្ជិការ​សេចក្តី​ប្រកាសជូន​ដំណឹង​បើក​សហគ្រាស​។ ទី​២ ការចុះ​បញ្ជិកា​សៀវភៅបញ្ជី​ប្រចាំ​សហគ្រាស​។ ទី​៣ ការចុះ​បញ្ជិកា​សៀវភៅ​បើកប្រាក់​/​ផ្តល់​លិខិតអនុញ្ញាត​បើកប្រាក់​តាម​ប្រព័ន្ធ​កុំព្យូទ័រ​។ ទី​៤ ការចុះ​ទិដ្ឋាការ​បទបញ្ជាផ្ទៃក្នុង​រប​ស់​សហគ្រាស​។ ​ទី​៥ការបញ្ជាក់​វិញ្ញាបនបត្រ​ពិនិត្យ​កាយសម្បទា​កម្មករនិយោជិត​ខ្មែរ​។ ទី​៦​ការផ្តល់​សៀវភៅ​ការងារ និង​បណ្ណ​សម្គាល់​កម្មករនិយោជិត​ខ្មែរ​។ ​ទី​៧ បច្ចុប្បន្នភាព​ទិដ្ឋាការ «​ចូល​»​លើ​សៀវភៅ​ការងារ​។ ​ទី​៨ បច្ចុប្បន្នភាព​ទិដ្ឋាការ «​ចេញ​»​លើ​សៀវភៅ​ការងារ​។ ​ទី​៩ ការផ្តល់​ទុតិយតា​សៀវភៅ​ការងារ និង​បណ្ណ​សម្គាល់​កម្មករនិយោជិត​ខ្មែរ​។ ​ទី​១០ ការចេញលិខិត​ទទួលស្គាល់​ការបោះឆ្នោត​ជ្រើសរើស​ប្រតិភូ​បុគ្គលិក​។ ​ទី​១១ ការផ្តល់​ទិដ្ឋាការ​ប្រើប្រាស់​កម្មករនិយោជិត​វ័យក្មេង​។ ទី​១២ ការចុះ​បញ្ជិការ​សៀវភៅបញ្ជី​ចុះ​នាម​ក្មេង​។ ​ទី​១៣ ការផ្តល់​លិខិត​អនុញ្ញាតឱ្យ​សហគ្រាស ធ្វើការ​បន្ថែម​ម៉ោង​។ ​ទី១៤ ការផ្តល់​លិខិត​អនុញ្ញាតឱ្យ​សហគ្រាស ធ្វើការ​នៅ​ថ្ងៃ​ឈប់សម្រាក​ប្រចាំ​សប្តាហ៍​។ ​ទី​១៥ ការផ្តល់​លិខិត​អនុញ្ញាតឱ្យ​សហគ្រាស ធ្វើការ​នៅ​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ដែលមាន​ប្រាក់​ឈ្នួល​។

ទន្ទឹមនឹងនេះ​តាមរយៈ​គេហទំព័រ​ផ្លូវការ​របស់​ក្រសួង ក៏បាន​បញ្ជាក់ជូន​ដល់​សាធារណជន ប្រជាពលរដ្ឋ​អាចទាក់ទង​ទៅកាន់​លេខ​១២៩៧ និង​តាមរយៈ​អ៊ី​ម៉ែ​ល support.services@mlvt.gov.kh ក្នុងករណី​មាន​ចម្ងល់ និង​ត្រូវការ​ជំនួយ​ផងដែរ​។

​គួរបញ្ជាក់​ផងដែរ​ថា ការធ្វើ​ទំនើបកម្ម កម្មវិធី​កម្រង​សេវា​ស្វ័យប្រវត្តិកម្ម​ពាក់ព័ន្ធ​វិស័យ​ការងារ​ចំនួន​១៧​នេះ​គឺ​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​២០២៤-២០២៨ ក៏ដូចជា​ស្របតាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧ ដើម្បី​ធ្វើ​ទំនើបកម្ម​លើ​វិស័យ​ការងារ​ដោយ​សម្រួល​ទៅដល់​អ្នកវិនិយោគ​សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម​ក្នុង​គោលបំណង​រក្សា​អ្នក​វិនិយោគិន​ដែលមាន​ស្រាប់ និង​ទាក់ទាញ​អ្នក​វិនិយោគិន​ថ្មីៗ​នា​ពេល​អនាគត​៕