ក្រសួងការងារ ប្រកាសពីតម្រូវការកម្លាំងពលកម្មក្នុងស្រុក ជិត ៦ ម៉ឺនកន្លែង សម្រាប់បម្រើវិស័យធំៗ ៣

2024-08-27
1095

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ប្រកាស​ពី​តម្រូវការ​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ប្រមាណ​ជិត ៦ ម៉ឺន​កន្លែង សម្រាប់​បម្រើ​ទៅ​លើ​វិស័យ​ធំៗ ចំនួន ៣ រួមមាន វិស័យ​ឧស្សាហកម្ម សេវាកម្ម និង​កសិកម្ម។

បើ​តាម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ២៧ សីហា នេះ​ថា ចាប់ពី​ថ្ងៃ​ទី ២៦ សីហា ដល់​ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ ក្រសួង​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ចំនួន ៥៨ ៦៨៨ កន្លែង សម្រាប់​បម្រើ​ទៅលើ​វិស័យ​ធំៗ ចំនួន ៣ ក្នុង​នោះ វិស័យ​ឧស្សាហកម្ម​មាន​តម្រូវការ​ចំនួន ៤៦ ៣២៤ កន្លែង វិស័យ​សេវាកម្ម​មាន​ចំនួន ៤ ៩២៩ កន្លែង និង​វិស័យ​កសិកម្ម​មាន​ចំនួន ៧ ៤៣៥ កន្លែង។

ក្នុង​នោះ​នៅ​ខេត្ត​រតនគីរី មាន​តម្រូវការ​ផ្នែក​កសិកម្ម​ចំនួន ៤ ០៨៨ កន្លែង ខេត្ត​កំពង់ស្ពឺ មាន​តម្រូវការ​កម្លាំង​ពលកម្ម​ផ្នែក​ឧស្សាហកម្ម ១៤ ១០៣ កន្លែង។ ខេត្ត​ក្រចេះ​មាន​តម្រូវការ​ផ្នែក​កសិកម្ម ៣ ០០០ កន្លែង។ រាជធានី​ភ្នំពេញ​មាន ១១ ៧២៤ កន្លែង ក្នុង​នោះ​ផ្នែក​ឧស្សាហកម្ម ៩ ៧៤៣ កន្លែង និង​ផ្នែក​សេវាកម្ម ១ ៩៨១ កន្លែង។ ខេត្ត​កំពង់ឆ្នាំង​មាន​តម្រូវការ​ផ្នែក​ឧស្សាហកម្ម​ចំនួន ១០ ៣០០ កន្លែង។

ខេត្ត​ស្វាយរៀង​មាន​ចំនួន ៦ ៨៨៣ កន្លែង ក្នុង​នោះ​វិស័យ​ឧស្សាហកម្ម​មាន ៥ ៤៨៦ កន្លែង និង​សេវាកម្ម ១៣៩៧ កន្លែង។ ខេត្ត​កណ្តាល​មាន​តម្រូវការ​កម្លាំង​ពលកម្ម​វិស័យ​ឧស្សាហកម្ម ១ ៣០៧ កន្លែង។ ខេត្ត​តាកែវ​មាន ៣ ២១៨ កន្លែង ក្នុង​នោះ​វិស័យ​ឧស្សាហកម្ម ៣ ១៤១ កន្លែង និង​សេវាកម្ម ៧៧ កន្លែង។ ខេត្តបន្ទាយមានជ័យ​មាន​តម្រូវការ​កម្លាំង​ពលកម្ម ១ ០៤៤ កន្លែង ក្នុង​នោះ​ផ្នែក​វិស័យ​ឧស្សាហកម្ម ៥៩៥ កន្លែង និង​សេវាកម្ម ៤៤៩ កន្លែង។ ខេត្ត​បាត់ដំបង​មាន​តម្រូវការ ៧៥៣ កន្លែង ក្នុង​នោះ​ផ្នែក​ឧស្សាហកម្ម​ចំនួន ៥៤២ កន្លែង និង​សេវាកម្ម ២១ កន្លែង និង​ខេត្ត​ផ្សេងៗ មាន ២ ២៦៨ កន្លែង ក្នុង​នោះ​ឧស្សាហកម្ម​មាន ១ ១០៧ កន្លែង សេវាកម្ម ៨១៤ កន្លែង និង​កសិកម្ម ៣៤៧ កន្លែង។

ក្រសួង​ការងារ បាន​បន្ត​ទៀត​ថា កម្លាំង​ពលកម្ម​ជិត ៦ ម៉ឺន​កន្លែង នឹង​ត្រូវ​បែងចែក​ទៅតាម​ប្រភេទ​មុខរបរ​ចំនួន ១០ រួមមាន អ្នកបញ្ជា​ម៉ាស៊ីនដេរ​ចំនួន ៣៩ ៩៥៤ កន្លែង កម្មករ​ចម្ការ​ដំណាំ​ចំនួន ៧ ៣៨៨ កន្លែង កម្មករ​ក្នុង​ផលិតកម្ម​ចំនួន ២ ៤១២ កន្លែង អ្នកធ្វើការ​ក្នុង​កាស៊ីណូ ១ ៣៨១ កន្លែង មន្ត្រី​ឥណទាន និង​កម្ចី​ប្រាក់ ៦៥៦ កន្លែង អ្នក​ជួយ​ការងារ​នៅ​កន្លែង​ចម្អិន​អាហារ ៥២០ កន្លែង អ្នក​បញ្ជា​ម៉ាស៊ីន​កន្លែង​ផលិត​ផលិតផល​ធ្វើ​ពី​ក្រណាត់ និង​រោមសត្វ ៥០០ កន្លែង អ្នកធ្វើការ​ផ្នែក​សិប្បកម្ម​ខាង​សម្ភារៈ​វាយនភណ្ឌ​ធ្វើ​ពី​ស្បែក ៥០០ កន្លែង អ្នក​លក់ដូរ​តាម​ការ​ទំនាក់ទំនង​ចំនួន ៤៦០ កន្លែង អ្នក​ប្រមូល​បំណុល និង​អ្នក​ធ្វើការ​ពាក់ព័ន្ធ​ចំនួន ៣៦១ កន្លែង និង​មុខរបរ​ផ្សេងៗ ៤ ៥៥៦ កន្លែង៕