ក្រុមហ៊ុនធំៗ១០ បន្តសហការជាមួយ NEA ដោយនាំយកឱកាសការងារ ១៣១៥ កន្លែងសម្រាប់យុវជនក្នុងវេទិកាការងារ

2024-08-27
864

ឱកាសការងារថ្មីបន្ថែមទៀតសរុប ១៣១៥ កន្លែង នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ និងកម្មសិក្សាការងារ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃប្រពហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។

្កក្រុមហ៊ុនទាំង១០ដែលនឹងចូលរួមក្នុងវេទិកាការងារនេះរួមមាន៖ ផ្សារទំនើប ម៉ាក្រូ, ផ្សារទំនើប AEON, ក្រុមហ៊ុន ELEVEN១, មីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន អេលីហ្គេន ហ្វាម៉ិន ឯ.ក, ក្រុមហ៊ុន AMK, សណ្ឋាគារ KVL, ក្រុមហ៊ុន BS Land&Home, ធនាគារ ABA និងក្រុមហ៊ុន TRUMP។

លោកស្រី ពេជ្រ ធីតា ប្រធានផ្នែកសម្ភាសន៍ និងបង្ហាត់បង្រៀននៃផ្សារទំនើប ម៉ាក្រូ លើកឡើងថាវេទិកាការងារ និងកម្មសិក្សាការងារ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការនាំយកឱកាសការងារជូនដល់អ្នកស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ។ លោកស្រីបន្ថែមថា ចំណុចពិសេស គឺអ្នកចូលរួមស្វែងរកការងារអាចដាក់ CV របស់ពួកគាត់តាមក្រុមហ៊ុនដែលគាត់ស្រឡាញ់ ព្រោះមានក្រុមហ៊ុនច្រើននឹងចូលរួមក្នុងវេទិកាការងារដែលរៀបចំឡើងដោយ NEA នេះ។

លោកស្រី ធីតា បានបញ្ជាក់បន្ថែមថា ផ្សារទំនើប ម៉ាក្រូ មានឱកាសការងារជាច្រើនសម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារនាថ្ងៃទី២៩ ខាងមុខនេះ និងអំពាវនាវឲ្យយុវជនត្រៀម CV ចូលរួមដាក់ពាក្យឲ្យបានច្រើន។ លោកស្រីធីតា ក៏បានថ្លែងអំណរគុណចំពោះ NEA ដែលតែងតែរកគ្រប់វិធីសាស្ត្រល្អៗក្នុងការបង្កើតកម្មវិធីវេទិកាការងារនេះឡើង ដើម្បីសម្រួលដល់ការជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុន។ ជាមួយគ្នានេះដែរ តំណាងផ្សារម៉ាក្រូរូបនេះ សង្ឃឹមយ៉ាងមុតមាំថា ម៉ាក្រូ នឹងក្លាយជាដៃគួរសហការយ៉ាងជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀតជាមួយគ្នាក្នុងទិសដៅយូរអង្វែងដើម្បីផ្តល់ឱកាសការងារកាន់តែទូលំទូលាយដល់យុវជនកម្ពុជា។

យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ NEA តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕