ក្រុមហ៊ុនធំៗ២០ នឹងផ្តល់ឱកាសការងារជាង ៥ពាន់កន្លែងសម្រាប់យុវជននៅក្នុងពិព័រណ៌ការងារ និងមគ្គទេសក៍អាជីព រយៈពេល៣ថ្ងៃនៅផ្សារទំនើប AEON MALL សែនសុខ

2024-08-12
1052

ដើម្បីអបអរសាទរការបើកដំណើរការ សាខាបេឡាជាតិសន្តិសុខសង្គម និងមជ្ឈមណ្ឌលការងារ នៅផ្សារទំនើប AEON សែនសុខ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ និងសមាគមសហព័ន្ធសិស្សនិស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គាំទ្រដោយ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព អមដោយការបម្រើសេវាកាហ្វេរ៉ូបូត (Robot Coffee) រយៈពេល ៣ថ្ងៃ ជាប់គ្នា គឺនៅថ្ងៃទី១៦ ទី១៧ និងទី១៨ ខែសីហា ឆ្នាំ២០២៤ នៅក្នុងផ្សារទំនើប អ៊ីអន សែនសុខ ចាប់ពីម៉ោង ៩:០០នាទីព្រឹក ដល់ ៨:០០នាទីយប់ ជាមួយឱកាសការងារជាង ៥ពាន់កន្លែង សម្រាប់ឲ្យយុវជន និងអ្នកស្វែងរកការងារអាច ដាក់ពាក្យស្វែងរកការងារដោយផ្ទាល់ និងធ្វើការសម្ភាសភ្លាមៗ។

ពិព័រណ៍ការងារនេះ នឹងនាំមកនូវក្រុមហ៊ុនធំៗចំនួន ២០ ដែលនឹងផ្តល់ឱកាសការងារជាង ៥ពាន់ កន្លែងក្នុងវិស័យសំខាន់ៗដូចជា៖ វិស័យធនាគារ គ្រឹះស្ថានមីក្រូហិញ្ញវត្ថុ និងធានារាប់រង វិស័យអចលនវត្ថុ វិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច វិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍ វិស័យលក់ដុំនិងលក់រាយ វិស័យសេវាកម្មផ្សេងៗ និងវិស័យឧស្សាហកម្ម។

កញ្ញា ម៉េច សុជាតា ប្រធានផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន EFG បានលើកឡើងថាការចូលរួមពិព័រណ៌ការងារ នៅផ្សារទំនើប AEON ខាងមុខនេះ នឹងផ្តល់លទ្ធភាពដល់ក្រុមហ៊ុនមានឱកាសទាក់ទាញបេក្ខជនដែលមានទេពកោសល្យ ពិសេសអាចបង្ហាញពីកិត្តិនាមរបស់ក្រុមហ៊ុនទៅកាន់សាធារណជនទូទៅ និងអាចបង្កើតបណ្តាញទំនាក់ទំនងល្អជាមួយក្រុមហ៊ុនដែលនឹងចូលរួមក្នុងពិព័រណ៌ការងារនេះផងដែរ។

កញ្ញា បន្ថែមទៀតថា ការរៀបចំពិព័រណ៌ការងារ ក៏ដូចជាការបង្កើតឲ្យមានមជ្ឈមណ្ឌលការងារនៅតាមផ្សារទំនើបនេះ គឺយុទ្ធសាស្ត្រមួយថ្មីបន្ថែមទៀតរបស់ NEA ក្នុងការផ្តល់ភាពកាន់តែងាយស្រួលថែមទៀតសម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ក្នុងការដាក់ពាក្យស្វែងរកការងារនៅទីតាំងដែលមានប្រជាប្រិយភាពនៅផ្សារទំនើប អ៊ីអន នេះ។ កញ្ញាស្រីបញ្ជាក់ថា៖ «នាងខ្ញុំពិតជាសរសើរ NEA ណាស់ដែលបានរកគ្រប់វិធីសាស្ត្រជាច្រើនសំដៅជួយដល់យុវជនឱ្យបានស្គាល់ពីក្រុមហ៊ុន ពិសេសបានដឹងពីព័ត៌មានឱកាសការងារជាច្រើននៅកម្ពុជា»។

ជាមួយគ្នានេះដែរ លោក រ៉េត សាគា ប្រធានផ្នែកជ្រើសរើសបុគ្គលិក និងផ្សព្វផ្សាយក្រុមហ៊ុន ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី បានលើកឡើងថា៖ «ខ្ញុំមើលឃើញថាពិព័រណ៌ការងារនៅតាមផ្សារទំនើបនេះ ពិសេសផ្សារទំនើប AEON គឺជារបត់ថ្មីមួយទៀតក្នុងការនាំយកឱកាសការងារដល់កន្លែងមួយដែលផ្តល់ភាពកាន់តែងាយស្រួលសម្រាប់យុវជន និងសាធារណជនទូទៅក្នុងការមកទទួលសេវាផ្សេងៗពី NEA»។

គួរបញ្ជាក់ផងដែរថា នៅក្នុងពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពរយៈពេលបីថ្ងៃនេះ យុវជននិងសាធារណជន ក៏អាចទទួលបានការផ្តល់សេវាកាហ្វេ Robot Coffee ដ៏ភ្ញាក់ផ្អើល ដែលបង្កើតដោយស្នាដៃកូនខ្មែរ ព្រមទាំងអាចចុះឈ្មោះចូលរៀន ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសណាមួយ ដែលជាកម្មវិធីអាទិភាពមួយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាទៀតផង។ លើសពីនេះ យុវជន និងសាធារណជនទូទៅ ដែលមានគ្រប់លក្ខខណ្ឌអាចមកចុះឈ្មោះធ្វើប័ណ្ណ ប.ស.ស. នៅសាខា ប.ស.ស. នៅជាន់ទី២ និងអាចដាក់ឯកសារទូទាត់សំណងអត្ថប្រយោជន៍របបសន្តិសុខសង្គមបាន នៅសាខា ប.ស.ស. ព្រមទាំងអាចចូលរួមកំសាន្តជាមួយក្រុមតន្ត្រីនាពេលល្ងាច ជាមួយឱកាសទទួលបានរង្វាន់ជាច្រើនពីការឆ្លើយសំណួរងាយៗ ក្នុងព្រឹត្តិការណ៍នេះផងដែរ។

ហេតុដូចនេះ សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ដែលចង់ស្វែងរកការងារ សូមរៀបចំ CV ដើម្បីត្រៀមដាក់ពាក្យ និងសម្ភាសភ្លាមៗ ជាមួយតំណាងក្រុមហ៊ុនធំៗទាំង២០ ដើម្បីអាចទទួលបានលទ្ធផលទទួលបានការងារភ្លាមៗតែម្តង។ ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ Hotline ១២៩៧ ១២៨៦ ឬ 016 78 66 55 ឬ 077 23 23 78 (Telegram)៕