១ សប្ដាហ៍ ក្រសួងការងារ មានតម្រូវការកម្លាំងពលកម្មក្នុងស្រុក ជាង ៥ ម៉ឺនកន្លែង សម្រាប់បម្រើលើវិស័យធំៗ ៣

2024-09-10
37

នៅក្នុង​ ១ ​សប្ដាហ៍​នេះ ​ពោលគឺ​ចាប់ពី​ថ្ងៃទី​ ៩​ ដល់​ថ្ងៃទី ​១៥​ ខែកញ្ញា​ ឆ្នាំ ​២០២៤​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ មាន​តម្រូវការ​កម្លាំង​ពលកម្ម​ក្នុងស្រុក​ចំនួន​ ៥៤ ៨៧៧​ កន្លែង​ សម្រាប់​បម្រើ​ទៅលើវិស័យ​ធំៗ​ ចំនួន ​៣ ​រួមមាន​ វិស័យ​ឧស្សាហកម្ម សេវាកម្ម និង​កសិកម្ម។

បើតាម​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹងថា ​ក្នុងចំណោម​កម្លាំង​ពលកម្ម​ចំនួន ៥៤ ៨៧៧ ​កន្លែង ​ក្នុងនោះ ​វិស័យ​ឧស្សាហកម្ម​មាន​ចំនួន​ ៤២ ២១៦ កន្លែង វិស័យ​សេវាកម្ម​មាន​ចំនួន ​៤ ៦២៣ ​កន្លែង និង​វិស័យ​កសិកម្ម​មាន​ចំនួន​ ៨ ០៣៨ កន្លែង។ ក្នុងនោះ​ ខេត្តកំពង់ស្ពឺ មាន​តម្រូវការ​កម្លាំង​ពលកម្ម​ផ្នែក​ឧស្សាហកម្ម​ ១៣ ៣៣៩ កន្លែង។ ខេត្តកំពង់ឆ្នាំង​មាន​តម្រូវការ​ផ្នែក​ឧស្សាហកម្ម​ចំនួន​ ១០ ៣០០ កន្លែង។ រាជធានី​ភ្នំពេញ​មាន​ ៧ ៧៧២ កន្លែង ក្នុង​នោះ​ ផ្នែក​ឧស្សាហកម្ម ​៦ ១៩៤ ​កន្លែង ​និង​ផ្នែក​សេវាកម្ម​ ១ ៥៧៨ កន្លែង។ ខេត្តស្វាយរៀង​មាន​ចំនួន​ ៦ ២៧២​ កន្លែង​ ក្នុងនោះ​វិស័យ​ឧស្សាហកម្ម​មាន​ ៥ ០៣០​ កន្លែង ​និង​សេវាកម្ម​ ១ ២៤២ កន្លែង។ ខេត្ត​រតនគីរី មាន​តម្រូវការ​ផ្នែក​កសិកម្ម​ចំនួន​ ៤ ៥៥០ ​កន្លែង​។ ខេត្ត​ក្រចេះ​មាន​តម្រូវការ​ ៣ ០២៩ កន្លែង ក្នុងនោះ​ ផ្នែក​កសិកម្ម​ ៣ ០២៥ កន្លែង និង​សេវាកម្ម ​៤​ កន្លែង។ ខេត្តតាកែវ​មាន​តម្រូវការ​ចំនួន ២ ៩៩៩​ កន្លែង ​ក្នុងនោះ​ផ្នែក​ឧស្សាហកម្ម​ចំនួន​ ២ ៩៦៧​ កន្លែង​ និង​សេវាកម្ម​ ៣២​ កន្លែង។​

ខេត្តកំពង់ចាម​មាន​តម្រូវការ​ពលកម្ម​ ១ ៨៣៧ ​កន្លែង ​ក្នុងនោះ​ផ្នែក​ឧស្សាហកម្ម ​១ ៨០០​ កន្លែង ​និង​សេវាកម្ម​ ៣៧​ កន្លែង។ ខេត្តកណ្តាល​មាន​តម្រូវការ​កម្លាំង​ពលកម្ម​វិស័យ​ឧស្សាហកម្ម​ ១ ៦៩៨ កន្លែង។ ខេត្តបន្ទាយមានជ័យ​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ ១ ០៥៦ ​កន្លែង​ ក្នុងនោះ​ផ្នែក​វិស័យ​ឧស្សាហកម្ម​ ៣៣៣ ​កន្លែង សេវាកម្ម​ ៧២២​ កន្លែង​ និង​កសិកម្ម​ ១ ​កន្លែង។ ខេត្តបាត់ដំបង​មាន​តម្រូវការ​ ៧៥៣ ​កន្លែង​ ក្នុងនោះ​ផ្នែក​ឧស្សាហកម្ម​ចំនួន ​៥៤២ ​កន្លែង​ និង​សេវាកម្ម​ ២១​ កន្លែង ​និង​ខេត្ត​ផ្សេងៗ​ មាន ​២ ០២៥​ កន្លែង​ ក្នុងនោះ​ឧស្សាហកម្ម​មាន​ ៥៥៥ ​កន្លែង សេវាកម្ម​ ១០៨ ​កន្លែង និង​កសិកម្ម​ ៤៦២​ កន្លែង។

ក្រសួង​ការងារ​បាន​បន្តទៀតថា កម្លាំង​ពលកម្ម​ជិត​ ៦​ ម៉ឺន​កន្លែង នឹងត្រូវ​បែងចែក​ទៅតាម​ប្រភេទ​មុខរបរ​ចំនួន​ ១០​ រួមមាន អ្នកបញ្ជា​ម៉ាស៊ីនដេរ​ចំនួន​ ៣៥ ១៩៩​ កន្លែង កម្មករ​ចម្ការ​ដំណាំ​ចំនួន ៧ ១០០​ កន្លែង​ កម្មករ​ក្នុង​ផលិតកម្ម​ចំនួន​ ២ ០៨៥ ​កន្លែង អ្នកធ្វើការ​ក្នុង​កាស៊ីណូ​ ១ ៤២៩​ កន្លែង អ្នក​បញ្ជា​ម៉ាស៊ីន​ធ្វើ​ស្បែកជើង​ ១ ២៨១​ កន្លែង មន្ត្រី​ឥណទាន និង​កម្ចី​ប្រាក់ ​៧៥៣ ​កន្លែង អ្នកបញ្ជា​ម៉ាស៊ីន​កន្លែង​ផលិត​ផលិតផល​ធ្វើ​ពី​ក្រណាត់​និង​រោមសត្វ​ ៥២០​ កន្លែង អ្នកធ្វើការ​ផ្នែក​សិប្បកម្ម​ខាង​សម្ភារៈ​វាយនភណ្ឌ​ធ្វើ​ពី​ស្បែក​ ៥០០​ កន្លែង អ្នកបញ្ជា​គ្រឿងចក្រ​ផលិត​ថាមពល​ ៤៥៦​ កន្លែង អ្នកធ្វើ​ស្បែកជើង​ និង​អ្នកធ្វើ​ដែល​ពាក់ព័ន្ធ​ ៣៨១ ​កន្លែង ​និង​មុខរបរ​ផ្សេងៗ ​៥ ១៧៣ កន្លែង៕