ប.ស.ស នឹងចុះបញ្ជីសមាជិក ប.ស.ស ចល័ត នៅតាមបណ្តារាជធានី-ខេត្តធំៗ ចំនួន ៥

2024-09-10
39

ប​.​ស​.​ស​. នឹង​ចុះបញ្ជី​សមាជិក ប​.​ស​.​ស​. ចល័ត​នៅ​គោលដៅ​ធំៗ ចំនួន ៥ រួមមាន រាជធានី​ភ្នំពេញ ខេត្ត​បាត់ដំបង ខេត្តកំពង់ចាម ខេត្តតាកែវ និង​ខេត្តសៀមរាប ដែលមាន​ទីតាំង​សរុប​ចំនួន ២៧ កន្លែង​ ដើម្បី​បង្ខិត​សេវា​ឱ្យ​កាន់តែ​កៀក​ប្រជាពលរដ្ឋ។

គម្រោង​ចុះបញ្ជី​ចល័ត​នេះ​ធ្វើឡើង​តាមរយៈ​កិច្ចព្រមព្រៀង​លើ​គម្រោង​ស្ដីពី​ការពង្រីក​ការចុះបញ្ជី​សមាជិក ប​.​ស​.​ស​. រវាង ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​ពី​សហភាព​អឺរ៉ុប (EU)។

លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ ប​.​ស​.​ស​.​ បានឱ្យដឹងថា កិច្ច​ព្រមព្រៀង​នេះ​គឺជា​ជំហាន​បន្ត​ថ្មី​មួយ ដែល​អាច​បង្ខិត​សេវា​របស់ ប​.​ស​.​ស​. កាន់តែ​ទូលំទូលាយ និង​ខិត​ទៅ​កាន់តែ​កៀក​ប្រជាពលរដ្ឋ ដែល​ជា​ក្រុម​គោលដៅ ក្នុង​នោះ​រួមមាន ម្ចាស់​សហគ្រាស គ្រឹះស្ថាន​ដែលមាន​កម្មករ-និយោជិត ​ចាប់ពី​ម្នាក់​ឡើង​, បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស​. អាច​ចុះបញ្ជី និង​ទទួលបាន​ប័ណ្ណសមាជិក ប​.​ស​.​ស​. ភ្លាមៗ​នៅនឹងកន្លែង។

តាមរយៈ​គម្រោង​នេះ នឹង​ក្លាយជា​យន្តការ​អនុវត្ត​យូរអង្វែង​ទៅមុខទៀត​របស់ ប​.​ស​.​ស ព្រោះ​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​ឱ្យ​ចំនួន​សមាជិក ប​.​ស​.​ស​. បន្ត​កើន​ឡើងជា​បន្តបន្ទាប់ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឆ្នាំ ​២០២៤-២០២៨ និង​ឆ្លើយតប​ទៅនឹង​ផែនទី​បង្ហាញផ្លូវ​ឆ្ពោះទៅ​ការ​គ្របដណ្ដប់​សុខភាព​ជា​សកល​នៅ​កម្ពុជា ឆ្នាំ ២០២៤-២០៣៥ ដែល​ដាក់ចេញ​ដោយ​ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក Koen EVERAERT អនុប្រធាន​សហ​ប្រតិបត្តិការ នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ​បាន​សម្ដែង​ក្ដី​រីករាយ​ចំពោះ​ការ​រីកចម្រើន ​នៃ​ប្រព័ន្ធ​សន្តិសុខ​សង្គម​កម្ពុជា ព្រមទាំង​គម្រោងការ​ពង្រីក​ការ​ចុះបញ្ជី​សមាជិក ប​.​ស​.​ស​. នាពេលនេះ ជាការ​ផ្ដល់នូវ​ទំនុកចិត្ត និង​ភាពងាយស្រួល​បន្ថែមទៀត ដល់​ការធានាបាន​នូវ​សុខុមាលភាព​របស់​កម្មករ-និយោជិត​, បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស។

ជាមួយគ្នានេះ លោកស្រី Xiaoyan QIAN នាយិកា​ នៃ​ការិយាល័យ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ប្រចាំ​កម្ពុជា ឡាវ និង​ថៃ បានឱ្យដឹង​ដែរ​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​មួយ​ដែល​នាំមុខគេ​ក្នុង​ចំណោម​ប្រទេស​ទាំង​ ៥​ ក្នុង​អាស៊ាន ដែល​បាន​ចូលរួម​អនុវត្ត​យ៉ាង​ល្អប្រសើរ​ក្នុងការ​អនុវត្ត​របប​សន្តិសុខ​សង្គម តាមរយៈ​កិច្ចសហការ​ជាមួយគ្នា​ក្នុង​រយៈពេល ១៦ ​ឆ្នាំ ​កន្លងមកនេះ។

លោកស្រី Xiaoyan QIAN ក៏បាន​អំពាវនាវ​ដល់ ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កម្ពុជា បន្ត​ពង្រឹង​ការអនុវត្ត​ប្រព័ន្ធ​សន្តិសុខ​សង្គម​របស់​ខ្លួន និង​ពង្រីក​ការ​គ្របដណ្ដប់​សន្តិសុខ​សង្គម​ដល់​គ្រប់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស៕