កម្ពុជា មានតម្រូវការកម្លាំងពលកម្មក្នុងស្រុកជាង ៥ ម៉ឺនកន្លែង សម្រាប់បម្រើវិស័យធំៗ ៣

2024-10-07
144

គិត​ត្រឹម​ថ្ងៃ​ទី​ ០៤ ​ខែតុលា ​ឆ្នាំ​ ២០២៤ ​នេះ ​កម្ពុ​ជា មាន​តម្រូវការ​កម្លាំង​ពលកម្ម​ក្នុងស្រុក​ប្រមាណ​ជាង​ ៥​ ម៉ឺន​កន្លែង​ សម្រាប់​បម្រើ​ទៅលើវិស័យ​ធំៗ​ ចំនួន ​៣ ​រួមមាន ​វិស័យ​ឧស្សាហកម្ម សេវាកម្ម និង​កសិកម្ម។

បើតាម​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹងថា ក្រសួង​មាន​តម្រូវការ​កម្លាំង​ពលកម្ម​សរុប ៥១ ៧០៥​ កន្លែង ​នៅក្នុង​វិស័យ​ធំៗ ​ចំនួន​ ៣ ​រួមមាន វិស័យ​ឧស្សាហកម្ម​ត្រូវការ​កម្លាំង​ពលកម្ម​ចំនួន ៣៩ ០១៧​ កន្លែង វិស័យ​សេវាកម្ម​ត្រូវការ​កម្លាំង​ពលកម្ម​ចំនួន ២ ៨០១​ កន្លែង និង​វិស័យ​កសិកម្ម ៩ ៨៨៧ កន្លែង។

ក្នុងនោះ​នៅ​ខេត្ត​រតនគីរី មាន​តម្រូវការ​ផ្នែក​កសិកម្ម​ចំនួន​ ៤ ៥៥០​ កន្លែង ខេត្តកំពង់ស្ពឺ មាន​តម្រូវការ​កម្លាំង​ពលកម្ម​ផ្នែក​ឧស្សាហកម្ម​ ១១ ១៧១ ​កន្លែង។ ខេត្តកំពង់ឆ្នាំង​មាន​តម្រូវការ​ផ្នែក​ឧស្សាហកម្ម​ ១០ ២០០ ​កន្លែង​។ រាជធានី​ភ្នំពេញ​មាន​ ៩ ៧៦៨ ​កន្លែង ក្នុងនោះ​ផ្នែក​ឧស្សាហកម្ម ៧ ៩៨៦ ​កន្លែង ​និង​ផ្នែក​សេវាកម្ម​ ១ ៧៦២ ​កន្លែង​។ ខេត្តស្វាយរៀង​មាន​ចំនួន​ ៤ ៦៩៦ កន្លែង ​ក្នុងនោះ​វិស័យ​ឧស្សាហកម្ម​មាន​ ៤ ៥១៥ ​កន្លែង​ និង​សេវាកម្ម​ ១៨១ ​កន្លែង។ ខេត្តកណ្តាល​មាន​តម្រូវការ​កម្លាំង​ពលកម្ម​វិស័យ​ឧស្សាហកម្ម ៣ ០៥៨ កន្លែង។

ខេត្ត​ក្រចេះ​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ ៣ ០០៤ កន្លែង ​ក្នុងនោះ​ផ្នែក​សេវាកម្ម ​៤​ កន្លែង ​និង​កសិកម្ម​ ៣ ០០០​ កន្លែង។ ខេត្ត​ស្ទឹងត្រែង​មាន​តម្រូវការ​ ២ ៣១៥ ​កន្លែង ​ក្នុងនោះ​ផ្នែក​សេវាកម្ម ១៥ កន្លែង ​និង​កសិកម្ម​ ២ ៣០០​ កន្លែង​។ ខេត្តតាកែវ​មាន​តម្រូវការ​ឧស្សាហកម្ម​ ១ ៤៦៥ កន្លែង។ ខេត្ត​បន្ទាយមានជ័យ​មាន​តម្រូវការ​កម្លាំង​ពលកម្ម ​៩០៤​ កន្លែង ​ក្នុងនោះ​ឧស្សាហកម្ម​មាន​ ៥៤៧​ កន្លែង និង​សេវាកម្ម​ ៣៥៧ ​កន្លែង​ និង​ខេត្ត​ផ្សេងៗ​ មាន ​៥៧៤ ​កន្លែង​ ក្នុងនោះ​មាន​ឧស្សាហកម្ម​ ៧៥ ​កន្លែង សេវាកម្ម​ ៤៦២ ​កន្លែង និង​កសិកម្ម​ ៣៧​ កន្លែង។

ក្រសួង​ការងារ​ បាន​បន្តទៀតថា កម្លាំង​ពលកម្ម​ជាង ​៥ ​ម៉ឺន​កន្លែង នឹងត្រូវ​បែងចែក​ទៅតាម​ប្រភេទ​មុខរបរ​ចំនួន​ ១០​ រួមមាន អ្នកបញ្ជា​ម៉ាស៊ីនដេរ​ចំនួន ​៣២ ៧១៧ ​កន្លែង កម្មករ​ចម្ការ​ដំណាំ​ចំនួន ៩ ០៥៧​ កន្លែង​ កម្មករ​ក្នុង​ផលិតកម្ម​ចំនួន ​១ ៥៦៥ កន្លែង ត្រួតពិនិត្យ​ដំណើរ​ការផលិត​លោហធាតុ ១ ២៣០ កន្លែង អ្នកធ្វើ​ការដែល​ពាក់ព័ន្ធ​នឹង​ផលិតផល​ស្បែកជើង​ ៨០០ ​កន្លែង កម្មករ​វេច​ខ្ចប់​ដោយ​ដៃ​ចំនួន ​៦៤០ ​កន្លែង ផ្នែក​ដំឡើង​ដែល​មិន​ធ្វើ​ចំណាត់ថ្នាក់​ ៦០​ កន្លែង​ មន្ត្រី​ឥណទាន និង​កម្ចី​ប្រាក់ ៥៤៦​ កន្លែង អ្នក​ជួសជុល​ និង​អ្នកបញ្ជា​ឧបករណ៍​ម៉ាស៊ីន​ឈើ​ចំនួន​ ៥០៤​ កន្លែង អ្នកបញ្ជា​ម៉ាស៊ីន​កន្លែង​ផលិត​ផលិតផល​ធ្វើ​ពី​ក្រណាត់​ និង​រោមសត្វ​ ៥០០ ​កន្លែង ​និង​មុខរបរ​ផ្សេងៗ​ ៣ ៥៤៣ កន្លែង៕