រាជធានីភ្នំពេញ៖ ដើម្បីអបអរសាទរការបើកដំណើរការ សាខាបេឡាជាតិសន្តិសុខសង្គម និងមជ្ឈមណ្ឌលការងារ នៅផ្សារទំនើប AEON សែនសុខ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ និងសមាគមសហព័ន្ធ សិស្សនិស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គាំទ្រដោយ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព អមដោយការបម្រើសេវាកាហ្វេរ៉ូបូត (Robot Coffee) រយៈពេល ៣ថ្ងៃ ជាប់គ្នា គឺនៅថ្ងៃទី១៦ ទី១៧ និងទី១៨ ខែសីហា ឆ្នាំ២០២៤ នៅក្នុងផ្សារទំនើប អ៊ីអន សែនសុខ ចាប់ពីម៉ោង ៩:០០ នាទីព្រឹក ដល់ ៨:០០នាទីយប់ ជាមួយឱកាសការងារជាង ៥ពាន់កន្លែង ដែលផ្តល់ជូនដោយក្រុមហ៊ុនធំៗ ចំនួន២០ តាមរយៈការដាក់ពាក្យស្វែងរកការងារ ដោយផ្ទាល់និងធ្វើការសម្ភាសន៍ភ្លាម ។
១. យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើ សូមរៀបចំ CV ដើម្បីដាក់ពាក្យ និងសម្ភាសជាមួយតំណាងក្រុមហ៊ុនធំៗ ទាំង២០ ដើម្បីអាចទទួលបានឱកាសការងារភ្លាមៗតែម្តង ។
២. យុវជន ដែលកំពុងស្វែងរកការងារ អាចទៅចុះឈ្មោះស្វែងរកការងារនៅទីនោះ ដោយផ្ទាល់នៅមជ្ឈមណ្ឌលការងារ ដែលស្ថិតនៅជាន់ទី២ បន្ថែមពីលើការអាចចុះឈ្មោះតាមរយៈ www.nea.gov.kh ឬ កម្មវិធីទូរស័ព្ទដៃ NEA Job Search ។
៣. សមាជិក ប.ស.ស. អាចដាក់ឯកសារទូទាត់សំណងអត្ថប្រយោជន៍របបសន្តិសុខសង្គម ហើយសាធារណជនទូទៅ ដែលមានគ្រប់លក្ខខណ្ឌអាចមកចុះឈ្មោះធ្វើប័ណ្ណ ប.ស.ស. នៅសាខា ប.ស.ស. នៅជាន់ទី២ ។
៤. យុវជននិងសាធារណជននឹងទទួលបានការផ្តល់ សេវាកាហ្វេ Robot Coffee ដ៏ភ្ញាក់ផ្អើល ដែលបង្កើតដោយស្នាដៃកូនខ្មែរ ព្រមទាំងអាចចុះឈ្មោះចូលរៀន ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសណាមួយ ដែលជាកម្មវិធីអាទិភាពមួយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
៥. លើសពីនេះ នៅពេលល្ងាច សាធារណជនក៏អាចទស្សនាកម្សាន្ត ជាមួយក្រុមតន្ត្រី និងឱកាសទទួលបានរង្វាន់ជាច្រើន ក្នុងព្រឹត្តិការណ៍នេះផងដែរ ៕ អត្ថបទសហការ